CamNews

តារា 

សុគន្ធ នីសា ត្រៀមខ្លួន​បង្ហើរ​សំនៀង ​ក្នុង​មង្គលការ​ គិត ម៉េង និង ស្រីតូច ចំណាន

ភ្នំពេញ៖ ថ្មីៗនេះ ប្រភពព័ត៌មាន ពីសំណាក់តារាល្បីៗ ក្នុងប្រទេសកម្ពុជា បានព្រលយឲ្យដឹងថា ពួកគេមិនត្រូវបាន លោកជំទាវស្រីតូច ចំណាន អញ្ញើញឲ្យចូលរួមក្នុងពិធីមង្គលការរបស់នាង និងស្វាមីគឺអ្នកឧកញ៉ា គិត ម៉េង នោះឡើយ ព្រោះតាមព័ត៌មានខាងលើបង្ហើបថា លោកឧកញ៉ារូបនេះ មិនចង់ឲ្យភរិយា របស់ខ្លួន មានទំនាក់ទំនងជាមួយ អ្នកសិល្បៈទៀតទេ ទោះបីជាកន្លងមក ស្រីតូច ចំណាន ធ្លាប់មានប្រវត្តិ ជាអ្នកសិល្បៈល្បីក៏ដោយ ។

ប៉ុន្តែថ្មីៗនេះ តារាចម្រៀងស្រីស្រគត់ស្រគំ សុគន្ធ នីសា ត្រូវបានគេដឹងថា ទទួលបានការអញ្ជើញជាកិត្តិយស ចូលរួម ក្នុងពិធីមង្គលការដ៏អស្ចារ្យ របស់អ្នកឧកញ៉ា គិត ម៉េង និង ស្រីតូច ចំណាន ហើយនាងក៏កំពុងតែត្រៀមខ្លួន រួចជាស្រេចហើយដែរ ដើម្បីអបអរសាទរ ពិធីមង្គលជ័យ ដែលប្រមូលផ្ដុំទៅដោយ មន្ត្រីធំៗថ្នាក់ដឹកនាំកំពូលៗ ក្នុងរដ្ឋាភិបាល និងឧកញ៉ាល្បីៗក្នុងប្រទេសកម្ពុជា ។

ប្រភពដ៏ជិតស្និទ្ធបំផុត របស់ សុគន្ធ នីសា តារាចម្រៀងស្រីមុខស្រស់ញញឹមស្អាត បានប្រាប់ LookingTODAY ថា សុគន្ធ នីសា បានត្រៀមខ្លួនរួចរាល់ ក្នុងការបង្ហើរសំនៀងដ៏ក្រអួនក្រអៅ របស់នាង ក្នុងដ៏ពិសិដ្ឋខាងមុខនេះ ។ ពិសេសជាងនេះ នីសា ក៏ត្រៀមឈុតយ៉ាងល្អឥតខ្ចោះ ដើម្បីឲ្យស័ក្តិសម ជាមួយកិត្តិយសម្ចាស់ពិធីផងដែរ ។ ដោយឡែកសំណួរទាក់ទងនឹងតម្លៃខ្លួន នីសា ចូលរួមច្រៀង ក្នុងកម្មវិធីមង្គលការនោះ មិនត្រូវបានបង្ហើបឲ្យដឹងទេ។ តែកន្លងមក អ្នកឧកញ៉ា គិត ម៉េង មិនមែន មិនធ្លាប់ហៅអ្នកសិល្បៈ ឲ្យចូលរួមកម្មវិធីរបស់ខ្លួនឡើយ ពោលគឺហៅហូរហែ តាំងពីខួបកំណើត នឹងជប់លៀងផ្សេងៗជាដើម។

ប្រភពពីអ្នកសិល្បៈ ធ្លាប់ទៅចូលរួម បាននិយាយថា អ្នកធំ អ្នកតូច បានលុយដូចគ្នា មានន័យថា តម្លៃមិនខុសគ្នាឡើយ ព្រោះអ្នកមាន មិនមែនទូលាយគ្រប់រឿងនោះទេ ។ បើតាមតម្លៃ ក្នុងការច្រៀងរបស់ សុគន្ធ នីសា ក្នុងរោងការ ពេលល្ងាចអាច បានប្រហែលជា១ពាន់ដុល្លារ ។ ប៉ុន្តែតម្លៃក្នុងល្ងាច ថ្ងៃទី២០មីនា ជាមង្គលការដ៏អស្ចារ្យ ក៏មិនខុសពីគ្នាដែរ គ្រាន់តែមានឈ្មោះថា ទៅច្រៀងក្នុងកម្មវិធី មហាសេដ្ឋីស្រុកខ្មែរ និងអតីតអ្នកសិល្បៈប៉ុណ្ណោះ ។

ក្រៅពីសុគន្ធ និសា មិនទាន់ដឹងថា អ្នកសិល្បៈណា អាចមានវត្តមានទៀតនោះទេ ព្រោះមិនទាន់មានអ្នកណា ចេញមុខនិយាយអ្វី ទាក់ទងទៅនឹងកម្មវិធីដ៏មហាឱឡារឹកនេះទេ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh