CamNews

តារា 

អុញម៉េចចឹង! យ៉ុង ច័ន្ទកណ្ណិកា សប្បាយ​ចិត្ត​​ដូច​​បាន​​ធ្វើ​បុណ្យ​​៧​វត្ត ពេលបាន​​ខោកក្បាល​​ឆ្កែ

(ភ្នំពេញ)៖ ជាលើកទី១ហើយ ក្នុងសង្គមសិល្បៈ ខណៈដែលតារាចម្រៀងចាស់វស្សា សំឡេងពីរោះរណ្តំចិត្ត អ្នកនាង យ៉ុង ច័ន្ទកណ្ណិកា បានផ្ទុះកំហឹងបញ្ចេញអារម្មណ៍ខឹងខ្លាំងៗ ទៅលើមនុស្សម្នាក់ ដែលគេដឹងថា ជាអ្នកសិល្បៈរួមអាជីពដូចគ្នា ព្រោះតែគេបានយក​​រឿងរ៉ាវ​ឯកជនផ្ទាល់ខ្លួន របស់នាង ដើរនិយាយហែកហួរ ប្រាប់ដល់អ្នកផ្សេងក្នុងបំណងបង្ខួចកិត្តិយស និងកេរ្តិ៍ឈ្មោះឲ្យស្អុយរលួយ កាន់តែខ្លាំងឡើង។

តារាចម្រៀង យ៉ុង ច័ន្ទកណ្ណិកា បើតាមការកត់សម្គាល់ កន្លងមកនាងពុំធ្លាប់មានកើតជម្លោះ ជាមួយនឹងអ្នកផ្សេងៗ ឬអ្នកសិល្បៈដូចគ្នាទេ ក្រៅតែពីរឿងអាស្រូវទាក់ទងជីវិត ស្នេហាឯកជនរបស់ខ្លួននោះ។ ប៉ុន្តែថ្មីៗនេះ ស្រាប់តែតារាស្រីរូបនេះ បានបញ្ចេញប្រតិកម្ម​បង្ហាញពី​អារម្មណ៍ជាសារធាណៈ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ប្រាប់និងផ្តាំផ្ញើទៅភាគីនោះវិញថា «សុំកាន់បាតឲ្យអាត្មាសិន សុំខោកក្បាលឆ្កែឲ្យឮសូរសំឡេងឆ្កែព្រួសមួយសិន បានអស់ចិត្ត!»។

តាមរយៈអត្ថន័យខ្លឹមសារ ដែលត្រូវបានអ្នកនាង យ៉ុង ច័ន្ទកណ្ណិកា បានសរសេរបង្ហោះនៅលើហ្វេសប៊ុកនោះ បាននិយាយថា «យប់នេះជាយប់ដែលសប្បាយចិត្តបំផុត ព្រោះបានធ្វើអ្វីដែលគំយូរមកហើយ សប្បាយចិត្តដូចបានធ្វើបុណ្យ៧វត្តអ៉ីចឹង ដឹងបុណ្យ​និងបាបចែក​ចេញជាពីរ ទោះបីខ្ញុំមិនដែលស្តាប់ធម៌ក៏ដោយ តែកាន់បាតឲ្យអាត្មាសិន សុំខោកក្បាលឆ្កែឲ្យឮសូរ សំឡេងឆ្កែព្រួសមួយសិន បានអស់​ចិត្ត!»

ជាមួយគ្នានេះ អ្នកនាង យ៉ុង ច័ន្ទកណ្ណិកា បានបន្ថែមថា «បញ្ជាក់ ឆ្កែនេះមិនមែនឆ្កែធម្មតាទេ ទម្រាំបានឲ្យវាព្រួសឮប៉ុណ្ណេះ ព្រោះវាមិន​ចេះ​ព្រួសទេ វានៅងឹមៗ តែក្រោមគ្រែទេ ប៉ុន្តែចាំតែខាំយកពីក្រោយខ្នងហ្មង បើមិនប្រយ័ត្នចាញ់បោកវាហើយ វាស្លូត តែនិងមុខយើងទេ គេហៅថា​ឆ្កែមាន​​ពិសពុលកំរិត ISO ដល់ពេលគេចាប់ខោកឲ្យធ្លុះខួរអ៉ីចឹងទៅ បានព្រួសថោកហួសថ្លែង បើមានពីរលើលោកវៃចោលមួយ មិនមែនថោកហួស ព្រោះស្នេហ៍ ប៉ុន្តែថោកហួស ព្រោះប៉ិនខាងធ្វើពុត និងរកតែល្បិចបោកគេ!»

ទោះបីជាយ៉ាងណាក៏ដោយ គេពុំបានស្គាល់អត្តសញ្ញាណ និង ដឹងច្បាស់ពីគោលបំណង របស់ភាគីជម្លោះ តែងនិយាយដើមហែកហួរ​តារាចម្រៀង​នាង យ៉ុង ច័ន្ទកណ្ណិកា នៅឡើយទេថា តើជាបុគ្គលរូបណាមានឈ្មោះ អ្វីនោះទេ។ ម្យ៉ាងទៀត គេក៏មិនទាន់ដឹងដែរថា រវាងអ្នកនាង យ៉ុង ច័ន្ទកណ្ណិកា ជាមួយនឹងមនុស្សម្នាក់នេះ ធ្លាប់មានជម្លោះ ឬបញ្ហាអ្វីនឹងគ្នា កាលពីមុននោះឡើយ ទើបឈានដល់មានការផ្ទុះជម្លោះបែបផ្សែង បែបនេះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង