(ភ្នំពេញ)៖ ថ្មីៗនេះមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងក្នុងបណ្ដាញសង្គម Facebook ខណៈដែលតារាបង្ហាញម៉ូដកម្ពុជា នាង គួយ ច័ន្ទដានិច្ច បានបង្ហាញរូបថតអាក្រាតកាយ(តារាម៉ូដែលប្រុសស្រាត) ក្នុងបណ្ដាញសង្គមរបស់ខ្លួន ស្រប់ពេលដែលកន្លងមក គេមិនដែលបានឃើញនាងថតរូបសិចស៊ី ដល់ថ្នាក់នេះឡើយ។
គួយ ច័ន្ទដានិច្ច បានបញ្ជាក់ក្នុងបណ្ដាញសង្គមរបស់ខ្លួនថា នេះជាលើកទី១ហើយ ដែលនាងហ៊ានបញ្ចេញរូបបែបនេះ ប៉ុន្តែវាមិនមានន័យថា អាសអាភាសទាំងស្រុងទេ ព្រោះជារូបថតបង្កប់ន័យបែបសិល្បៈ ហើយពេលមើលឃើញថា តារាប្រុសអង់គ្លេសនោះស្រាត គឺមិនស្រាតទាំងអស់ទេ ពោលមានការបិទបាំងកន្លែងសំខាន់ខ្លះៗដែរ ។
តារាម៉ូដែលរបស់កម្ពុជា គួយ ច័ន្ទដានិច្ច បានបង្ថែមទៀតថា មានទស្សនិកជនជាច្រើន អ្នកខ្លះយល់ថា រូបភាពនោះ ជារូបបែបបែបសិចស៊ី ហើយនាងក៏ទទួលស្គាល់ថា សិចស៊ីបន្តិចមែន ប៉ុន្តែបង្កប់សិល្បៈនៃការថតរូបតែប៉ុណ្ណោះ ។ នេះក៏ជារូបថតបែប High Fashion ជាលើកដំបូងក្នុងជីវិតរបស់នាង និងក្នុងប្រទេសកម្ពុជា ថតជាមួយតារាម៉ូដែលមកពី អង់គ្លេស៕
សូមបញ្ជាក់ថា តារាម៉ូដែលប្រុសដែលថតជាមួយ គួយ ច័ន្ទដានិច្ច គឺមកពីអង់គ្លេសឈ្មោះ «Warren Godman» ហើយបានមកដល់ និងសម្រាកក្នុងប្រទេសកម្ពុជា ក្នុងគោលបំណង ដើម្បីតែថតរូបភាពនោះ ជាមួយនាងតែប៉ុណ្ណោះ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី