CamNews

តារា 

ប៉ែន ស្រីពេជ្រ ​កាក់កប​តែ​នឹង​តួ​ ដណ្ដើម​ប្រុស

(ភ្នំពេញ)៖ កញ្ញា ប៉ែន ស្រីពេជ្រ ជាពិធីការិនី និង តារាសម្តែង​រាងខ្ពស់ស្រឡះ ​​​កំពុងឆក់បាន​ទី​ផ្សា​​​រសម្តែងភាពយន្តច្រើន ខណៈដែលកេរ្តិ៍ឈ្មោះ និង ប្រជាប្រិយភាព កំពុងតែមានការលេចធ្លោ​ តាមរយៈ​នៃ​ការសម្តែងភាពយន្តភាគ ភាពយន្តខ្នាតធំ និងគ្រងតំណែងជាពិធីការិ​នី នៅស្ថានីយ​ទូរទស្សន៍ ហង្សមាស។ អ្វីដែល ប៉ែន ស្រីពេជ្រ កំពុងតែកាក់កបនឹងអាជីពសម្ដែងនោះ គឺទម្រង់មុខមាត់របស់នាង ត្រូវបានអ្នកដឹកនាំរឿង ឲ្យនាងគ្រងតំណែងជាតួកាចឆ្នាស់ ឈ្នានីស ស្ទើរតែគ្រប់រឿងទាំងអស់។

តារាសម្តែងស្រី​ដែលកំពុងរះពន្លឺ នៅលើវិថីសិល្បៈ កញ្ញា ប៉ែន ស្រីពេជ្រ បន្ទាប់ពីឈាន​ជើង​ចូ​ល​ប្រ​ឡូ​ក​​​​ នៅក្នុងសិល្បៈ អស់រយៈពេលជាង២ឆ្នាំកន្លងមកនេះ បានកំពុងតែវិវឌ្ឍខ្លួន ឲ្យក្លាយ​ទៅ​ជា​តាសម្តែង ចម្រៀង និងពិធីការិនី ​មានឈ្មោះ​បោះសំឡេង ដូចតារាប្រុស-ស្រីផ្សេងទៀត ផងដែរ។

ថ្លែងប្រាប់គេហទំព័រ Khmertalking កាលពីថ្មីៗនេះ តារាសម្តែងកញ្ញា ប៉ែន ស្រីពេជ្រ បានឲ្យដឹងថា គិតរហូតមកដល់ពេលបច្ចុប្បន្ននេះ នាងមានឱកាស​ចេញ​មុខច្រើនក្នុងការដើរតួសម្តែង ខ្សែភាពយន្តភាគ ឲ្យតាមបណ្តាស្ថានីយ​ ទូរសទស្សន៍​នា​នាក្នុងស្រុក ។ ទន្ទឹមជាមួយគ្នានេះ សព្វថ្ងៃ ស្រីពេជ្រ ក៏មានឱកាសត្រៀមថត ខ្សែភាពយន្តចំនួន២ផ្សេងទៀត ក្នុងពេលឆាប់ៗនេះ។

តារាសម្តែងរូបស្រស់ ដែលទើបតែវិញមកពី​សម្ដែង នៅប្រទេសកូរ៉េ កាលពីពេលថ្មីនេះ កញ្ញា ប៉ែន ស្រីពេជ្រ បាននិយាយទៀតថា ការងារសិល្បៈឥឡូវនេះ គឺមា​នការមមា​ញឹក​ខ្លាំង​គួរស​ម​ ព្រោះក្រៅពីការសម្តែងរឿង នាង​ជាពិធីការិនីប្រចាំស្ថានីយទូរទ្សប៉ុស្តិ៍ ហង្សមាស ។ ពិសេសជាងនេះ កញ្ញា ប៉ែន ស្រីពេជ្រ ក៏មានអាជីពសិល្បៈថ្មីបន្ថែមមួយទៀត គឺនាងអាចចេញច្រៀងតាមឆាប្រគំតន្រ្តីមួយចំនួន បានទៀតផង។

ស្រីពេជ្រ និយាយថា « ចា៎បង.. ខ្ញុំទើបមកពីសម្ដែងនៅកូរ៉េ ហើយគ្រាន់តែមកបាន១ថ្ងៃភ្លាម គាត់(ចាងហ្វាងផលិតកម្មស្ទឹងសែន) ហៅខ្ញុំឲ្យមកថតរឿង និងក្រុងពាលីថ្ងៃនេះតែម្ដង ។ ក្នុងរឿងនេះ (វាសនាកូនភ្លោះ) ខ្ញុំត្រូវសម្ដែងជាតួឈ្នានីស ជាតួតាមដណ្ដើមតួឯកប្រុស ធ្វើយ៉ាងណាមិនឲ្យមានក្ដីសុខជាមួយតួស្រី។ និយាយទៅខ្ញុំច្រើនតែគេឲ្យដើរតួបែបនេះ ..!»។

កញ្ញា ប៉ែន ស្រីពេជ្រ បានបន្ថែមថា បើគិតចាប់តាំងពីចូលសិល្បៈ រយៈពេលជាង២ឆ្នាំនេះ ភា​ពយន្តដែលនាងបានថត គឺមានចំនួន៥រឿងរួចមកហើយ។ ក្នុងនោះធ្លាប់គ្រងតំណែង ធ្វើជាតួឯកបាន២រឿង ដូចជារឿង​ «អ្នកមេម៉ាយមានលាភ, ពិសឬស្យា» ជាដើម។ ម្យ៉ាងទៀត បច្ចុប្បន្នក៏​កំ​ពុង​​ថតពីររឿងផ្សេងទៀត គឺរឿង «គំនុំខ្មោចក្រមុំទាំង៣,ខ្សែក​ពេជ្រ»​ របស់ស្ថា​នីយ៍ទូរទស្សន៍ប៉ុស្តិ៍CTN និងរឿង «វាសនាកូនភ្លោះ»៕


ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង