CamNews

តារា 

អ្នកលេង Facebook រិះគន់​អ្នក​សិល្បៈ​ខ្មែរ ជ្រើម​ជ្រួល តែង​មុខ​បែប​ខ្មោច ពេល​បុណ្យ​ «Holleween»

ភ្នំពេញ៖ ថ្មីៗនេះគេឃើញ អ្នកលេងបណ្តាញទំនាក់ទំនង សង្គម Facebook ជាច្រើន បានចេញមុខរិះគន់ទៅលើអ្នកសិល្បៈខ្មែរបន្តកន្ទុយគ្នា ក្រោយពីគេបានឃើញវត្តមាន អ្នកសិល្បៈភាគច្រើន ទៅស្រវាយកវប្បធម៌បរទេសថ្មី គឺបុណ្យ «Holleween» មកធ្វើការផ្សព្វផ្សាយ នៅក្នុងស្រុក កាលពីថ្ងៃទី៣១ ខែតុលា កន្លងទៅនេះ ដោយនៅក្នុងនោះ គេឃើញអ្នកសិល្បៈ តុបតែងខ្លួន គូមុខគូមាត់បែបជាខ្មោចព្រាយ ដើម្បីអបអរពិធីបុណ្យ បែបបច្ចិមប្រទេសមួយនេះ។

គេនៅចាំបានថា កាលពីថ្ងៃទី៣១ ខែតុលា កន្លងទៅនេះ គេបានឃើញវត្តមាន អ្នកសិល្បៈគ្រប់ស្រទាប់ទាំងនៅតាមកញ្ចក់ទូរទស្សន៍ និងនៅតាមក្លឹបកម្សាន្តជាច្រើន បាននាំគ្នាផុសផុល តុបតែងមុខ បែបខ្មោចព្រាយ អាបធ្មប់ជាដើម ដែលការបង្ហាញរូបភាពបែបនេះ ហាក់ជាសញ្ញាបញ្ជាក់ថា អ្នកសិល្បៈយើងកំពុងតែ ពាំនាំយកបុណ្យវប្បធម៌បរទេស មកបង្ហាញដល់យុវវ័យ មានការជ្រើមជ្រួល ទទួលយកប្រពៃណី របស់បរទេសកំពុងតែហូរចូលមក ។

ក្រោយពីបានឃើញអ្នកសិល្បៈ ក្នុងស្រុកជាច្រើន បាននាំគ្នាបញ្ជៀបវប្បធម៌បរទេស ចូលមកក្នុងប្រទេសកម្ពុជានោះ មានអ្នកលេង Facebook ជាច្រើន បានបង្ហាញសាររិះគន់ ដោយនៅក្នុងនោះមាន Account Facebook មួយមានឈ្មោះថា “Deny Ny” បានធ្វើការបង្ហោះ រូប២ សន្លឹកប្រៀបធៀប ពីប្រពៃណីខ្មែរ និងវប្បធម៌បរទេស ដោយមានភ្ជាប់មកជាមួយពាក្យសម្តី រិះគន់ថា «ខ្ញុំគាំទ្រ ពាក្យសម្តី “វប្បធម៌ខ្មែរល្អពេកក្រៃ ម្តេចកូនប្រុសស្រីមិនរក្សា , វប្បធម៌គេពាលាឫស្យា ម្តេចខំស្រវ៉ារក្សាម្លេះ” ម្នាក់ៗឆ្កួតនឹង Holleween »។

ក្នុងនោះមានអ្នកលេង Facebook ម្នាក់ទៀត ត្រូវគេស្គាល់ថាជា អតីតតារាសម្តែង នាង គង់ ចាន់សូរិយា ក៏បានបញ្ចេញសាររិះគន់ថា «ពិធីបុណ្យអុំទូក ត្រូវបានលុបចោលអស់៣លើកហើយរួមទាំងឆ្នាំនេះ តើឆ្នាំក្រោយពួកយើងអាច នឹងមានអុំទូកទៀតឬអត់? ឬក៏គេចង់បំភ្លេចពិធីនេះ ចោលបន្ដិចម្ដងៗ? ឯបុណ្យ Halloween វិញជាបុណ្យរបស់គេសោះ តែត្រូវបានធ្វើយ៉ាងគគ្រឹកគ្រេង ពេញប្រទេស ជោរតាមសាសន៍គេ មិនមែនជំទាស់នឹងទស្សនៈ ឬការកំសាន្ដរបស់អ្នកទាំងអស់គ្នាទេ តែមើលទៅវាដូចជាសំបើមពេក ធ្វើតាមក្លឹប តាមហាងវាមធ្យមទេ តែងំត្រូវបានចាក់ផ្សាយតាមទូរទស្សន៍នានាទៀត។ អីយ៉ាហេ..! អីក៏យ៉ាងហ្នឹងស្រុកខ្ញុំ។ មិនខ្វល់ថា អ្នកណាពេញចិត្ត ឬមិនពេញចិត្តនឹងសារបង្ហោះរបស់ខ្ញុំមួយនេះទេ តែសំខាន់ គឺចង់និយាយអ្វីដែលជាការពិត និងគំនិតរបស់ខ្ញុំ....»។

តាមរយៈសាររិះគន់ ទៅលើទង្វើរបស់អ្នកសិល្បៈ ដែលបង្ហាញពីកាយវិកា ចូលរួមអបអរសាទរបុណ្យបរទេស នៅតាមកញ្ចក់ទូរទស្សន៍នានានោះ គេរំពឹងថា នឹងធ្វើឲ្យអ្នកសិល្បៈ ធ្វើការពិចារណា ងាកមកគិតចូលរួម លើកស្ទួយសិល្បៈខ្មែរ ទាំងសម័យ និងបុរាណវាប្រសើរ ជាងការចូលរួមលើកកម្ពស់ វប្បធម៌បរទេសខ្លាំង ជ្រុលហួសហេតុពេក ៕



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh