CamNews

តារា 

សាសា ត្រូវ​តុលា​ការ​ខេត្ត​បាត់​ដំបង កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​បំភ្លឺ ជា​លើក​ទី២ នៅ​ថ្ងៃ​ទី១០ ខែកញ្ញា នេះ

បាត់ដំបង៖ មន្រ្តីតុលាការខេត្ត បាត់ដំបង បានថ្លែងប្រាប់ ទំព័រកំសាន្ត នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០១៥ នេះ ថា ព្រះរាជអាជ្ញារង សាលាដំបូងខេត្តបាត់ដំបងនឹងចេញដីកាកោះហៅ កញ្ញា ឯក សុជាតា ហៅសាសា ជាលើក ទី២ ឲ្យបំភ្លឺក្នុងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២ ខែសីហា កន្លងទៅ នៅម៉ោង៨៖៣០ នាទីព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥ ខាងមុខនេះ បន្ទាប់ពីដីកាកោះហៅលើកទី១ កាលពីថ្ងៃទី២៧ ខែសីហា ត្រូវបានអវត្តមាន និងពុំមានមូលហេតុច្បាស់លាស់។

មន្រ្តីតុលាការដដែលបានប្រាប់ថា ដីកាកោះហៅជាលើកទី២ បានបញ្ជូនមកដល់អយ្យការសាលាដំបូងក្រុងភ្នំពេញហើយ រងចាំតែមន្រ្តីតុលាការ ធ្វើទៅតាមនិតិវិធី ដើម្បីឲ្យបានដីកាទៅដល់ដៃសាមីខ្លួន និងរងចាំតែកន្ទុយចុងសន្លឹក ដីកាត្រឡប់ទៅវិញតែប៉ុណ្ណោះ ។
សូមបញ្ជាក់ថា កញ្ញា ឯក សុជាតា ហៅសាសា អតីតពិធីការិនី នៅស្ថានីយទូរទស្សន៍ CTN កំពុងតែប្រឈមមុខ នឹងការបញ្ជាឲ្យនាំខ្លួន ពីសំណាក់តុលាការ ប្រសិនបើព្រះរាជអាជ្ញា ចេញដីកាកោះហៅ ជាលើកទី២ នាពេលខាងមុខ នេះ នាងនៅតែគេចវេស មិនព្រមចូលខ្លួនទៅឆ្លើយបំភ្លឺ តាមការកោះហៅទេនោះ។

សូមរំឭកថា កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ កន្លងទៅនេះ ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តបាត់ដំបង បានចេញដីកាកោះហៅ កញ្ញា សាសា ឲ្យចូលបំភ្លឺ ក្នុងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើង កាលពីថ្ងៃ ទី២ ខែសីហា ឆ្នាំ២០១៥កន្លងទៅ នៅទីរួមខេត្តបាត់ដំបង ប៉ុន្តែនាងមិនបានចូល បំភ្លឺតាមការកោះហៅឡើយ សូម្បីតែ មូលហេតុ នៃការអវត្តមាននេះ ក៏នាងមិនបានជូនដំណឹង ទៅតុលាការដែរ ទើបតុលាការសម្រេច ចេញដីកាកោះហៅ ជាលើកទី២ ឲ្យចូលបំភ្លឺ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥ ខាងមុខនេះតែម្ដង៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh