CamNews

តារា 

ឆានុត ស្ងាត់​ៗ​បោះ​ទុន​បើក​ហាង កាត់​សក់​បែប​យុវវ័យ

ភ្នំពេញ៖ តារាសម្ដែងល្បីឈ្មោះ គួរសមក្នុងវិស័យសិល្បៈ លោក ឆានុត កាលពីយប់ទី១៨ ខែឧសភា ឆ្នាំ ២០១៥ នេះបានរៀបចំពិធីបើកសម្ពោធ ហាងកាត់សក់បែបយុវវ័យ របស់ខ្លួន តូចល្មមមួយ មានឈ្មោះថា «ឆានុត ស្តាយល៍» នៅក្នុងសង្កាត់ បឹងសាឡាង ខាងក្រោយវិទ្យាល័យ ជា ស៊ីមសាមគ្គី ដោយមានការចូលរួម ពីអ្នករួមអាជីពមានអ្នក ដឹកនាំសម្ដែង តារាចម្រៀង និងតារាល្បីៗជាច្រើននាក់ទៀត ។

តារាសម្ដែង ឆានុត ត្រូវបានមហាជន ជាពិសេសយុវវ័យ ទទួលស្គាល់ ពីទេពកោសល្យសម្ដែង និងការតស៊ូរបស់ លោក ទម្រាំបានក្លាយ ជាតារាល្បី និងមានអ្នកស្គាល់ច្រើន រហូតមានលទ្ធភាពបើករបរ រកស៊ីខ្លួនឯងទៀតផង ។ ឆានុត តែងតែលេចវត្តមាន ក្នុងឈុតខារ៉ាអូខេ របស់ផលិតកម្ម ថោន សាន់ដេ និងស្ពតពាណិជ្ជកម្មមួយចំនួន ។

ជុំវិញរឿងបើកដំណើការ ហាងកាត់សក់បែបយុវវ័យនេះ តារាសម្ដែង ឆានុត បានបញ្ជាក់ថា ព្រោះស្រលាញ់អាជីពនេះ លោកក៏បានសេងហាងកាត់សក់ពីគេ ដោយសម្រេចឆ្លៀត ពីការងារសម្ដែង ងាកមកមើលខុសត្រូវហាងខ្លះ ក្នុងនោះមានការសហការ ពីជាងមានស្នាដៃមួយចំនួន។ តារាសម្ដែង ដែលមានប្រវត្តិពីអ្នកលក់មីឆារូបនេះ និយាយថា« បាទបង..! តាំងពីខ្ញុំសេងពីគេមក ហាងខ្ញុំ ដំណើរការបាន១សប្ដាហ៍ មានអ្នកចូលមកកាត់ លាបពណ៌សក់ និងទទួលសេវាផ្សេងៗទៀត ជាហូរហែ ពោលបានប្រហែលជា៤០ទៅ៥០ នាក់ដែរបង.. ក្នុងមួយថ្ងៃ »។

ចំពោះដើមទុន ក្នុងការបើកហាងមួយល្វែងនេះ តារាសម្ដែង ឆានុត មិនបានបង្ហើបឲ្យដឹងច្បាស់ ពីចំនួនពិតប្រាកដនោះឡើយ ដោយលោកគិតថា មានទំហំតូចតាច មិនចង់ឲ្យដឹង ជាសាធារណៈ ប៉ុន្តែតារាសម្ដែងរូបនេះ បានបង្ហាញក្ដីរំពឹងយ៉ាងមុតមាំថា នឹងទទួលបានជោគជ័យ និងការគាំទ្រពីអតិថិជនទូទៅ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh