CamNews

តារា 

ស៊ឹម ស្រីមុំ៖ «មាន​សង្សារ មិន​ដឹង​ជា​យក​មក​ធ្វើ​អី..​មាន​តែ​ធ្វើ​ឲ្យ​ជីវិត​មួរ​ហ្មង.!»

(ភ្នំពេញ)៖ ស្រីស្រស់សម្រស់បាន មានមន្តស្នេហ៍ទាក់ទាញ កញ្ញា ស៊ឹម ស្រីមុំ ដែលជាតារាបង្ហាញម៉ូដ និងសម្ដែង មានឈ្មោះល្បីគួរសម ក្នុងមជ្ឈដ្ឋានសិល្បៈ បានព្រលយប្រាប់ Khmertalking បែបក្លាហានថា ប្រសិនបើនាងមានសង្សារ មិនដឹងជាមានសង្សារ ដើម្បីអ្វី យកមកធ្វើអ្វី មានតែធ្វើឲ្យជីវិតជួបភាពស្មុគស្មាញ គ្មានសេរីភាព ព្រោះ ស៊ឹម ស្រីមុំ ក៏ធ្លាប់មានសង្សារម្ដងរួចមកហើយដែរ ប៉ុន្តែត្រូវបានចែកផ្លូវគ្នាវិញ ដោយសារតែការមិនយល់ចិត្តគ្នា។

តារាសម្ដែង ស៊ឹម ស្រីមុំ បានបង្ហើបដោយឥតលាក់លៀមថា កាលពីប៉ុន្មានខែមុននេះ រូបនាងធ្លាប់មានទំនាក់ទំនងស្នេហា ជាមួយនឹងបុរសជាអ្នករកស៊ីធម្មតាម្នាក់ ហើយបានក្លាយជាសង្សារនឹងគ្នា ប៉ុន្តែការទាក់ទងគ្នា ក្នុងន័យស្នេហានេះ គឺបានរយៈពេលតែ៣ខែប៉ុណ្ណោះ ពោលដោយសារបុរសនោះ បង្ហាញអត្តចរិតមិនគប្បីមួយចំនួន ធ្វើឲ្យនាងមិនពេញចិត្ត ហើយមើលទៅមិនអាចធ្វើដំណើរ ជាមួយគ្នាទៅមុខបន្តទៀតបាន នាងសម្រេចចិត្តដកខ្លួនចេញតែម្ដង។

ស៊ឹម ស្រីមុំ ប្រាប់ Khmertalking ថា «ពេលខ្លះយើងគិតថា មិនដឹងជា យើងយកសង្សារមកធ្វើអី..! ព្រោះចង់រកលុយឲ្យបានច្រើន និងចង់ធ្វើអ្វីដើម្បីខ្លួនឯងខ្លះ។ ធម្មតាការស្រឡាញ់ គឺវាចេះតែមានហើយរវាងមនុស្សស្រី និងមនុស្សប្រុស ប៉ុន្តែពេលខ្លះយើងមើលទៅ វាមិនទៅមុខផង អ៉ីចឹងនៅធ្វើអី ដឹងខ្លួន យើងដកខ្លួនឲ្យហើយ ទាន់យើងទើបស្រឡាញ់គ្នា..!»។

តារាសម្ដែងមាន​សម្ដីទន់ភ្លន់ ​កំពុងតែមានមហិច្ឆតា ចង់ក្រសោបយកតំណែង ជាតារាសម្ដែងលំដាប់កំពូល កញ្ញា ស៊ឹម ស្រីមុំ បានបញ្ជាក់ទៀតថា កាលពីស្រឡាញ់គ្នាដំបូង គឺហាក់លះបង់គ្រប់យ៉ាងដើម្បីនាង ប៉ុន្តែគ្រាន់តែស្គាល់ចិត្តគ្នាបន្តិច ស្រាប់តែបុរសជាសង្សារ ចាប់ផ្ដើមមានចរិតខុសពីប្រក្រតី ហើយមើលទៅអត់អាច ទៅមុខជាមួយគ្នា ទើបសម្រេចចិត្ត ចែកផ្លូវគ្នាតែម្ដង ។ ស៊ឹម ស្រីមុំ ក៏ចង់បង្ហាញអត្តសញ្ញាណសង្សាររបស់នាង ឲ្យមហាជនបានដឹងដែរ ប៉ុន្តែពេលផ្ទុះរឿងបែកគ្នា ធ្វើឲ្យនាងលែងចង់នឹកនា ឬពាក់ព័ន្ធអ្វីនឹងគ្នាទៀត កុំឲ្យមានបញ្ហា។

តារាសម្ដែង ដែលទស្សនិកជនស្គាល់កាន់តែច្បាស់ ពេលបានសម្ដែងក្នុងបទ «ខ្ញុំខ្លាចហើយលុយ» របស់តារាចម្រៀង ខេម រូបនេះ បានបន្តថា សព្វថ្ងៃបើឲ្យនាង គិតគូរឿងស្នេហាជាថ្មីឡើងវិញ គឺនាងសុំមិនគិតទៀតទេ ពោលធ្វើយ៉ាងណាឲ្យការងារសិល្បៈ មានភាពរលូនទៅមុខសិន ។ បច្ចុប្បន្ននេះ ស៊ឹម ស្រីមុំ ត្រូវបានគេមើលឃើញថា នាងតែងបង្ហាញវត្តមាន ក្នុងស្ពតពាណិជ្ជកម្មនានា សម្ដែងក្នុងបទចម្រៀង ខារ៉ាអូខេ និងបង្ហាញម៉ូដតាមបណ្ដាក្រុមហ៊ុន ផលិតផលតូចធំជាច្រើន ដែលធ្វើឲ្យនាងមមាញឹកគួរសម ក្នុងវិស័យសិល្បៈ ៕


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Sim sreymom