CamNews

តារា 

ហេង ចន្ថា៖ «ការ​មិន​ផ្ដល់​ទិដ្ឋា​ការឲ្យ​ខ្ញុំ ចូល​រួម​ប្រកួត​កញ្ញា​ឯក ពិភព​លោក​របស់​ទូត​អា​មេ​រិក

(ភ្នំពេញ)៖ តារាឯកតំណាងឲ្យប្រទេសកម្ពុជា ដើម្បីទៅចូលរួមប្រកួតកញ្ញាឯកពិភពលោក កញ្ញាឯក ហេង ចន្ថា បានបញ្ចេញសារធ្ងន់ៗ សំដៅដល់ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា ថា ការមិនផ្ដល់ទិដ្ឋាការឲ្យនាង ដើម្បីបានចូលរួមប្រកួតក្នុងកម្មវិធី ​«MISS GRAND INTERNATION 2016» នៅសហរដ្ឋអាមេរិ​កជា​លើកទី២ គឺជាការប្រមាថមួយដ៏ធ្ងន់ធ្ងរចំពោះរូបនាង ក៏ដូចជាប្រជាជាតិកម្ពុជាទាំងមួយ និងជាការបន្ទាបបន្ថោកតម្លៃ នៃការខិតខំប្រឹងប្រែងរបស់នាង និងក្រុមការងារផងដែរ។

កញ្ញាឯកឆ្នាំ ២០១៦ ហេង ចន្ថា បាននិយាយនៅក្នុងបណ្ដាញសង្គមរបស់នាងថា «កម្មវិធីប្រកួតបានចាប់ផ្តើម ក្រុមការងារបា​នត្រៀមលក្ខណៈ ទាំងសម្លៀកប្រចាំជាតិ ក៏ដូចជាឈុតរាត្រីសមោសរ ដ៏ស្រស់ស្អាត ប៉ុន្តែនាងខ្ញុំ ពុំមានឱកាសបានស្លៀកពាក់​ ទៅវិញ។ នេះគឺជាការប្រមាថ​មួយដ៏ឆ្ងន់ធ្ងរ ជាការបន្ទាបតម្លៃ នៃការតាំងចិត្ត ក៏ដូចជាខិតខំប្រឹងប្រែង នៃនាងខ្ញុំផ្ទាល់ ក៏ដូចជាក្រុមការងារ គេមិនផ្តល់តម្លៃ​ដល់យើងសោះឡើយ ចុងបញ្ចប់នៃកិច្ចសម្ភាសន៍ មន្រ្តីកុងស៊ុលនារីបានតប​មកកាន់នាងខ្ញុំនូវចម្លើ​យ ដ៏ឈឺចាប់​ថា "Sorry, I don’t give you" (សុំទោសខ្ញុំមិនអាច ជួយអ្នកបាន)..!» ។

កញ្ញា ហេង ចន្ថា បានបញ្ជាក់ទៀតថា «មន្រ្តីកុងស៊ុល បានចោទសួរ នៅសំណួរដដែល ដូចកាលពីលើកទី១ ដែលនាងខ្ញុំចូលសម្ភាសន៍ មន្រ្តីទូតដែលជាអ្នកបកប្រែ បានបញ្ជាក់ឲ្យនាងខ្ញុំដឹងថា គេបារម្ភខ្លាចផ្តល់ទិដ្ឋាការ ដល់នាងខ្ញុំ ហើយពេលទៅដល់សហរដ្ឋអាមេរិក បានចូលរួមកម្មវិធីប្រកួត​រួចរាល់ នាងខ្ញុំនឹងមិនវិលត្រឡប់ មកកាន់មាតុភូមិកំណើតវិញ។ នាងខ្ញុំពិតជាតូចចិត្ត ដែលក្នុងនាមជាប្រជាពលរដ្ឋ​កម្ពុជា១រូប ជាបេក្ខនារី តំណាងកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួត កម្រិតអន្តរជាតិ ប៉ុន្តែត្រូវបាន​ បដិសេធមិនឲ្យទៅ!»។

ទន្ទឹមគ្នានេះដែរ កញ្ញា ហេង ចិន្ថា ក៏បានបន្ថែមថា «គ្មានអ្វីនឹងថ្លែង ក្រៅពីទទួលយកនូវលទ្ធផល​បដិសេធនេះ នាងខ្ញុំសូមអភ័យទោស ចំពោះបញ្ហា​ដែលបានកើតឡើង ដែលបានធ្វើឲ្យប្រ​ជាជន កម្ពុជាខកចិត្ត។ សូមថ្លែងអំណរគុណ ចំពោះស្ថានទូតសហរដ្ឋអាមេរិក ដែលអនុញ្ញាតឲ្យនាងខ្ញុំ ចូលសម្ភាសន៍​ជា​លើកទី២។ សូមគោរពជូនពរលោក អ្នកប្រិយមិត្តគ្រប់ៗរូប!»។

ជាមួយគ្នានេះ តារាសម្តែងស្រីសម្បូររឿងអាស្រូវ មិនចេះចប់ហើយ អ្នកនាង ចន ច័ន្ទលក្ខិណា ថ្មីៗ​នេះ​​​ ក៏បានបង្ហាញអារម្មណ៍ សោកស្តាយ បន្ទាប់ពីបានទទួលដំណឹងថា តារាឯកឆ្នាំ២០១៦ រ​បស់​ក​ម្ពុជា កញ្ញា ហេង ចន្ថា មិនត្រូវបានស្ថានទូតសហរដ្ឋអាមេរិក ផ្តល់ទិដ្ឋាការចេញទៅប្រឡង ក្នុងកម្មវិធី​ប្រកួត​ នោះឡើយ។

ជាមួយការសោកស្តាយនេះដែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរបង្ហោះភ្ជា​ប់ជាមួយ ​រូប​ភាពរបស់កញ្ញាឯក​​កម្ពុជា កញ្ញា ហេង ចន្ថា ថា« ខ្មែរមានឱកាសតែ គ្មានសំណាង គ្នាខំព្យាយាមលើកមុខមាត់ប្រទេស ទោះចូលរួមលក្ខណៈឯកជន ក៏គាត់ជាជនជាតិខ្មែរ ទៅតំណាងខ្មែរ មិនមែ​នតំណាងសាសន៍ផ្សេងទេ ពិតជាមិនយល់នូវមតិ និងហេតុផលមួយចំនួន នៃប្រជាជនខ្មែរ​!»៕



 


ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Heng chantha