(ភ្នំពេញ)៖ តារាកំប្លែងវ័យក្មេងស្ថិតក្នុងក្រុមនាយ ពែកមី និងត្រូវជាកូនស្រីរបស់លោក សុវណ្ណ ឫទ្ធី ហៅតាវ៉ិចទ័រ កញ្ញា វ៉ាន់ នីឡា បានចេញមុខប្រតិកម្មភ្លាមៗ ចំពោះព័ត៌មានដែលត្រូវបានគេបង្ហោះ ផ្សព្វផ្សាយនៅលើហ្វេសប៊ុកថា នាងបានផ្តាច់ពាក្យជាមួយគូដណ្តឹង ដែលទើបភ្ជាប់ពាក្យកាលពីថ្មីៗ កន្លងមកនេះ។
ប្រតិកម្មពីសំណាក់តារាកំប្លែង កញ្ញា វ៉ាន៉ នីឡា បានធ្វើឡើងភ្លាមៗ បន្ទាប់ពីមានការបង្ហោះចែកចាយ លើបណ្តាញសង្គមហ្វេសប៊ុក ភ្ជាប់ជារូបភាពនាង និងគូដណ្តឹង ដោយបានសរសេរថា «ពូរិទ្ធី និយាយពី នីឡា សុខចិត្តផ្តាច់ពាក្យជាមួយគូដណ្តឹង» ដោយក្នុងនោះ ក៏មានការកាត់តភ្ជាប់ រូបភាពពិធីករ និយាយព័ត៌មានប៉ុស្តិ៍ហង្សមាស លោក មាស រិទ្ធី មកជាមួយគ្នាផងដែរ។
តាមរយៈការបែកធ្លាយ នូវព័ត៌មានមិនពិតខាងលើនេះ ភ្លាមៗនោះ សាមីខ្លួន កញ្ញា វ៉ាន់ នីឡា បានចេញមុខប្រតិកម្ម ដោយលើកឡើងថា «ព័ត៌មាននេះ វាមិនមែនជាកាពិតទេ នាងខ្ញុំ នីឡា មិនបានដឹងរឿងអីទាំងអស់ ហើយនាងខ្ញុំមិនបានផ្ដាច់ពាក្យនោះទេ នាងខ្ញុំចង់ប្រាប់ថា កុំគ្រាន់តែចង់ល្បី page ខ្លួនឯង មកបំផ្លាញកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់អ្នកដទៃ!»។
តារាកំប្លែងវ័យ១៧ឆ្នាំកញ្ញា វ៉ាន់ នីឡា បានបញ្ជាក់ទៀតថា «បើសិនជាអាចសូមមេត្តាកាត់បន្ថយ រឿងបំផ្លាញកិត្តិយសគេទៀតទៅ។ សូមអ្នកទាំងអស់គ្នា ឈប់យល់ច្រឡំរឿងនេះទៀតទៅ វាមិនមែនជាព័ត៌មានពិតនោះទេ.please share..!»។
សូមបញ្ជាក់ថា តារាកំប្លែងវ័យប្រមាណ១៧ឆ្នាំ ត្រូវជាកូនស្រីរបស់លោក សុវណ្ណ ឫទ្ធី ហៅតាវ៉ិចទ័រ ប្រធានផលិតកម្មវិធីកម្សាន្ត របស់ទូរទស្សន៍ CTN គឺកញ្ញា វ៉ាន់ នីឡា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ បានរៀបចំធ្វើពិធីភ្ជាប់ពាក្យជាផ្លូវការ ជាមួយបុរសរូបសង្ហាថៅកែវង់ភ្លេងអកកេះ និងត្រូវជាកូនប្រុសរបស់ថៅកែ ល្ខោនបាសាក់នៅក្នុងខេត្តតាកែវ អ្នកស្រី ភី សុគន្ធី ដោយមានភ្ញៀវចូលរួម សុទ្ធសឹងអ្នកសិល្បៈល្បីៗ ជាពិសេសតារាកំប្លែង៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង