CamNews

តារា 

អេឡិច ចិន្ត្រា ត្រូវ​គេរិះ​គន់​ថា មាន​ប្ញក​ពារ​ឆ្មើង​ឆ្មៃ

(ភ្នំពេញ)៖ តារាសម្តែង និង ម៉ូដែលប្រុសរូបសង្ហាចង្កាស្រួចលោក អេឡិច ចិន្ត្រា មុននេះត្រូវគេមើលឃើញថា លោកមិនត្រឹមតែ​ទទួល​បាន​នូវ​ភាព​ជោគ​ជ័យ ពីអាជីពសិល្បៈទេ ថែមទាំងបានបង្កើននូវភាពល្បីល្បាញបានកាន់តែខ្លាំង រហូតត្រូវបានទស្សនិកជនទទួលស្គាល់ និងគាំទ្រស្ទើរគ្រប់ស្រទាប់វណ្ណៈ។

ខណៈពេលដែលជោគជ័យក្នុងអាជីពសម្តែង និងដើរម៉ូដត្រូវបានមហាជនអ្នកគាំទ្រគ្រប់មជ្ឈដ្ឋានមើលឃើញថា តារាប្រុសរូបនេះក៏បានជួបប្រទះរឿងអាស្រូវ ជីវិតផ្ទាល់ខ្លួនខាងក្រៅ ស្ទើរតែរាប់ភ្លេចទៅហើយកាលពីពេលមុនៗកន្លងមកនេះ។ យ៉ាងណាក្តីទោះរឿងរ៉ាវនេះត្រូវបានរសាត់ចាកឆ្ងាយកន្លងផុត ពីមួយទៅមួយក៏ពិតមែន ស្រាប់តែថ្មីៗនេះលឺគេនិយាយមកថា តារាប្រុសលោក អេឡិច ចិន្ត្រា ហាក់ដូចបញ្ចេញចរិកប្ញកពារឆ្មើងឆ្មៃដាក់ រហូតមានការរិះគន់ខ្លះៗពីរង្វង់អ្នកសិល្បៈដូចគ្នាក៏មានដែរ ។

ស្រដៀងជាមួយគ្នានេះបើប្រភពពីមជ្ឈដ្ឋានអ្នកគាំទ្រខាងក្រៅក៏បានលើកឡើងថា តារាប្រុសរូបសង្ហាដែលកំពុងមានឱសកាសច្រើនសម្រាប់ជ្រែកចូល ទីផ្សារសិល្បៈ ហើយក៏អាចទាញយកការគាំទ្របានច្រើនពីទស្សនិកជនលោក អេឡិច ចិន្ត្រា ក្រោយពីមានកេរ្តិ៍ឈ្មោះល្បីលេចធ្លោ ហើយនោះ ឥឡូវនេះគឺហាក់ដូចជាដំកើង ប្ញកហួសការស្មានមិនសមភ្នែកមហាជនអ្នកគាំទ្រសោះឡើយ។

ប្រភពខាងលើបានធ្វើការរិះគន់ទៅលើតារាសម្តែងលោក អេឡិច ចិន្ត្រា ទៀតថា ចាប់តាំងពីតារាប្រុសរូបនេះ មានឈ្មោះល្បីបន្តិចមក លោកក៏បានផ្លាស់ប្តូរឥរិយាបថខុសប្លែកពីមុនដោយ ចរិកអំនួត និងភាពល្បីភ្លេចគិតដល់អារម្មណ៍របស់អ្នកដែលតែងគាំទ្រជុំវិញខ្លួន ទើបធ្វើឲ្យមួយរយៈពេលចុងក្រោយនេះ ពុំសូវមានការគាំទ្រច្រើនដូចពេលមុនៗនោះ។

ប្រភពបានបន្ថែមថា លោក អេឡិច ចិន្ត្រា បើទោះបីជាកន្លងមកត្រូវបានគេទទួលស្គាល់ថាជាតារាសម្តែង និងតារាម៉ូដែលដែលមានភាពលេចធ្លោ នៅលើទីផ្សារសិល្បៈស្រុកខ្មែរក៏ដោយ តែលោកមិនបានសម្រប ខ្លួនទៅតាមពេលវេលាដែលជាការចង់បានពីមហាជនជាអ្នកគាំទ្រវិញនោះឡើយ ។ ផ្ទុយទៅវិញ តារារូបនេះតែង គេចវេស ហើយបញ្ចេញឥរិយាបថប្ញកពារឆ្មើងឆ្មៃធ្វើឲ្យមានមតិរិះគន់ពីភាពសមគួរទាំងនេះ ។

គេហទំព័រកម្សាន្ត Khmertalking មិនអាចទំនាក់ទំនង ដើម្បីសុំការបកស្រាយដោយផ្ទាល់ពីលោក អេឡិច ចិន្ត្រា បាននៅឡើយទេនារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ តែយ៉ាងណាក៏ដោយ Khmertalking សូមស្វាគមន៍ចំពោះការ ចេញមុខបកស្រាយពីតារាចម្រៀង អេឡិច ចិន្ត្រា នៅ​ពេល​ក្រោយ​ដោយ​ក្តីរីករាយ ៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី

 


Tags: Alex Chendra