CamNews

ព័ត៌មានអន្តរជាតិ 

ធ្លាយការពិត នៅពីក្រោយការសម្លាប់លោក Kim Jong Nam ដោយប្រើថ្នាំពុល VX ពុលស្លាប់ត្រឹមតែ ៥វិនាទី (Video)

ព័ត៌មានអន្តរជាតិ ៖ របាយការណ៍សារព័ត៌មាន ពីប្រភពផ្លូវការប្រទេសម៉ាឡេស៊ី គូសបញ្ជាក់នៅថ្ងៃ ព្រហស្បត្តិ៍ម្សិលមិញនេះឲ្យដឹងថា ថ្នាំពុលដែលបាញ់សម្លាប់លោក Kim Jong Nam គ្រោះថ្នាក់ខ្លាំង ស្លាប់ក្នុងរយៈពេលត្រឹមតែ ៥វិនាទី ។ 


ស្រ្តី២នាក់ ដែលត្រូវបានប្រព័ន្ធកាម៉េរ៉ាសុវត្ថិភាព ចាប់បានថាបានវាយប្រហារសម្លាប់លោក Kim Jong Nam វ័យ ៤៥ឆ្នាំ កាលពីថ្ងៃច័ន្ទ ដើមសប្តាហ៍កន្លងទៅនេះ នាអាកាសយានដ្ឋានអន្តរជាតិ ក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី គ្រាដែលលោកអង្គុយរង់ចាំ ដើម្បីធ្វើការហោះហើរទៅកាន់ ទីក្រុងម៉ាកាវ ប្រទេសចិន ។ របាយការណ៍ បញ្ជាក់ឲ្យដឹងថា ស្រ្តី២នាក់នេះ រងនូវមន្ទិលសង្ស័យ ថា ជាចារកម្មដែលត្រូវបានគេជួលឲ្យមកសម្លាប់ លោក Kim Jong Nam ។ ខណៈស្រ្តីទី ១បង្ហាញវត្ត មានដោយបន្លប់លោក Kim Jong Nam ស្រ្តីទី ២ ក៏បាញ់ស្ព្រាយដែលជាសារជាតិគីមីពុល ទៅលើ មុខលោក Kim Jong Nam តែម្តង ។ 



ជាលទ្ធផល ស្រ្តីទាំង ២នាក់នេះ ត្រូវបានចាប់ឃាត់ខ្លួន ខណៈម្នាក់កាន់លិខិតឆ្លងដែន វៀតណាម និងម្នាក់ទៀត ជាជនជាតិ ឥណ្ឌូនេស៊ី ។ យ៉ាងណាមិញ ប្រភពសារព័ត៌មានបន្តឲ្យដឹងថា រដ្ឋាភិបាល ប្រទេសម៉ាឡេស៊ី សម្រេចប្រគល់សពលោក Kim Jong Nam ទៅឲ្យរដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង វិញ ស្របតាមសំណើកូរ៉េខាងជើង បើទោះជាមានការព្រួយបារម្ភថា កូរ៉េខាងជើង ជាអ្នកនៅពី ក្រោយករណីសម្លាប់លើកនេះយ៉ាងណាក៏ដោយចុះ ។ សារព័ត៌មានជប៉ុន Jiji ចុះផ្សាយឲ្យដឹងថា មានភស្តុតាងដែលបញ្ជាក់បានថា ស្រ្តី២នាក់ និងបុរស៤នាក់ ត្រូវបានជួលដោយរដ្ឋបាលកុម្មុយ នីស្តកូរ៉េខាងជើង សម្លាប់លោក Kim Jong Nam ។ ប៉ុន្តែ បើយោងតាមសម្តីសារភាព ពីនារីរងការ ចោទប្រកាន់នោះឲ្យដឹងថា ខ្លួនពិតជាមិនបានដឹងថា ត្រូវបានគេជួលឲ្យសម្លាប់មនុស្សយ៉ាងដូច្នេះ នោះទេ ។ ជនសង្ស័យម្នាក់ក្នុងចំណោម ២នាក់ដែលជាជនជាតិ ឥណ្ឌូនេស៊ី ឈ្មោះ​Siti Aishah សរ បញ្ជាក់ក្តែងៗឲ្យដឹងថា ៖ បុរស ៤នាក់ដែលនាងខ្ញុំបានជួបនៅឯអាកាសយានដ្ឋាននោះ បាន និយាយថា តោះនាំគ្នាលេងល្បែង/ហ្គេម រប៉ិលរប៉ុចជាមួយនឹងអ្នកដំណើរ , "Four men who I met at the airport said 'Let's play a prank on the passengers,'"  ។

របាយការណ៍បញ្ជាក់ឲ្យដឹងថា ថ្នាំពុលដែលបាញ់លើផ្ទៃមុខ លោក Kim Jong Nam នោះ អាចជា ប្រភេទថ្នាំបំពុល VX ជាសារជាតិគីមីដែលគ្រោះថ្នាក់ស្លាប់សាហាវបំផុត ពោល ជាសារជាតិគីមី គ្រោះថ្នាក់គ្មានក្លិន គ្មានពណ៌ គ្រោះថ្នាក់ស្លាប់ខ្លាំងជាង ១០០ដង បើធៀបទៅនឹងឧស្ម័នបំពុល Sarin ៕

-សព លោក Kim Jong Nam វះកាត់ កោសល្យវិច័យរួចរាល់ហើយ ក្រោយត្រូវគេសម្លាប់ នៅអាកាសយានដ្ឋាន







ប្រែសម្រួល ៖ កុសល

ប្រភព ៖ យូភីអាយ


Tags: North korea South korea Kim Jong Un