CamNews

តារា 

ប្រធាន​ក្រុមហ៊ុនTwitter ប្រចាំ​ប្រទេស​ចិន ប្រកាស​លា​ឈប់បន្ទាប់​ពី​ឡើង​​កាន់​តំណែងទើបតែបានប៉ុន្មានខែ!

(ប៉េកាំង)៖ ប្រធានក្រុមហ៊ុនប្រព័ន្ធទំនាក់ទំនងសង្គម Twitter ប្រចាំប្រទេសចិន បានប្រកាសលាឈប់ បន្ទាប់ពីការកាន់ដំណែង ទើបតែបានរយៈពេល ៨ខែ ដែលនេះជាករណីលាឈប់ថ្មីមួយ ក្នុងពេលដែលពិភពលោក កំពុងចាប់ផ្តើមទទួលស្គាល់ ប្រព័ន្ធទំនាក់ទំនងសង្គមមួយនេះ។

ការលាលែងរបស់នាយកប្រតិបត្តិរូបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុននេះ បានប្រកាសកាលពីខែតុលា អំពីការខាតបង់របស់ខ្លួន។ ប្រាក់ចំណេញបានក្លាយជា បញ្ហាប្រឈមមួយ សម្រាប់ប្រព័ន្ធ ទំនាក់ទំនងសង្គមមួយនេះ ដោយប្រាក់ចំណូល បានកើនឡើងយឺតបំផុត។

ក្នុងសារមួយ ដែលសរសេរឡើង កាលពីថ្ងៃទី៣១ ខែធ្នូ កន្លងទៅនេះ ប្រធានគ្រប់គ្រងក្រុមហ៊ុន ប្រចាំប្រទេសចិន លោកស្រី Kathy Chen បានប្រកាសពីការចាកចាញរបស់ខ្លួន ប៉ុន្តែបញ្ជាក់ថា ការិយាល័យក្រុមហ៊ុន Twitter ប្រចាំទីក្រុងហុងកុង នៅតែបន្តបើកទ្វា។

គួររំលឹកផងដែរថា ប្រព័ន្ធ Twitter ក្នុងប្រទេសចិន ត្រូវបានបិទ ចាប់តាំងពីឆ្នាំ២០០៩ មកម្ល៉េះ។  លោកស្រី Chen ត្រូវបានគេតែងតាំង ដើម្បីជួយអូសទាញអតិថិជនចិន ដែលត្រូវការផ្សព្វផ្សាយ ពាណិជ្ចកម្មបន្ថែម។ ការតែងតាំងលោកស្រី បានរងការរិះគន់ជាខ្លាំង ដោយសារកន្លងមក លោកស្រី ធ្លាប់បម្រើការងារ ដែលជាប់ពាក់ព័ន្ធនឹងវិស័យយោធា។ អ្នករិះគន់បានលើកឡើងថា សារដែលនាងបង្ហោះម្តងៗ ហាក់ឆ្លុះបញ្ជាំងពីភាពទន់ខ្សោយ ក្នុងទំនាក់ទំនងជាមួយក្រុមការងារ Twitter និងភាពគ្មានឆន្ទៈ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ជាមួយសារព័ត៌មាន ដែលស្ថិតក្រោមការគ្រប់គ្រង របស់រដ្ឋាភិបាលចិន។

ក្នុងសារទាំងនោះ ហាក់មិនបង្ហាញពី ការពង្រីកយុទ្ធសាស្ត្រ Twitter ឬការបង្កើតកិច្ចខិតខំប្រឹងប្រែងណាមួយ ក្នុងការជម្រុញធ្វើយ៉ាងណា ឱ្យប្រព័ន្ធទំនាក់ទំនងនេះ អាចប្រើប្រាស់ ដោយសេរីក្នុងប្រទេសចិន វិញនោះឡើយ។ តែនាងធ្លាប់បានសរសេរថា ប្រព័ន្ធ Twitter នៅតែបន្តប្តេជ្ញា បម្រើលើកិច្ចការ ជម្រុញទីផ្សារប្រទេសចិន និងផ្តោតការយកចិត្តដាក់ ក្នុងការបម្រើដល់អតិថិជន បំណងចង់ប្រលូកក្នុងទីផ្សារអន្តរជាតិ។

នៅក្នុងប្រព័ន្ធ Twitter កាលពីចុងសប្តាហ៍នេះ លោកស្រី Chen បានបញ្ជាក់ថា បន្ទាប់ពីការលាលែង នាងនឹងប្រើប្រាស់ពេលវេលា ដើម្បីបង្កើនថាមពលជាថ្មី សិក្សាបន្ថែមអំពីវប្បធម៌អន្តរជាតិ និងជម្រុញឱកាសរបស់ខ្លួន ក្នុងវិស័យពាណិជ្ចកម្មអន្តរជាតិ៕


ផ្តល់សិទ្ធិដោយ​ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Kathy Chen