CamNews

តារា 

ឪពុក ភិន សុដា​លីស ទាត់ ប៉ែន ចំរ៉ុង ៣ជើង គំរាម​ឲ្យ​ឈប់​ទាក់​ទង​កូន​ស្រី

ភ្នំពេញ៖ ឪពុករបស់តារាសម្ដែងវ័យក្មេង កញ្ញា ភិន សុដាលីស គឺលោក អ៊ិន សុភិន ជាចាងហ្វាងផលិតកម្ម មហាហង្ស មានផ្ទុះហឹង្សា ទាត់តារាសម្ដែង ល្បីឈ្មោះ លោក ប៉ែន ចំរ៉ុង ចំនួន៣ជើង ដើម្បីជាការគំរាម ទៅនឹងទង្វើដ៏គឃ្លើន ដែលតារារូបនេះ បានលួចលាក់ទាក់ទង កូនស្រីបណ្ដូលចិត្ត និងប្រើសម្ដីមិនសមរម្យដាក់ខ្លួន។

ហេតុការណ៍ផ្ទុះជម្លោះ រហូតមានជាអំពើហឹង្សាលើលោក ប៉ែន ចំរ៉ុង គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីវេលាម៉ោង១០ យប់ ថ្ងៃទី២៦ ខែសីហានេះ នៅឯមុខភូមិគ្រឹះរបស់លោក អ៊ិន សុភិន ក្នុងខណ្ឌសែនសុខ ខណៈដែលតារាសម្ដែង ប៉ែន ចំរ៉ុង បានជូនកូនស្រីរបស់ខ្លួន គឺកញ្ញា ភិន សុដាលីស ត្រឡប់មកផ្ទះវិញ ។

បន្ទាប់ពីបានឃើញ នូវទំនាក់ទំនងរវាងកូនស្រី និងលោក ប៉ែន ចំរ៉ុង ហាក់មានសភាខុសប្លែក ពីមិត្តភាពធម្មតា លោក អ៊ិន សុភិន បានហាមប្រាមពួកគេ ឲ្យឈប់ទាក់ទងគ្នា ព្រោះ ដាលីស មានគូដណ្ដឹងរួចហើយ គឺ លោក ប៉ែន តុលា និងត្រៀមចូលរោងការ នៅចុងឆ្នាំ២០១៥ នេះទៀតផង ។


លោក អ៊ិន សុភិន និយាយថា«ខ្ញុំខឹងខ្លាំងពេក ព្រោះចំរ៉ុង បានមើលងាយគ្រួសារខ្ញុំ ខ្ញុំបានហាមរូបគេ កុំឲ្យទាក់ទងកូនស្រីខ្ញុំទៀត តែគេមិនស្ដាប់ និងហាក់មិនឲ្យតម្លៃរូបខ្ញុំទាល់តែសោះ..! ខ្ញុំក៏ទ្រាំលែងបាន ខ្ញុំសូមប្រកាសសង្គ្រាមជាមួយចំរ៉ុង បើខ្ញុំវាយចំរ៉ុង បាក់ដៃតើគាត់ហ៊ានធ្វើអីខ្ញុំ..?»។

យ៉ាងណាមិញ ក្រោយពីផ្ទុះជម្លោះ រហូតមានហឹង្សារួចមក ប៉ែន ចំរ៉ុង មិនបានតបត និងប្រើហឹង្សាអ្វីទៅលើលោក អ៊ិន សុភិន វិញឡើយ ខណៈដែលក្នុងហេតុការណ៍នោះ ក៏គេសង្កេតឃើញ កញ្ញា ភិន សុដាលីស បានស្ទុះស្រវេស្រវា ជួយឃាត់ និងសម្របសម្រួល ដើម្បីពន្លត់ជម្លោះនេះ ក្នុងគ្រានោះដែរ។

ដើម្បីប្រកាសជាសាធារណៈ ថា ប៉ែន ចំរ៉ុង ត្រូវតែដកខ្លួនជាបន្ទាន់ ពីទំនាក់ទំនងជាមួយកូនស្រីរបស់ខ្លួន ចាប់ពីថ្ងៃនេះ លោក អ៊ិន សុភិន បានធ្វើសន្និសីទសារព័ត៌មាន ទាំងតក់ក្រហល់មួយ កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥នេះ ដើម្បីប្រកាសឲ្យមហាជនដឹងថា លោកមិនត្រូវការកូនប្រសារ ដែលមានចរិក ដូចជាតារាសម្ដែង ប៉ែន ចំរ៉ុង នេះឡើយ ព្រោះរូបគេ ជាមនុស្សមិនគួរឲ្យទុកចិត្ត រាប់អានមិនស្មោះត្រង់ មើលឃើញតែប្រយោជន៍ផ្ទាល់ខ្លួន និងបានមើលងាយ ដល់គ្រួសាររបស់លោក ទៀតផង។

ជុំវិញរឿងរ៉ាវ ដ៏ប្រទាញប្រទង់គ្នានេះ LookingTODAY នៅមិនទាន់ស្វែងរក ការបកស្រាយពីលោក ប៉ែន ចំរ៉ុង តារាសម្ដែងកំពុងតែល្បីឈ្មោះ ប្រចាំប្រទេសកម្ពុជា បានទេនៅពេលនេះ ខណៈដែលទូរស័ព្ទចូល ប៉ុន្តែត្រូវបានបងប្រុសជាអ្នកទទួលជំនួសទៅវិញ ហើយប្រាប់ថា ចំរ៉ុង កំពុងរវល់ និងមិនបានកាន់ទូរស័ព្ទ ជាប់ខ្លួនឡើយ។

ដោយឡែកកញ្ញា ភិន សុដាលីស ក៏មិនអាចទទួលបាន ការបកស្រាយបានដូចជា ខណៈដែលទូរស័ព្ទ ខលចូល ប៉ុន្តែត្រូវបាននាងចុចបិទ។
ជាការពិតក្នុងជម្លោះ ដោយសារតែទំនាក់ទំនងធម្មតា ក្លាយជាស្នេហា រវាង ប៉ែន ចំរ៉ុង និងកញ្ញា ភិន សុដាលីស មហាជនមិនអាច សន្និដ្ឋាន បានទេថា តើពន្លកស្នេហានេះ នរណាជាអ្នកចាប់ផ្ដើមមុន ព្រោះគេសង្កេតឃើញថា ចាប់តាំងពីលោក អ៊ិន សុភិន ដែលជាចាងហ្វាងផលិកម្ម មហាហង្ស បានបើកឱកាសឲ្យ ចំរ៉ុង និងដាលីស សម្ដែងជាតួឯកជាមួយគ្នាក្នុងរឿង«អាព្រឿងងាប់ហើយ» មក អ្នកទាំងពីរហាក់ប្រែក្លាយ ពីមិត្តភាពធម្មតា ទៅជាស្នេហា រហូតផ្ទុះពាក្យសម្ដីដៀមដាម រាលដាលដល់ជីវិតពិតរបស់ក្រុមគ្រួសារ កញ្ញា ដាលីស ទៀតផង។

អ្វីដែលជាការពិត គឺមានតែមហាជនទេ ជាអ្នកធ្វើការពិចារណា ថ្លឹងថ្លែងដោយខ្លួនឯង ថា ក្នុងរឿងនេះ តើនរណាខុសនរណាត្រូវ តើប៉ែន ចំរ៉ុង ជាមនុស្សមានចរិត ដូចការចោទប្រកាន់ របស់លោក អ៊ិន សុភិន ឬយ៉ាងណា ?

- អាន ៖ ចាង​ហ្វាង​ផលិត​កម្ម មហា​ហង្ស បើក​សន្និសីទ​ប្រកាស​​​តាម​វាយ ប៉ែន ចំរុង រឿង​បណ្ដើរ​កូនស្រី ដល់យប់ជ្រៅ


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh