CamNews

ព័ត៌មានអន្តរជាតិ 

អ្នកគាំទ្ររបស់ Donald Trump ព្រមានថានឹងធ្វើឃាត Hillary Clinton បើសិនលោកស្រីជាប់ឆ្នោត

ខណៈដែលបេក្ខជនប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ លោក Donald Trump បានអំពាវនាវឱ្យ
ចាប់គូប្រជែងរបស់ខ្លួនគឺលោកស្រី Hillary Clinton ដាក់គុក ថ្មីៗនេះ អ្នកគាំទ្ររបស់លោក ថែមទាំង
បានគំរាមថានឹងធ្វើឃាត បើសិនលោកស្រីជាប់ឆ្នោត។

បេក្ខជនប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ លោក Donald Trump

យោងតាមគេហទំព័រ Independent របស់អង់គ្លេស អ្នកគាំទ្ររបស់មហាសេដ្ឋី Donald Trump នៅ
Cincinnati ថ្មីៗនេះបានប្រកាសថានឹងធ្វើសកម្មភាពប្រឆាំង បើសិនលោកស្រី Clinton បានយកឈ្នះ
ក្នុងការប្រជែងចូលទៅកាន់សេតវិមាន ក្នុងនោះអាចរួមមានទាំងការធ្វើរដ្ឋប្រហារ ឬបដិវត្ត ហើយក៏
អាចនឹងរួមបញ្ចូលទាំងការធ្វើឃាតបេក្ខភាពមកពីបក្សប្រជាធិបតេយ្យ។

ឆ្លើយតបទៅនឹងកិច្ចសម្ភាសរបស់ CNN កាលពីពេលថ្មីៗនេះ Dan Bowman អាយុ ៥០ឆ្នាំ ដែលជា
អ្នកគាំទ្ររបស់លោក Trump និយាយថា “ខ្ញុំមានអារម្មណ៍ថា លោកស្រី Hillary គួរត្រូវបានគេវាយ
ឱ្យខ្ទាតចេញ បើសិនជាលោកស្រីជាប់ឆ្នោត។ ខ្ញុំនឹងធ្វើអ្វីៗទាំងអស់ដែលអាចធ្វើបានដើម្បីវាយ
លោកស្រីឱ្យខ្ទាតចេញមកក្រៅ។ បើសិនជាខ្ញុំត្រូវការបង្ហាញថា ខ្លួនជាអ្នកស្នេហាជាតិពិតប្រាកដ
ខ្ញុំនឹងធ្វើវា”។

នៅក្នុងកិច្ចសម្ភាសមុននេះជាមួយទីភ្នាក់ងារសារព័ត៌មាន Boston Globe បុរសខាងលើក៏ធ្លាប់បាន
និយាយថា លោកសង្ឃឹមថានឹងមានរដ្ឋប្រហារមួយដើម្បីផ្ដួលលោកស្រី Clinton បើសិនលោកស្រី
ជាប់ឆ្នោតជាប្រធានាធិបតី។

លោក Dan Bowman និយាយថា “លោកស្រីគួរណាស់តែត្រូវបានចាប់ដាក់គុក ឬប្រហារជីវិត។
នោះគឺជាអ្វីដែលខ្ញុំគិត។ បើសិនលោកស្រីជាប់ឆ្នោត ខ្ញុំសង្ឃឹមថាអាចនឹងមានរដ្ឋប្រហារមួយ។
យើងខ្ញុំត្រូវការធ្វើបដិវត្ត។ នឹងមានការបង្ហូរឈាម។ ខ្ញុំនឹងធ្វើអ្វីៗដែលអាចធ្វើបានដើម្បីប្រទេស
ជាតិ”។

ឆ្លើយតបទៅនឹងកិច្ចសម្ភាសជាមួយ Independent អ្នកនាំពាក្យម្នាក់របស់ទីភ្នាក់ងារចារកម្មអាមេរិក
និយាយថា ពួកគេឮនិយាយអំពីការគំរាមរបស់លោក Bowman ប៉ុន្តែ មិនបានផ្ដល់ព័ត៌មានណាមួយ
ទាក់ទឹននឹងបញ្ហាការពារសន្តិសុខដល់បណ្ដាបេក្ខភាពប្រធានាធិបតី។

បេក្ខភាពប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យ លោកស្រី Hillary Clinton 

នៅក្នុងការឃោសនារកសម្លេងឆ្នោតកាលពីពេលថ្មីៗនេះ លោក Trump ក៏ធ្លាប់បានគំរាមជាញឹក
ញាប់ថានឹងចាប់លោកស្រី Clinton ដាក់គុក បើសិនលោកជាប់ឆ្នោត។ លោក Trump ថ្លែងថា “ខ្ញុំ
មិនចង់និយាយចេញនូវប្រការនេះ ប៉ុន្តែ បើសិនខ្ញុំជាប់ឆ្នោត ខ្ញុំនឹងបញ្ជាឱ្យរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌
តែងតាំងព្រះរាជអាជ្ញាពិសេសម្នាក់ដើម្បីស៊ើបអង្កេតទៅលើលោកស្រី។ មានការនិយាយបោក
ប្រាស់ច្រើនហួសហេតុ។ ប្រជាជនទូទាំងប្រទេសកំពុងខឹងសម្បារខ្លាំង។ លោកស្រីគួរតែខ្មាស់ខ្លួន
ឯង ដោយសារតែខ្លួនឯង...ព្រោះថា លោកស្រីនឹងត្រូវចូលគុក”៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ Independent


Tags: Donald Trump Hillary Clinton គំរាម​ ធ្វើឃាត