CamNews

ឆេះពន្ធនាគារនៅ Honduras អ្នកទោសជាង៣៥០នាក់ ត្រូវស្លាប់

អ្នកទោសរាប់រយនាក់បានជាប់នៅក្នុងបន្ទប់នៃមន្ទីរឃុំឃាំង បានស្រែកយ៉ាងទ្រហឹងដើម្បី
អោយគេជួយ ខណៈដែលអគ្គីភ័យកំពុងលេបត្របាក់ពន្ធនាគារមួយនៅ Honduras បណ្ដាល
អោយអ្នកទោសយ៉ាងតិច ៣៥០នាក់ត្រូវបាត់បង់ជីវិត។

អគ្គីភ័យកំពុងឆេះពន្ធនាគារនៅ Honduras

នៅវេលាម៉ោងប្រហែលជា ១០ និង ៥០នាទីយប់នៃថ្ងៃទី ១៤ កុម្ភៈ(ម៉ោងក្នុងស្រុក) នៅក្នុង
មន្ទីរឃុំឃាំងមួយនៅក្នុងទីរួមស្រុក Comayagua នៃប្រទេស Honduras ត្រូវបានភ្លើងឆាបឆេះ
យ៉ាងសន្ធោសន្ធៅ និងបានលេបត្របាក់ពន្ធនាគារនេះទាំងមូល។ លោក Hector Ivan Mejia
អ្នកនាំពាក្យក្រសួងសន្ដិសុខនៃប្រទេស Honduras បានអោយដឹងថា អ្នកទោសប្រមាណជា
៤៧៥ នាក់បានរត់គេចចេញពីពន្ធនាគារ និងអ្នកទោស ៣៦៥ នាក់ទៀតកំពុងបាត់ខ្លួន
ដែលត្រូវបានគេជឿថាបានស្លាប់ ខណៈដែលមានអ្នកទោស ២១ នាក់ផ្សេងទៀតរងរបួស
បន្ទាប់ពីគ្រោះអគ្គីភ័យបានកើតឡើង។

ទីតាំងនៃពន្ធនាគារដែលបានឆេះ


សារព័ត៌មាន AP បានរាយការណ៍ថា បច្ចុប្បន្នអាជ្ញាធរនៃប្រទេសនេះកំពុងធ្វើការស៊ើបអង្កេត
និងស្រាវជ្រាវរកមូលហេតុនៃគ្រោះអគ្គីភ័យនេះ។

ជនរងគ្រោះដែលនៅមានជីវិតត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យ


សាច់ញាតិរបស់អ្នកទោសរបស់អ្នកទោសរាប់រយនាក់ បាននាំគ្នាទៅកាន់មន្ទីរពេទ្យដើម្បី
ស្វែងរកបងប្អូន។ ការកំណត់អត្ដសញ្ញាណនជនរងគ្រោះក្នុងហេតុការណ៍នេះនឹងត្រូវ
ចំណាយពេល ៣ខែ ដោយសារតែជនរងគ្រោះមួយចំនួនបានក្លាយជាផេះទៅហើយ ដូច្នេះ
គេត្រូវតែពិនិត្យ DNA។

គួររំឮកថា Honduras គឺជាប្រទេសដែលមានប្រជាជន ៧,៦លាននាក់ និងជាផ្លូវសំខាន់បំផុត
ក្នុងការរត់ពន្ធគ្រឿងញៀនពីអាមេរិកកណ្ដាលទៅកាន់អាមេរិក។ Honduras ត្រូវបានគេដឹង
ថា ជាប្រទេសមួយដែលមានអាត្រាឧក្រិដ្ឋកម្មហិង្សាខ្ពស់បំផុតក្នុងពិភពលោក៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ reuters/VE

Tags: fireprisonprisonerhonduras