CamNews

ផែនដីនឹងត្រូវដុតកំទេចដោយព្រះអាទិត្យ

ភព ឬផ្កាយនិមួយៗតែងតែមានទំនាញទៅវិញទៅមក រីឯការឆេះរបស់ផ្កាយនិមួយៗក៏តែង
ពង្រីកមាឌរបស់វាជាបន្ដបន្ទាប់ ដូច្នេះ កត្តាទាំងពីរនេះ អាចអោយអ្នកវិទ្យាសាស្ដ្រសន្និដ្ឋាន
បានថា នៅពេលកំណត់ណាមួយ ភពផែនដីនឹងត្រូវដុតកំទេច។


ភព KOI 55.01 ដែលកំពុងត្រូវបានដុតកំដៅដោយផ្កាយមេរបស់វា

ស្ថានភាពនៃភពចំនួនពីរដែលកំពុងវិលជុំវិញ និងត្រូវបានដុតកំដៅដោយផ្កាយមេរបស់វា
ដែលមានចម្ងាយ ៣.៩០០ ឆ្នាំពន្លឺពីប្រព័ន្ធព្រះអាទិត្យ បានផ្ដល់អោយក្រុមអ្នកតារាវិទូនូវ
ការយល់ឃើញ និងជាភ័ស្ដុតាងយ៉ាងច្បាស់អំពីអនាគតរបស់ប្រព័ន្ធព្រះអាទិត្យ សម្រាប់
រយៈពេល ៥ពាន់លានឆ្នាំខាងមុខ។

យោងទៅតាមការចុះផ្សាយនៅលើទំព័រ Nature បានអោយដឹងថា ភព KOI 55.01 រួមនិងភព
KOI 55.02 កំពុងធ្វើដំណើរគោចរនៅលើតារាវិថីជិតទៅនឹងផ្កាយមេរបស់វា ដែលកំពុងស្ថិត
ក្នុងស្ថានភាពឆេះខ្លាំង និងកាន់តែរីកធំឡើងៗ ខណៈពេលវាបានប្រើប្រាស់ថាមពលស្ទើរតែ
ទាំងអស់របស់ខ្លួន។

ភព KOI 55.01 និងភព KOI 55.02 នឹងត្រូវដុតកំទេចនាពេលខាងមុខ

ក្រុមអ្នកវិទ្យាសាស្ដ្រមកពីមហាវិទ្យាល័យ Montreal ប្រទេសកាណាដា និង មហាវិទ្យាល័យ
Toulouse ប្រទេស បារាំង បានសន្និដ្ឋានថា ភព KOI 55.01 និងភព KOI 55.02 ដែលកំពុង
ស្ថិតនៅចំពោះមុខនៃ"ក្ដីស្លាប់" នេះ មានទំហំជាបន្តបន្ទាប់គឺ ៧៦% និង ៨៧% បើធៀបទៅ
នឹងភពផែនដី ប៉ុន្ដែ កាលពីដើមឡើយ ភពទាំងពីរនេះ អាចមានទំហំធំជាងផែនដីច្រើនដង។ ប្រការដែលធ្វើអោយពួកវាតូចបែបនេះ គឺដោយសារពួកវាស្ថិតនៅគៀកទៅនឹងផ្កាយមេដែល
កំពុងឆេះ ដូច្នេះ ពួកវាកំពុងត្រូវបានដុតកំលោចជាបន្ដបន្ទាប់។


ព្រះអាទិត្យនឹងពង្រីកមាឌមកដល់ចំណុចវិថីគោចររបស់ភព
ព្រះអង្គាររយៈពេល ៥ពាន់លានឆ្នាំខាងមុខ

ដោយសារតែភពទាំងពីរនេះ ស្ថិតនៅក្បែរផ្កាយមេរបស់វា ដូច្នេះនៅផ្ទៃខាងលើរបស់ពួកមាន
កំដៅឡើងដល់ ៨០០០អង្សាសេ។

នៅក្នុងករណីនៃប្រព័ន្ធព្រះអាទិត្យ នៅពេលវាស្ថិតក្នុងដំណាក់កាលចុងក្រោយ ព្រះអាទិត្យ
នឹងពង្រីកមាឌរបស់វាមកដល់គន្លងគោចរនៃភពព្រះអង្គារបច្ចុប្បន្ន ជាលទ្ធផល ភពផែនដី
ពេលនោះនឹងត្រូវដុតកំទេចដោយអណ្ដាតភ្លើងរបស់ព្រះអាទិត្យមិនខាន៕





ដោយ ៖ សូរីយ៉ា
ប្រភព ៖ Nature

Tags: international newsspacesunsolar systemskymoon