CamNews

ប្រទេសចិន ៖ រថយន្ដកិនក្មេងស្រីមួយទៀតហើយ !

នៅប្រទេសចិន ក្មេងស្រីម្នាក់ទៀតហើយដែលត្រូវរថយន្ដកិនពីលើ ប៉ុន្ដែមិនបណ្ដាលអោយ
បាត់បង់ជីវិតដូចករណីក្មេងស្រីម្នាក់ឈ្មោះ យ៉េយ៉េ ដែលត្រូវបានរថយន្ដចំនួន ២ គ្រឿងកិនពី
លើខ្លួនជាបន្ដបន្ទាប់ កាលពីប៉ុន្មានខែមុខនោះទេ។


សាធារណមតិនៅលើប្រព័ន្ធអ៊ីធើរណែតក្នុងប្រទេសចិន កំពុងមានការភ្ញាក់ផ្អើល​ និងនាំគ្នា
ជជែកសារជាថ្មី ក្រោយពីកាមេរ៉ាចរាចរថតបានសកម្មភាពរថយន្ដ Honda CR-V ដែលមាន
ទំនង់ ១,៦តោន បានកិនក្មេងស្រីអាយុ ៥ឆ្នាំម្នាក់នៅលើផ្លូវមួយក្នុងក្រុង Wenzhou ខេត្ត
Zhejiang ។

ខ្សែវីដេអូថតកាលពីវេលាម៉ោង ៧ និង ២៥នាទីព្រឹក ថ្ងៃទី ៩ធ្នូ ឆ្នាំ​២០១១ បានបង្ហាញថា ក្មេង
ស្រីអាយុ ៥ឆ្នាំនេះត្រូវបានស្រ្ដីពីរនាក់ដឹងដៃដើរនៅកណ្ដាលផ្លូវ ក្រោយមក ក្មេងស្រីនេះហាក់
ដូចជាងង៉ក់ និងធ្វើអោយស្រ្ដីពីរនាក់នោះខឹង រួចបានគំរាមទុកនាងចោល​ និងបានដើរទៅមុខ។
ភ្លាមនោះ ស្រាបតែមានរថយន្ដ CR-V មួយគ្រឿងបានបរតិចៗមកដល់ និងកិនក្មេងស្រីនេះតែ
ម្ដង។ តាមសកម្មភាពក្នុងវីដេអូនេះ បានបង្ហាញដែរថា ប្រហែលជាអ្នកបើកបររថយន្ដមើលមិន
ឃើញក្មេងស្រីនោះ ដោយសារតែបាំងរថយន្ដដឹកទំនិញមួយគ្រឿងដែលចតនៅក្បែរកន្លែង
កើតហេតុ។

គ្រោះថ្នាក់បានកើតឡើងនៅពេលក្មេងស្រីនេះមិនព្រមដើរទៅមុខ
ហើយម្ដាយ និងមិត្តភ័ក្ដម្នាក់ទៀតបានដើរចោល

ភ្លាមនោះ អ្នកបើកបររថយន្ដបានចាប់ហ្វ្រាង និងប្រញាប់ចុះមកមើលហេតុការណ៍។ ស្រ្ដីពីរ
នាក់ដើរជាមួយក្មេងស្រីនេះ​ក៏បានស្រែកហៅអោយគេជួយ អ្នកធ្វើដំណើរនៅក្បែរនោះក៏បាន
នាំគ្នាមកជួយសង្គ្រោះក្មេងស្រីនេះ ដោយប្រើឧបករណ៍លើករថយន្ដ និងយកក្មេងស្រីនោះ
ចេញ។ សារព័ត៌មានក្នុងស្រុកបានផ្សាយថា ក្មេងស្រីរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរ
ពេទ្យ ប៉ុន្ដែអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះ គឺថា ក្មេងស្រីអាយុ ៥ឆ្នាំនេះ គ្រាន់តែត្រូវរងរបួស
ស្រាលប៉ុណ្ណោះ។

អ្នកដំណើរនៅក្បែរនោះបានចូលទៅជួយលើករថយន្ដ

លោក Qian អាយុ ៧៤ឆ្នាំ ដែលបានចូលរួមក្នុងការជួយសង្គ្រោះក្មេងស្រីនេះ បានថ្លែងថា ៖
"ការជួយសង្គ្រោះក្មេងស្រីនេះគឺជាប្រការដែលយើងខ្ញុំគិតដល់ដំបូងគេ" ។ ចំណែកសាក្សីម្នាក់
ឈ្មោះ Zhou និយាយថា ៖ "ប្រសិនជួបប្រទះនឹងករណីបែបនេះ សូមអ្នករាល់គ្នាមេត្តាជួយ
សង្គ្រោះជនរងគ្រោះដូចនៅក្នុងករណីនេះ"។

រថយន្ដត្រូវបានបង្កើប ក្មេងស្រីរងគ្រោះត្រូវបានយកចេញពីក្រោមកង់រថយន្ដ

យើងនៅចាំបានថា កាលពីថ្ងៃទី ១៣ តុលា នៅក្នុងក្រុង Foshan កាមេរ៉ាចរាចរក៏ថតបាន
សកម្មភាពក្មេងស្រីអាយុ ២ឆ្នាំម្នាក់ត្រូវរថយន្ដដឹកទំនិញកិនផងដែរ។ អ្នកបើកបរនោះបាន
ចាប់ហ្វ្រាង រួចបើកទៅមុខដែលបានធ្វើអោយកង់ក្រោយរបស់រថយន្ដកិនលើក្មេងស្រីនោះ
ម្ដងទៀត បន្ទាប់មកក៏មានរថយន្ដដឹកទំនិញមួយផ្សេងទៀតបានមកដល់ ហើយបានកិន
លើក្មេងស្រីជនរងគ្រោះថែមពីលើទៀត។ ក្រោយពីហេតុការណ៍បានកើតឡើង មានមនុស្ស
ចំនួន ១៨នាក់បានដើរកាត់ក្មេងស្រីរងគ្រោះដែលកំពុងដេកក្នុងថ្លុកឈាម ប៉ុន្ដែពួកគេមិនបាន
អើពើអ្វីសោះ រហូតដល់មានស្រ្ដីអ្នករើសសំរាមម្នាក់បានប្រទះឃើញ និងបានជួយយកនាង
ទៅមន្ទីរពេទ្យ ប៉ុន្ដែដោយសារត្រូវរងរបួសធ្ងន់ពេក ប៉ុន្មានថ្ងៃក្រោយមក ក្មេងស្រីរងគ្រោះនោះ
ក៏បានបាត់បង់ជីវិត។

ហេតុការណ៍បែបនេះបានធ្វើអោយមានការក្ដៅក្រហាយនៅក្នុងសង្គមចិន។ ក្រុមអ្នកសង្គម
វិទ្យាបានថ្លែងថា សេដ្ឋកិច្ចរីកចម្រើនដោយមានល្បឿនបញ្រ្ចាសទិសនឹងសេចក្ដីស្រលាញ់
និងការចែករំលែក សង្គមកាន់តែធ្វើអោយមនុស្សបាត់បង់មនោសញ្ចេតនា។

ដើម្បីសម្រាលដល់ស្ថានភាព និងដើម្បីដាស់ស្មារតិដល់ប្រជាជនទូទៅនៅក្នុងប្រទេស ក្រុម
សង្គមស៊ីវិល និងឯកជនជាច្រើននៅប្រទេសចិន បានជូនអំណោយ និងរង្វាន់ដល់ស្រ្ដីអ្នក
រើសសំរាម ក្រោយពីហេតុការណ៍រថយន្ដកិនក្មេងស្រីអាយុ ២ឆ្នាំនោះ ប៉ុន្ដែស្រ្ដីនោះបានប្រកែក
មិនទទួលយកជាដាច់ខាត់ ដោយបានថ្លែងថា នេះគឺជាទង្វើដែលមនុស្សទូទៅត្រូវតែធ្វើ ព្រោះ
ជាក្ដីអាណិតអាសូរមនុស្សដូចគ្នា។ បើទោះជាយ៉ាងនេះក្ដី មានពាក្យចចាមអារាមមួយចំនួន
ដែលបាននិយាយថា ស្ដ្រីអ្នករើសសំរាមនោះធ្វើដូច្នេះគឺចង់ល្បីឈ្មោះ ប៉ុន្ដែក្រោយមក ស្ដ្រីនោះ
ក៏បានវិលទៅកាន់ស្រុកកំណើតរបស់ខ្លួនវិញ ដោយសារតែមានការរំខានដោយហួសហេតុពី
ក្រុមអ្នកកាសែត៕





ដោយ ៖ សូរីយ៉ា
ប្រភព ៖ dailymail

Tags: chinaaccidentchineseinternational news