CamNews

ព័ត៌មានអន្តរជាតិ 

រាប់សែន​នាក់ ជូន​ដំណើរ​សព អតីត​មេទ័ព ក្នុងសម័យ​សង្គ្រាម វៀតណាម

នៅវេលា​ម៉ោង ១៣ និង ៤៥នាទី ថ្ងៃទី ១៣ តុលា​នេះ ក្បួន​ដង្ហែ​សព​អតីត​អគ្គ​មេ​បញ្ជា​កងទ័ព​វៀត​ណាម Vo Nguyen Giap ដែល​បាន​ចាក​ចេញពី​ហាណូយ បានធ្វើ​ដំណើរ​ជិត​ដល់​គោលដៅ គឺ​តំបន់ Vung Chua ជាទី​កន្លែង​ចុងក្រោយ​របស់លោក។

សព​អតីត​អគ្គមេបញ្ជាការ​កងទ័ព​របស់ វៀតណាម ដែល​ធ្លាប់បាន​ច្បាំង​ឈ្នះ បារាំង និង​អាមេរិក គឺ​លោក Vo Nguyen Giap ត្រូវបាន​ដង្ហែ​ចាក​ចេញពី​ក្រុង​ហាណូយ តាម​យន្ដហោះ ឆ្ពោះទៅកាន់​ព្រលាន​យន្ដហោះ Dong Hoi ខេ​ត្រ  Guang Binh ។ បន្ទាប់ពី​មកដល់​គោលដៅ​ទីមួយ​(ព្រលាន​យន្ដ​ហោះ​ Dong Hoi) នៅវេលា​ម៉ោង ១២ និង ៤៥នាទី ក្បួ​ន​ដង្ហែ​សព ក៏បាន​បន្ដ​ដំណើរ​ ចាក​ពី​ព្រលាន​យន្ដហោះ Dong Hoi ឆ្ពោះ​ត្រង់​ទៅកាន់​តំបន់ Vung Chua នៅលើ​កោះ Dao Yen របស់​ខេ​ត្រ Guang Binh ដែលជា​កន្លែង​ចុងក្រោយ​បំផុត របស់​សព លោក Vo Nguyen Giap ។

នាំមុខ​ក្បួន​ដង្ហែ​សព​នេះ គឺ​រថយន្ដ​បើកផ្លូវ បន្ទាប់មក គឺ​កង​នគរបាល​ចរាចរណ៍ ក្បួន​រថយន្ដ​កងកម្លាំង​សន្ដិសុខ។ ចំណែក​រថយន្ដ​ដឹក​សព គឺ​នៅ​កណ្ដាល​ក្បួ​ន​។ សាកសព​របស់លោក Vo nguyen Giap ត្រូវបាន​គេ​ដាក់​នៅលើ​រថយន្ដ​ដឹក​កាំភ្លើង​ធំ និង​គ្របដណ្ដប់​ពីលើ ដោយ​ទង់ជាតិ។

គេ​ឃើញ​មាន​ប្រជាជន​រាប់សែន​នាក់ បាននាំគ្នា​មកឈរ​នៅតាម​សងខាង​ផ្លូវ ដើម្បី​ចូលរួម​ជូន​ដំណើរ​សព និង​ដើម្បី​សម្ដែង​ការដឹងគុណ វីរ​បុរស​ជាតិ របស់​ពួកគេ។ មនុស្ស​មួយចំនួន ក៏បាន​លើក​​​ដៃ​​តាម​របៀប​​ទាហាន ដើម្បី​គោរព។ ក្រៅពី​មនុស្ស​រាប់សែន​នាក់ ដែល​ឈរ​អម​សងខាង​ផ្លូវ គេ​ក៏​ឃើញ​ប្រជាជន​មួយចំនួន ឡើងដើមឈើខ្ពស់ៗ ក្នុង​បំណង បានឃើញ​ទិដ្ឋភាព​ដ៏​កម្រ​នេះ។

ក្បួន​ដង្ហែ​សព ធ្វើដំណើរ​តាមផ្លូវ​ជាតិ ឆ្ពោះ​ត្រង់​ទៅ​តំបន់ Vung Chua ដែលមាន​ចម្ងាយ​ពី​ព្រលាន​​​យន្ដហោះ Dong Hoi ប្រមាណ ៦០គីឡូម៉ែត្រ។

គួររំឭកថា មុននេះ យន្ដហោះ​ដែលមាន​ស្លាក​លេខ VN103 ដែល​បាន​ដឹក​សព​លោក Vo Nguyen Giap បាន​ចុះចត​នៅ​ព្រលានយន្ដហោះ Dong Hoi ខេ​ត្រ Guang Binh នៅវេលា​ម៉ោង ១១ និង ៥០នាទី។ ក្រុមមន្ដ្រី​ដែល​បានមក​ទទួល​សព នៅ​ព្រលានយន្ដហោះ មានដូចជា ប្រធានាធិបតី Truong Tan Sang (ប្រធាន​គណ​កម្មការ​​បុណ្យ​សពជាតិ) , ឧបនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc , រដ្ឋមន្ដ្រី​ការពារជាតិ ឧ​ត្ត​ម​សេនីយ៍ Phung Quang Thanh រួម​នឹង​មន្ដ្រីកំពូលៗរបស់​បក្ស​កុ​ម្មុយ​និ​ស្ដ​វៀតណាម ​ផងដែរ។ល។



ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ VE


Tags: Vo Nguyen Giap die buried vietnam Dao Yen Guang Binh