CamNews

លិចសាឡាងនៅឥណ្ឌា មនុស្ស២០០នាក់ស្លាប់ និងបាត់ខ្លួន

 

សាឡាងមួយគ្រឿងដឹកមនុស្សហួសចំណុះបានបាក់ជាពីរ និងលិចនៅភាគឦសាននៃប្រទេស
ឥណ្ឌាដោយសារព្យុះកាលពីថ្ងសទី​៣០មេសា បណ្ដាលអោយមនុស្សយ៉ាងតិច ១០៥នាក់បាន
ស្លាប់ និងជាង ៩៥នាក់បាត់ខ្លួន។

១០៥នាក់បានស្លាប់ និងជាង ៩៥នាក់បាត់ខ្លួនក្នុងគ្រោះថា្នក់លិចសាឡាងនៅឥណ្ឌា

ហេតុការណ៍នេះបានកើតឡើងនៅពេលសាឡាងមួយគ្រឿងដឹកមនុស្សប្រមាណជា ៣៥០នាក់
កំពុងធ្វើដំណើរតាមទន្លេ Brahmaputra ក្នុងរដ្ឋ Assam ក៏ស្រាប់តែមានព្យុះមកដល់ និងបានធ្វើ
អោយសាឡាងនេះត្រូវបាក់ជាពីរ។

នគរបាលបានប្រាប់អោយដឹងថា មនុស្សប្រមាណជា ១៥០នាក់ត្រូវបានជួយសង្គ្រោះ ឬហែល
ឡើងច្រាំងដោយខ្លួនឯង។

យោងតាមនគរបាល សាឡាងពីរជាន់នេះបានដឹកហួសចំណុះ ក្នុងនោះក៏មានការ៉ុងថ្ម និងការ៉ុង
អាហារជាច្រើនផងដែរ ប៉ុន្ដែសាឡាងនេះមិនមានអាវពោងការពារនោះទេ។

AFP បានរាយការណ៍ថា សាកសពប្រមាណជា ១០៥នាក់ ក្នុងនោះមានស្ដ្រី និងកុមារជាច្រើន
ត្រូវបានគេស្រង់ឡើងគោក និងយកទៅរក្សាទុកនៅមន្ទីរពេទ្យមួយក្នុងតំបន់។ នគរបាលមូលដ្ឋាន
បានប្រាប់អោយដឹងថា យ៉ាងហោចក៏មានអ្នករងគ្រោះជាង ១០០នាក់ទៀតកំពុងបាត់ខ្លួន។

AFP អោយដឹងទៀតថា នេះអាចជាករណីលិចសាឡាងដ៏អាក្រក់បំផុតក្នុងរយៈពេលចុងក្រោយ
នេះនៅអាស៊ីខាងត្បូង។ តំបន់នេះតែងកើតមានគ្រោះថ្នាក់បែបនេះ ដោយសារតែស្ដង់ដានៃសុវត្ថិ
ភាពនៅមានកម្រិតទាប ការដឹកហួសចំណុះ និងគ្មានការយល់ដឹង។

គួររំឭកថា កាលពីខែតុលា ឆ្នាំ ២០១០ សាឡាងមួយគ្រឿងបានលិច បណ្ដាលអោយជនជាតិ
អ៊ីស្លាម ៧៩នាក់ត្រូវបាត់បង់ជីវិត ខណៈដែលកប៉ាល់មួយគ្រឿងដឹកមនុស្ស ១៥០នាក់បានលិច
នៅក្នុងរដ្ឋ Bengal ខាងលិច។ កាលពីខែមិនា​ ឆ្នាំនេះ មនុស្សជាង ១៣៨នាក់បានស្លាប់នៅក្នុង
ប្រទេស Bangladesh នៅពេលដែលសាឡាងមួយគ្រឿងដឹកអ្នកដំណើរ ២០០នាក់លិចនៅក្នុង
ទន្លេ Meghna ភាគអាគ្នេយ៍នៃរដ្ឋធានី Dhaka ៕

ដោយ ៖ សូរីយា
ប្រភព ៖ AFP/Zing

 

 


Tags: India ship sank ferry