CamNews

ព័ត៌មានអន្តរជាតិ 

តារាចម្រៀង Ariana ផ្អាកគម្រោងសម្ដែងរបស់ខ្លួន ក្រោយសោកនាដកម្មនៅអង់គ្លេស

តារាចម្រៀងស្រីល្បីឈ្មោះនាង Ariana Grande ត្រូវបានគេរាយការណ៍ថា រូបនាងមានការខូចចិត្ដជាខ្លាំង បន្ទាប់ពីសោកនាដកម្មបំផ្ទុះគ្រាប់បែក នៅការសម្ដែងរបស់នាង ក្នុងទីក្រុង Manchester  ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២២ នាក់ និង ៥៩ នាក់ផ្សេងទៀត រងរបួស។

ប្រភពនានា បានប្រាប់ TMZ ថា តារាចម្រៀងកំពូលស៊ិចស៊ីរូបនេះ ក៏បានផ្អាក ដំណើរទស្សនកិច្ចសម្ដែង ទៅប៉ែកអឺរ៉ុបរបស់នាងផងដែរ។ នាង បានគ្រោងនឹងទៅសម្ដែង នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ នៅការប្រគំតន្រ្ដី O2 Arena ក្នុងទីក្រុងឡុងដ៍ មុនពេលបន្ដទៅសម្ដែងនៅប្រទេស បែលហ្ស៊ិក ប្រទេសប៉ូឡូញ ប្រទេសអាល្លឺម៉ង់ ​ប្រទេសស្វ៊ីស និងបារាំង។

កញ្ញា Grande វ័យ ២៣  ឆ្នាំបានបញ្ចប់ការសម្តែងរបស់ខ្លួន កាលពីរាត្រីថ្ងៃចន្ទ នៅពេលដែលសម្លេងបំផ្ទុះគ្រាប់បែកបានបន្លឺឡើងនៅវេលាម៉ោងប្រហែល ១០ :៣០ នាទីល្ងាច ម៉ោងក្នុងស្រុក។ នាងបានសរសេរ នៅក្នុង Twitter នៅវេលាម៉ោងប្រហែល ១១ យប់ថា៖  «ខូចចិត្ដខ្លាំងណាស់។ ឈឺចាប់ចេញពីជម្រៅបេះដូងរបស់ខ្ញុំតែម្ដង  ខ្ញុំមានការសោកស្តាយខ្លាំងណាស់។ ខ្ញុំ រកពាក្យមកថ្លែង មិនត្រូវទេ”។

យោងតាមប្រភពខ្សិបខ្សៀវមួយចំនួនឱ្យដឹងថា តារាចម្រៀងរូបនេះ បានផ្អាកដំណើរទស្សនកិច្ចសម្ដែង ដែលនៅសល់របស់នាង ។

អ្នកចាត់ការនៅក្នុងកម្មវិធីប្រគំតន្រ្ដី លោក Scooter Braun បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ "យប់នេះ យើងមានចិត្តសោកសង្រេងជាខ្លាំង។ យើង មិនអាចរកពាក្យមកថ្លែងពីទុក្ខសោករបស់យើង សម្រាប់ជនរងគ្រោះ និងក្រុមគ្រួសារ ដែលរងគ្រោះ នៅក្នុងការវាយប្រហារដែលមិនសមហេតុផលនេះ នោះទេ"។

"យើងសូមកាន់ទុក្ខជីវិតរបស់ក្មេងៗ និងអ្នកជាទីស្រឡាញ់ ដែលត្រូវបានឆក់យក ដោយអំពើ យ៉ាងកំសាកញីនេះ។ យើងសូមអរគុណចំពោះ សេវាសង្រ្គោះកាលពីយប់ម៉ិញប្រកបដោយការលះបង់ជីវិតនៃអ្នកឆ្លើយតបដំបូងគេរបស់ក្រុង Manchester ដែលបានសម្រុកចូលក្នុងហេតុការណ៍គ្រោះថ្នាក់ ដើម្បីជួយសង្គ្រោះជីវិតមនុស្ស”៕

មនុស្ស ១៩ នាក់ស្លាប់ ជាង ៥០ នាក់រងរបួស ដោយការវាយប្រហារគ្រាប់បែកអត្តឃាត នៅអង់គ្លេស



ប្រែសម្រួល៖ សារ៉ាត

 ប្រភព៖ New York Daily News


Tags: Ariana suspends tour explosion show