CamNews

ព័ត៌មានអន្តរជាតិ 

ទឹកជំនន់នៅទីក្រុងប៉ារីស ជាគ្រោះអាក្រក់មិនធ្លាប់មានក្នុងរយៈពេល ៣០ឆ្នាំមកនេះ (Video inside)

(ប៉ារីស)៖ ទីក្រុងប៉ារីសរបស់ប្រទេសបារាំង ដែលជាឋានសួគ៌ទេសចរណ៍ដ៏ល្បីល្បាញបំផុតរបស់ សកលលោកផងដែរនោះ បច្ចុប្បន្ននេះកំពុងតែត្រូវទឹកជំនន់គ្របដណ្តប់ផ្នែកជាច្រើន ជាពិសេសតំបន់ តួអេហ្វែល ដ៏ល្បីល្បាញក៏មិនអាចគេចផុតពីទឹកជន់លិចដែរ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន France24 នៅរសៀលថ្ងៃសៅរ៍ ទី០៤ ខែមិថុនា ឆ្នាំ២០១៦។

សារព័ត៌មានបារាំងបានចេញផ្សាយផងដែរថា ទឹកជំនន់ដែលបង្កឡើងដោយសម្ពាធទាបវាយប្រហារជាច្រើនថ្ងៃជាប់គ្នានេះ គឺមិនធ្លាប់កើតមានអស់រយៈពេល ៣០ឆ្នាំមកហើយ ដោយសារតែដងទន្លេ Seine កណ្តាលក្រុង បានកើនឡើងកម្ពស់រហូតដល់ទៅ ៦,៥ម៉ែត្រលើសកម្រិតប្រកាសអាសន្នទៅហើយ។ អាជ្ញាធរបានសម្រេចបិទផ្លូវក្រោមដី និងទីកន្លែងទេសចរណ៍ល្បីៗជាច្រើនទៀតដើម្បីសុវត្ថិភាព។

តាមការព្យាករណ៍ឲ្យដឹងថា ទឹកទំនងជាមិនអាចស្រកចុះដូចការរំពឹងទុក នៅចុងសប្តាហ៍នេះឡើយ ព្រោះថា ប្រព័ន្ធសម្ពាធទាបនឹងអូសបន្លាយ រហូតដល់ដើមសប្តាហ៍ក្រោយឯណោះ។ គួរបញ្ជាក់ថា មនុស្ស១៥នាក់ហើយបានស្លាប់ដោយសារទឹកជំនន់នៅទូទាំងតំបន់អឺរ៉ុប ក្នុងនោះមានអាល្លឺម៉ង់ ១០នាក់, និង មួយចំនួនទៀតនៅប្រទេស រ៉ូម៉ានី, ប៊ែលហ្សិក, អូទ្រីស, ហូល្លង់, និង ប៉ូឡូញ ស្របពេលដែលមនុស្ស រាប់ម៉ឺននាក់ទៀត ត្រូវបានជម្លៀសទៅកាន់ជម្រកបណ្តោះអាសន្ន៕




ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី


Tags: International news Paris Phnom Penh