CamNews

ព័ត៌មានអន្តរជាតិ 

បុរសម្នាក់ធ្លាក់ដាច់ផ្ងារពីសណ្ឋាគារ បណ្ដាលឱ្យរបួសធ្ងន់

បុរសជនជាតិហ្វាងឡង់វ័យក្មេងម្នាក់ រងរបួសធ្ងន់ បន្ទាប់ពីធ្លាក់ពីជាន់ទីបួននៃសណ្ឋាគារតូចមួយ នៅទីក្រុងឆ្នេរកោះ ប៉ាតាយ៉ា កាលពីរសៀលថ្ងៃពុធ។

បុរសម្នាក់ ដែលត្រូវបានគេស្គាល់ថា មានឈ្មោះ Hautamaki Mikko Veu Samuel អាយុ ៣៣ ឆ្នាំត្រូវបានគេប្រទះឃើញដេកដួលលើដី ដោយមានរបួសក្បាល និងស្នាមជាំជាច្រើនកន្លែងនៅក្បែរសណ្ឋាគារ Arya Inn Pattaya នៅតំបន់ Soi Honey ទីក្រុងផាតតាយ៉ា។

ប៉ូលិស និងអ្នកជួយសង្គ្រោះ បានទៅកន្លែងកើតហេតុ បន្ទាប់ពីត្រូវបានគេជូនដំណឹង នៅម៉ោង ៣ រសៀលថ្ងៃពុធ។ ពួកគេ បានធ្វើការសង្រ្គោះបឋម បន្ទាប់មក បានបញ្ជូនបុរសរងគ្រោះ ទៅកាន់មន្ទីរពេទ្យក្បែរនោះ។ សណ្ឋាគារ ដែលមានអាគារកម្ពស់ចំនួនបួនជាន់ ដែលត្រូវបានសង់ជាប់ៗគ្នា មានបារស្រាបៀរមួយ នៅជាន់ផ្ទាល់ដី និងបន្ទប់គេងមួយចំនួន នៅជាន់ខាងលើ។

បុគ្គលិកបម្រើស្រាបៀរម្នាក់ បានប្រាប់ប៉ូលីសថា ជនជាតិហ្វាំងឡង់ម្នាក់​នេះ បានចូលទៅក្នុងបន្ទប់មួយនៅជាន់ទី ៤ កាលពីព្រឹកថ្ងៃពុធ ហើយមិនបានបង្ហាញសញ្ញានៃការប្រព្រឹត្ដចម្លែកអ្វីនោះទេ។ មិនយូរប៉ុន្មាន នាងបានលឺសម្លេងយ៉ាងខ្លាំង ហើយដំបូងឡើយនាងគិតថា ប្រហែលជាប្រព័ន្ធម៉ាស៊ីនត្រជាក់ ផ្ទុះហើយ។ តាមរយៈការពិនិត្យរកមើល នាងបានប្រទះឃើញភ្ញៀវទេសចរម្នាក់រងរបួស ដេកដួលក្នុងចន្លោះតូចចង្អៀតមួយរវាងអគារពីរ។


ប៉ូលីស មិនទាន់កំណត់បានថា តើការធ្លាក់របស់បុរសនេះ កើតឡើងដោយចេតនា ឬដោយចៃដន្យនោះទេ។ ពួកគេគ្រោងនឹងសួរចម្លើយបុរសរងគ្រោះ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ ប៊ីប៊ីសុី