CamNews

ព័ត៌មានអន្តរជាតិ 

BREAKING NEWS: «បរិក្ខានៃ​ប្រព័ន្ធ​ការពារ​​មីស៊ីល THAAD មកដល់​កូរ៉េ​ខាង​ត្បូង​​ហើយ»

(សេអ៊ូល)៖ អ្វីៗ​បានដើរលឿន​ជាង​គំរោង​ហើយ​ដោយ​​ពេលនេះ ឧបករណ៍​រួមផ្សំ​មួយ​ចំនួន (Battery) ​នៃប្រព័ន្ធ​ការពារ​គ្រាប់​មីស៊ីល​​កម្រិតខ្ពស់ THAAD បានមកដល់​ប្រទេស​កូរ៉េខាងត្បូង តបតាមការ​អំពាវនាវ​​របស់​ប្រធានាធិបតីស្តី​ទីកូរ៉េខាងត្បូង និងប្រមុខការពារជាតិ​អាមេរិកដែលប្តេជ្ញា​ការពារសន្តិសុខ​ទីក្រុង​សេអ៊ូល​​ចំពោះមុខ​ការបង្កហេតុ​ដោយការបាញ់​មីស៊ីល ០៤គ្រាប់របស់​កូរ៉េខាងជើង​កាលពីថ្ងៃចន្ទ។ នេះបើ​តាម​ការ​ចេញ​ផ្សាយ​ដោយសារព័ត៌មាន​យ៉ុនហាប់ នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០១៧។

ក្រោយពីការ​បាញ់មីស៊ីល​សាកល្បង ០៤គ្រាប់​នាព្រឹកថ្ងៃចន្ទ​ដើមសប្តាហ៍នេះ ដែលគ្រប់គ្នា​មើលឃើញថា ជាការឆ្លើយតប​របស់ទីក្រុងព្យុងយ៉ាង​ទៅនឹងសមយុទ្ធយោធា​ដ៏ធំប្រចាំឆ្នាំ​រវាងអាមេរិក-កូរ៉េខាងត្បូងនោះ ទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូល​បានធ្វើថ្កោលទោស​យ៉ាងខ្លាំង ព្រមទាំងបាន​សម្រេចភ្លាមៗ​ឲ្យមានការ​បញ្ជូនឧបករណ៍​ពាក់ព័ន្ធនានា​នៃការតម្លើងប្រព័ន្ធ​ការពារមីស៊ីល THAAD ដែលគ្រោងនឹងដាក់ពង្រាយ​នៅចុងឆ្នាំ២០១៧នេះមកកាន់កូរ៉េខាងត្បូង ដែលវាអាចនឹងត្រូវបំពាក់កំណត់ហើយ។

ប្រទេសកូរ៉េខាងជើង​នាដើមឆ្នាំ២០១៧​នេះ ហាក់លេចឡើង​នូវបញ្ហាធំៗ​ជាច្រើន ជាពិសេស​ការធ្វើតេស្ត​គ្រាប់មីស៊ីល​ដែលទទួលរង​ទណ្ឌកម្មយ៉ាងច្រើន​ពីអន្តរជាតិ ក្នុងនោះមាន​ទាំងចិន​ដែលជាប្រទេស​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​បំផុតតែមួយគត់​របស់ខ្លួន​ផងដែរ។ បន្ថែមពីនេះ​ទៀតបញ្ហា​ធ្វើឃាត​លោក គីម ជុងណាំ បងប្រុស​លោក គីម ជុងអ៊ុន ក៏បាននិង​កំពុងធ្វើឲ្យទំនាក់​ទំនង​ការទូតជាមួយប្រទេសម៉ាឡេស៊ីឈាន​ទៅរក​ទីបញ្ចប់។ ដោយឡែក​ជុំវិញការគ្រោង​ដាក់ពង្រាយ THAAD មុនកំណត់នេះ បានទទួលប្រតិកម្មនិងការព្រមានរួច​ទៅហើយពីសំណាក់ប្រទេសចិន៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី​


Tags: Seoul South korea kpop