CamNews

កីឡាអន្តរជាតិ 

Arsenal, PSG, Dortmund, Bayern និង Atletico កក់​កៅ​អី​ឡើង​ទៅ​វគ្គ​១៦​ក្រុម​នៃ Champions មុន​គេ

(ប៊ែឡាំង)៖ រហូតមកទល់នឹងពេលនេះ ក្របខណ្ឌបាល់ទាត់កំពូលអឺរ៉ុប UEFA ​Champions League រកបានឃើញ ៥ក្រុមហើយឡើងទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ដោយ​ស្វ័យ​ប្រវត្តិ ទោះនៅសល់២ប្រកួតក្នុងដៃដូចគ្នាក៏ដោយ គ្រា​ដែល​ពួក​គេ​បាន​ឈរ​នៅ​កំពូល​តា​រាង​ដាច់​។

ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal ឈរនៅលេខ១ ក្នុងពូល A ដោយរកបាន១០ពិន្ទុ ស្មើនឹងក្រុមលេខ២ Paris Saint-Germain របស់​បារាំង​ដោយ​ឆ្លង​កាត់​៤​ប្រកួត មិន​ដែល​ចាញ់ និង​ឈ្នះ​៣ និងស្មើ១ដូចគ្នា ខណៈដែលក្រុម Ludogorets Razgrad របស់​បុលហ្គារី និង Basel របស់​ស្វីស​ហាល​អាវ​ទៅ​ហើយ នៅ​សល់​២​ប្រកួត​បង្រ្គប់​កិច្ច​តែ​ប៉ុណ្ណោះ បន្ទាប់​ពី ឆ្លងកាត់៤ប្រកួតវគ្គសន្សំពិន្ទុ មិនដែលឈ្នះ និងស្មើ១ដងដូចគ្នា។

ងាកទៅចាប់អារម្មណ៍ពូល D ឯណោះវិញ ក្រុម Atletico Madrid របស់អេស្ប៉ាញ ជាក្រុមទី១ដែលធ្វើបានល្អដាច់គេ ឆ្លងកាត់៤ប្រកួតមិន​ដែល​ចាញ់ និង​ឈ្នះ​រហូត រក​បាន​១២​ពិន្ទុ​ពេញ គ្រាដែលក្រុមលេខ២ Bayern Munich របស់អាល្លឹម៉ង់ រក​បាន​៩​ពិន្ទុ កក់​កៅ​អី​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ដូច​គ្នា គ្រា​ដែល PSV Einhoven របស់​ហូឡង់ និង Rostov របស់​រុស្ស៊ីហាលអាវ។

សម្រាប់ឯក្រុម Borussia Dortmund របស់អាល្លឺម៉ង់មួយទៀត ក៏បានកក់កៅអីឡើងទៅ១៦ក្រុមដែរ ក្រោយរកបាន១០ពិន្ទុពេញ គ្រា​ដែល​ក្រុម​ការ​ពារ​តំណែង​ជើង​ឯក Real Madrid របស់អេស្ប៉ាញ ឈរនៅលេខ២ កំពុងតថ្លៃជាមួយនឹងក្រុម Sporting CP របស់​ព័រទុយ​ហ្គាល់ ដែល​កំពុង​ឈរ​នៅ​លេខ​៣ ដោយ​មាន​តែ​៣​ពិន្ទុ ខណៈ​ក្រុម Legia Warsaw របស់ប៉ូឡូញហាលអាវមុនគេ លេង៤ប្រកួតមិនដែលឈ្នះ និងស្មើ១ដងគត់។

សូមបញ្ជាក់ថា កម្មវិធីប្រកួតជម្រុះសន្សំពិន្ទុក្នុងពូល នៅសល់២ប្រកួតទៀតគ្រប់ក្រុម មុននឹងបញ្ចប់ជាផ្លូវការនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ នឹង​ឈាន​ដល់​ចាប់​ឆ្នោត​ជ្រើស​រើស​គូ​ប្រកួត ក្នុង​វគ្គ​១៦ក្រុមជាបន្តនៅខែមករា ឆ្នាំ២០១៧ខាងមុខ៕

ក្រុម Atletico Madrid (អេស្ប៉ាញ)

ក្រុម Arsenal (អង់គ្លេស)

ក្រុម Bayern Munich (អាល្លឺម៉ង់)

ក្រុម Paris Saint Germain (បារាំង)

ក្រុម Borussia Dortmund (អាល្លឺម៉ង់)

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Arsenal