CamNews

កីឡាជាតិ 

រូប​ភាព ​១សន្លឹក កំពុង​ទទួល​រង​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ ពី​អ្នក​គាំ​ទ្រ​បាល់​​ទាត់​កម្ពុជា

(ភ្នំពេញ)៖ ក្រោយបញ្ចប់ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមម្ចាស់ផ្ទះឆាយនីសតៃប៉ិ ដោយលទ្ធផលស្មើគ្នា ២-២ ក្នុងជំនួបជម្រុះពានរង្វាន់ AFC Asain Cup 2019 ជើងទី១ យប់មិញ មានរូបថតមួយសន្លឹក  ត្រូវបានអ្នកគាំទ្របាល់ទាត់កម្ពុជា បង្ហោះចែកចាយតៗគ្នានៅលើ Facebook ហើយថែមទាំងធ្វើការរិះគន់យ៉ាងចាស់ដៃទៀតផង ។

នៅរូបថតខាងលើនេះ គឺបានបង្ហាញពីឥរិយាបថរបស់កីឡាករម្នាក់ឈ្មោះ Chen Po Liang នៃក្រុមម្ចាស់ផ្ទះឆាយនីសតៃប៉ិ ដែលបានបង្ហាញអាកប្បកិរិយាអសីលធម៌លើកីឡាករ ឈិន ឈឿន ខ្សែបម្រើក្រុមជម្រើសជាតិកម្ពុជា ដោយយកម្រាមដៃចង្អុលមុខ ឈិន ឈឿន ស្របពេលកីឡាករកម្ពុជារូបនេះ មានបញ្ហាដួលនៅលើទីលាន ។

ក្រោយមើលឃើញរូបនេះ អ្នកគាំទ្របាល់ទាត់កម្ពុជាជាច្រើន បាននាំគ្នារិះគន់លើកីឡាករ Chen Po Liang ដែលមានអត្ដចរិកមិនសាកសម្យជាកីឡាករឡើយ ។ អ្នកគាំទ្រមួយចំនួនទៀត បានលើកឡើងទៀតថា ការប្រកួតប្រៀបដូចធ្វើសង្ក្រាមអញ្ចឹង ព្រោះកីឡាករក្រុមឆាយនីសតៃប៉ិលេចកាចៗ គ្មានការអធ្យាស្រ័យ ពិសេសគឺកីលាករ Chen Po Liang តែម្ដង ។

ប៉ុន្ដែយ៉ាងណាក្រោយទទួលបានការយកចិត្តទុកដាក់ពីអ្នកគាំទ្របែបនេះ កីឡាករ ឈិន ឈឿន ក៏បានបង្ហោះសារមួយ នៅលើ Facebook ផ្ទាល់ខ្លួន ដោយសម្ដែងការអរគុណដល់អ្នកគាំទ្រ តែហាក់មិនខ្វល់ពីទង្វើររបស់កីឡាករ Chen Po Liang ធ្វើលើខ្លួនឡើយ ។

ឈិន ឈឿន បានសរសេរថា «ខ្ញុំអរគុណដល់អ្នកគាំទ្រទាំងអស់គ្នា ដែលបារម្ភពីរខ្ញុំ ហើយថ្ងៃនេះពួកយើងពិតជាខិតខំប្រឹងប្រែងខ្លាំងណាស់ ដែលមិនបានលទ្ធផលល្អជូនអ្នកគាំទ្រទាំងអស់គ្នា សោកស្ដាយខ្លាំងណាស់ អោយឱកាសមានច្រើន ហើយរបួសខ្ញុំឥលូវធូជាងមុន​ហើយអ្នកទាំងអស់គ្នា» ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: sport news