CamNews

ព័ត៌មានអន្តរជាតិ 

ផ្អើល រកឃើញ នាវា "ខ្មោច" យក្ស ដែលគ្មានសូម្បីតែ កាពីទែន

ព័ត៌មានអន្តរជាតិ៖ នាវាដឹកប្រេងធន់យក្សមួយគ្រឿង បានរសាត់អណ្តែត ទើរលើឆ្នេរសមុទ្រ ប្រទេស Liberia ខណៈគ្មានសូម្បីតែមនុស្សម្នាក់ គ្មានសូម្បីតែកាពីទែន និងក្រុមនាវិក ដែលជាហេតុនាំឲ្យអាជ្ញា ធរប្រទេស Liberia មានចម្ងល់ជាខ្លាំង និងកំពុងតែព្យាយាមស្វែងរកការពិតនៅពីក្រោយរឿងនេះ ។ 



នាវាដឹកប្រេងធន់យក្ស Tamaya 1 ទីតាំងចុងក្រោយបំផុតរបស់វាដែលត្រូវបានគេ កត់សម្គាល់ទុក និង ដឹងឮនោះគឺនៅថ្ងៃទី ២២ មេសា នៅពេលដែលនាវាមួយគ្រឿងនេះគ្រោងនឹងធ្វើដំណើរទៅកាន់កំពង់ ផែ Dakar ប្រទេស Senegal នេះបើយោងតាមរបាយការណ៍ពី Marine Traffic ។ 



សេចក្តីរាយការណ៍បញ្ជាក់ឲ្យដឹងថា នាវាដឹកប្រេងធន់យក្ស ដែលមានប្រវែងដល់ទៅ ៦៤ម៉ែត្រមួយ គ្រឿងនេះ បានរសាត់អណ្តែតមកទើរលើឆ្នេរសមុទ្រភាគខាងជើងប្រទេស Liberia នៅថ្ងៃទី ៤ ឧសភា កន្លងទៅនេះ ខណៈបណ្តាពលរដ្ឋក្នុងស្រុកបានប្រទះឃើញ និងធ្វើសេចក្តីរាយការណ៍ដល់ អាជ្ញាធរ ក្នុងស្រុក។ បណ្តាអាជ្ញាធរពាក់ព័ន្ធ គ្រប់ជាន់ថ្នាក់ បានចុះទៅផ្ទាល់ ទៅដល់នាវាអាថ៍កំបាំងខាងលើ ខណៈការស៊ើបអង្កេតកំពុងតែប្រព្រឹត្តិទៅយ៉ាងសកម្ម ។ មន្រ្តីផ្លូវការ គូសបញ្ជាក់ដល់ពលរដ្ឋក្នុងស្រុក ឲ្យដឹងថា នាវាដែលត្រូវបានគេបោះបង់មួយគ្រឿងនេះ ពុំមានការគម្រាមគំហែងណាមួយ ដល់សន្តិ សុខសង្គមនោះទេ។ គ្រប់សម្បទាសម្រាប់ទំនាក់ទំនង និងគ្រឿងមួយចំនួនរបស់នាវា ត្រូវបានគេលួច យកមុនពេលអាជ្ញាធរចុះទៅត្រួតពិនិត្យ។ ពុំមានឯកសាររបាយការណ៍ថ្មីៗនេះ នៅលើនាវានោះទេ ប៉ុន្តែមានរបាយការណ៍មួយចំនួន ចន្លោះឆ្នាំ ២០០៩-២០១៤ ។ មន្រ្តីមានសមត្ថកិច្ច ត្រូវបានដាក់ ពង្រាយនៅចំនុចនាវាអាថ៍កំបាំង "នាវាខ្មោច" បន្ទាប់ពីមានករណី លួចយកសម្បទាមួយចំនួនចេញពី នាវា ខណៈអ្នកទាំងនោះត្រូវបានចាប់ឃាត់ខ្លួន ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ 


Tags: Int news Hot news Breaking news