CamNews

ព័ត៌មានអន្តរជាតិ 

របាយការណ៍អាមេរិក៖ ក្នុង១០ឆ្នាំ តៃវ៉ាន់ចំណាយ ២៨,១ពាន់លាន ដុល្លារសម្រាប់ទិញអាវុធ

កោះតៃវ៉ាន់ បានក្លាយជាអតិថិជនមួយ ក្នុងចំណោមប្រទេសនាំចូលអាវុធច្រើនបំផុតរបស់
ប្រទេស អាមេរិក។


ថ្ងៃទី ១១ មករាកន្លងទៅ ទីភ្នាក់ងារស៊ើបអង្កេត និងគ្រប់គ្រងអាវុធ(Bureau of Arms Control,
Verification and Compliance) នៃក្រសួងការបរទេសអាមេរិកបានប្រកាសនូវ របាយការណ៍
ស្ដីពីការជញ្ជូន និងការនាំចេញ នាំចូលផ្នែមអាវុធទូទាំងពិភពលោក ក្នុងរបាយការណ៍នោះ
បានបង្ហាញថា ក្នុងអំឡុងពេលពីឆ្នាំ ១៩៩៥ ដល់ឆ្នាំ ២០០៥ កោះតៃវ៉ាន់ បានាំចូលនូវអាវុធ
ការពារប្រទេសដែលមានតម្លៃប្រមាណជា ២៨,១ ពាន់លានដុល្លារអាមេរិក ស្មើនឹង ៣១,៣%
នៃការនាំចូលសរុបរបស់តៃវ៉ាន់។

របាយការណ៍នេះក៏បានអោយដឹងដែរថា អាមេរិក នៅតែជាប្រទេសដែលបាននាំអាវុធចេញ
ច្រើនជាងគេក្នុងពិភពលោក។

ព័ត៌មានក្នុងរបាយការណ៍នោះបង្ហាញថា ក្នុងអំឡុងពេលពីឆ្នាំ ១៩៩៧ ដល់ ១៩៩៨ តៃវ៉ាន់
បានទិញយន្ដហោះចម្បាំងចំនួន ១៥០គ្រឿងពីអាមេរិក រួមជាមួយនឹងសម្ភារៈកងទ័ពមួយ
ចំនួនទៀត នៅក្នុងពីរឆ្នាំបន្ដបន្ទាប់នោះ តម្លៃនាំចូលសរុបរបស់តៃវ៉ាន់គឺ ៧ ពាន់លានដុល្លារ
សម្រាប់ឆ្នាំ ១៩៩៧ និង ៦,២ ពាន់លានដុល្លារសម្រាប់ឆ្នាំ ១៩៩៨។

នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ កោះតៃវ៉ាន់បានចំណាយពី ៩០០លាន ទៅ ២,៩ពាន់លាន
ដុល្លារសម្រាប់ទិញអាវុធ ចំនួននេះស្មើនឹង ១០ ទៅ ៣៥% នៃការនាំចេញសរុប៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ GD

Tags: taiwanusainternational news