CamNews

ព័ត៌មានអន្តរជាតិ 

ក្ដៅៗ! មនុស្ស ១៩ នាក់ស្លាប់ ក្នុងគ្រោះថ្នាក់ផ្ទុះរថយន្ដ នៅអេហ្ស៊ីប

ទីក្រុង Cairo(Reuters) មនុស្ស ១៩ នាក់បានស្លាប់បាត់បង់ជីវិត និង ៣០ នាក់ទៀតរងរបួស  នៅក្នុងហេតុការណ៍ផ្ទុះរថយន្ដ ដែលបណ្ដាលមកពីរថយន្ដបុកគ្នា នៅទីក្រុង Cairo  នេះបើយោងតាមការឱ្យដឹងរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃចន្ទនេះ ។



មកទល់នឹងពេលនេះ ពុំមានរបាយការណ៍ផ្លូវការណាមួយ បញ្ជាក់ថា ការផ្ទុះរថយន្ដនេះ គឺជាការវាយប្រហារ ឬយ៉ាងណានោះទេ។

ក្រសួងមហាផ្ទៃ បានឱ្យដឹង នៅក្នុងរបាយការណ៍ដាច់ដោយឡែកមួយទៀតថា​ ការផ្ទុះនេះ កើតឡើង នៅពេលដែលរថយន្ដ បានបើករំលោភសញ្ញាចរាចរណ៍ នៅលើផ្លូវ Nile corniche នាទីក្រុង Cairo ទៅប៉ះនឹងរថយន្ដ ៣ គ្រឿងទៀត ។

ក្រសួងសុខាភិបាលបន្ថែមថា ការបុកនេះ បណ្ដាលឱ្យឆាបឆេះ  ដែលបង្ខំឱ្យមានការជម្លៀសមនុស្សចេញខ្លះ ពីបរិវេណនៅក្បែរវិទ្យាស្ថានជាតិជំងឺមហារីក។

ប្រភពនានា បានប្រាប់ Reuters ថា រដ្ឋអាជ្ញាប្រទេសអេហ្ស៊ីប  កំពុងស៊ើបអង្កេតពីឧបទ្ទវហេតុនេះ ៕


ប្រែសម្រួល៖ សារ៉ាត