CamNews

ព័ត៌មានអន្តរជាតិ 

ឈឺចិត្ដហួសថ្លែង! កូនក្រមុំទ្រហោយំរហូតសន្លប់ និងប្ដឹងនគរបាល ព្រោះជម្លោះថ្លៃទឹកដោះ

ប្រទេសថៃ៖ ពិធីរៀបអាពាហ៍ពិពាហ៍មួយ នៅក្នុងស្រុក Phimai  ត្រូវបានគេលុបចោលភ្លាមៗ បន្ទាប់ពីកូនកំលោះ និងសាច់ញាតិរបស់គាត់ បានដើរចេញពីផ្ទះកូនក្រមុំ ជាមួយនឹងបណ្ណាការ បន្ទាប់ពីមានជម្លោះ ជាមួយគ្រួសារខាងកូនក្រមុំ។

រឿងរ៉ាវហួសចិត្ដនេះ បានធ្វើឱ្យសាច់ញាតិខាងស្រីផ្ទុះកំហឹង នាំកូនក្រមុំ ដែលត្រូវកូនកំលោះបោះបង់ចោលឈ្មោះនាង Benjaporn Wareesri  ទៅដាក់ពាក្យបណ្តឹងទៅអធិការដ្ឋាននគរបាល ប្រឆាំងនឹងកូនកំលោះឈ្មោះ Adirek Chadachan កាលពីថ្ងៃសៅរ៍។



អ្នកស្រី Thongwai Muangmuntri អាយុ ៦៤ ឆ្នាំ បានប្រាប់ប៉ូលីសថា ក្មួយស្រីរបស់គាត់ជាបុគ្គលិកក្រុមហ៊ុន AIS នៅទីក្រុងបាងកក និងមិត្តប្រុសរបស់នាងមកពីខេត្ដ Phichit បានព្រមព្រៀងគ្នា ចងចំណងមេត្រីនេះឡើង ដោយសារពួកគេ បានស្គាល់គ្នាអស់រយៈពេលជាយូរមកហើយ។

គ្រួសារ ខាងស្រី បានស្នើសុំបណ្ណាការចំនួន ១០០,០០០ បាត និងមួយបាតគិតទម្ងន់ជាមាស (មួយបាតជាមាសនោះ តម្លៃប្រហែល ២១,០០០ បាត ជាទឹកប្រាក់ សម្រាប់តម្លៃបច្ចុប្បន្ន) ហើយគ្រួសាររបស់ខាងប្រុស បានយល់ព្រម។ នេះបើតាមការអះអាងរបស់លោកស្រី Thongwai ។



ពិធីអាពាហ៍ពិពាហ៍នេះ ត្រូវបានរៀបចំឡើង នៅព្រឹកថ្ងៃសៅរ៍ នៅគេហដ្ឋានខាងស្ត្រី ស្ថិតក្នុងស្រុក Phimai ។ កូនក្រមុំអាយុ​ ២៥ ឆ្នាំរូបនេះ បានដើរចែកធៀបការអញ្ជើញភ្ញៀវចំនួន ១០០ នាក់ ។ ក្រោយមកទៀត តុសម្រាប់ទទួលភ្ញៀវជាង 50 តុ ត្រូវបានរៀបចំឡើង ជាលក្ខណៈពិធីជប់លៀងបែបចិន។

កូនកំលោះអាយុ ២៤ ឆ្នាំ និងសាច់ញាតិ ព្រមទាំងមិត្តភក្តិចំនួន ២០ នាក់ ដែលធ្វើដំណើរពីខេត្ដ Phichit បានមកដល់គេហដ្ឋានកូនក្រមុំ ដោយរថយន្ត ៥ គ្រឿង កាលពីព្រឹកថ្ងៃសៅរ៍។

ក្បួនដង្ហែនៃសមាជិកគ្រួសារនីមួយៗ និងការរៀបចំផ្សេងៗ បានប្រព្រឹត្ដទៅយ៉ាងរលូន នៅពេលព្រឹក រហូតដល់បញ្ហាមួយ បានកើតឡើងក្នុងពេលរាប់ប្រាក់បណ្ណាការ ។

អ្នកស្រី Thongwai បាននិយាយថា សាច់ញាតិរបស់កូនក្រមុំ បានរាប់ប្រាក់បណ្ណាការឃើញ ត្រឹមតែ ៥០,០០០  បាតជាសាច់ប្រាក់ និងមាសទម្ងន់ ១ បាតប៉ុណ្ណោះ នៅក្នុងថាសដាក់បណ្ណាការពីកូនកំលោះ ជូនទៅឱ្យឪពុកម្តាយខាងកូនក្រមុំ។

គ្រួសារទាំងពីរ បានធ្វើកិច្ចចរចា ដោយគ្រួសារខាងកូនក្រមុំ បានស្នើសុំឱ្យខាងគ្រួសារកូនកំលោះបង់ប្រាក់ ៥០,០០០ បាត ដែលនៅសេសសល់ ក្រោយពិធីរៀបអាពាហ៍ពិពាហ៍រួច។ ប៉ុន្តែសាច់ញាតិរបស់កូនកំលោះបានទទូចថា ពួកគេ មានលទ្ធភាពបានត្រឹមតែប៉ុណ្នឹង ។ ជម្លោះ បានផ្ទុះឡើង ហើយកូនកំលោះព្រមទាំងសាច់ញាតិរបស់គាត់ បានដើរចេញ ដោយនាំយកសាច់ប្រាក់ និងមាសបណ្ណាការទៅជាមួយ ហើយបានបើកឡានចាកចេញទៅធ្វើព្រងើយ។

ម្ដាយមីងរបស់នាង បាននិយាយថា កូនក្រមុំ បានស្រែកទ្រហោយំ រហូតដួលសន្លប់។ បន្ទាប់ពីក្មួយស្រីរបស់គាត់ បានដឹងខ្លួនពីសន្លប់វិញ ពួកគេបាននាំនាងទៅដាក់ពាក្យបណ្តឹង។

គ្រួសារខាងកូនក្រមុំ បាននិយាយថា ពួកគេចង់ឱ្យខាងប្រុសទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន ដែលនាំក្ដីអាម៉ាស់ដល់កូនក្រមុំ និងគ្រួសាររបស់នាង ។ គ្រួសារខាងស្រី ក៏ចង់ឱ្យខាងប្រុស ទទួលខុសត្រូវបង់ថ្លៃការចំណាយលើអាពាហ៍ពិពាហ៍ទាំងអស់ផងដែរ។

ខណៈពេល ដែលប៉ូលីសបានសាកសួរខាងស្រី សាច់ញាតិរបស់នាង បានតេទូរសព្ទទៅកូនកំលោះ ហើយបានស្នើសុំឱ្យគាត់ ចេញមុខមកចរចារគ្នា នៅស្ថានីយប៉ូលីស។ ទោះជាយ៉ាងណាក៏ដោយ កូនកំលោះបានបដិសេធ សុំមិនធ្វើការចរចា។  ការឆ្លើយតបនេះបានបង្កឱ្យមានជម្លោះថ្មីមួយទៀត នៅតាមទូរស័ព្ទ មុនពេលកូនកំលោះ បានបិទទូរស័ព្ទដៃរបស់ខ្លួន ហើយចាកចេញទៅខេត្ដ Phichit ។

លោក Pol Lt Denchai Chamnarnnaimuang ស្នងការរងនៃស្ថានីយ៍ប៉ូលិស Phimai បាននិយាយថា ប៉ូលីសនឹងហៅទូរស័ព្ទទៅកូនកំលោះ ដើម្បីឱ្យចូលខ្លួនមកដោះស្រាយជម្លោះនេះ។

ការសាកសួរបឋម បានរកឃើញថា ភាគីខាងស្រីគ្រាន់តែចង់ឱ្យបុរសនោះ បង់ថ្លៃចំណាយទាំងអស់ ដែលបានកើតឡើងពីអាពាហ៍ពិពាហ៍ប៉ុណ្ណោះ។ ក្រុមគ្រួសារនេះ បាននិយាយថា បណ្ណាការ លែងជាបញ្ហាសំខាន់ទៀតហើយ ពីព្រោះអាពាហ៍ពិពាហ៍នោះ ត្រូវបានលុបចោល៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Bangkokpost


Tags: International news