CamNews

ព័ត៌មានអន្តរជាតិ 

តើប្រទេសនេះ រំលោភសិទ្ធិមនុស្សកម្រិតណាទៅ បានជាអង្គការសិទ្ធិមនុស្ស ជម្រុញឱ្យនាយករដ្ឋមន្រ្ដីបារាំង

អន្តរជាតិ ៖ អង្គការឃ្លាំមើលសិទិ្ធមនុស្ស (HRW) កាលពីថ្ងៃចន្ទ បានជំរុញប្រធានាធិបតីបារាំង លោក Emmanuel Macron ឱ្យថ្លែងលើកឡើងនូវការរំលោភបំពានសិទ្ធិមនុស្ស នៅក្នុងជំនួបជាមួយប្រធានាធិបតីអេហ្ស៊ីប លោក Abd al-Fattah al-Sisi នៅទីក្រុងប៉ារីស កាលពីថ្ងៃអង្គារ។

កិច្ចប្រជុំនៅថ្ងៃអង្គារ នឹងក្លាយជាកិច្ចប្រជុំលើកដំបូងរបស់លោក ម៉ាករ៉ុន ជាមួយលោក អាល់ស៊ីស៊ី និងជាឱកាសលើកដំបូងដើម្បីដោះស្រាយការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងររបស់អេហ្ស៊ីបរួមទាំងវិបត្ដិ ដែលអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានពិពណ៌នាថា ជា«ការប្រើប្រាស់ជាប្រព័ន្ធនិងមានលក្ខណៈទូលំទូលាយនៃការធ្វើទារុណកម្មដោយសេវាសន្តិសុខអេហ្ស៊ីប ដែលមើលទៅទំនងជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ»។ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានបន្តថា៖

លោក អាល់ស៊ីស៊ី បានទទួលខុសត្រូវចំពោះវិបត្តិសិទិ្ធមនុស្សដ៏អាក្រក់បំផុតរបស់ប្រទេសអេហ្ស៊ីបជាច្រើនទសវត្សមកហើយ។ អាជ្ញាធរអេហ្ស៊ីប បានចាប់ខ្លួន ឬចោទប្រកាន់ពីបទល្មើសផ្សេងៗ លើប្រជាជនយ៉ាងហោចណាស់ ៦០.០០០ នាក់  មនុស្សរាប់រយនាក់បាត់ខ្លួនដោយចៃដន្យដោយគ្មានមូនលហេតុ ក្នុងរយៈពេលត្រឹមតែមួយខែ សម្រេចកាត់ទោសប្រហារជីវិតបឋមចំពោះអ្នកទោសរាប់រយនាក់បន្ថែមទៀត ព្រមទាំងបានបញ្ជូនជនស៊ីវិលជាង ១៥.០០០ នាក់ ទៅកាន់តុលាការយោធា។ គោលដៅចំបងរបស់របបដឹកនាំនេះ គឺសំដៅលើហ្វូងម៉ូស្លីម ដែលជាចលនាជំទាស់ដ៏ធំបំផុតរបស់ប្រទេសនេះ ប៉ុន្តែស្ទើរតែគ្មានក្រុមសន្តិភាពណាមួយ អាចគេចផុតពីការបង្ក្រាបរបស់ក្រុមអាជ្ញាធរ នោះទេ។

បច្ចុប្បន្ន បារាំងរក្សាទំនាក់ទំនងសហការការងារដោយសន្តិភាព ជាមួយអេហ្ស៊ីប ដោយផ្តោតលើកិច្ចសហប្រតិបត្តិការយោធា និងសន្តិសុខ ការប្រឆាំងភេរវកម្ម និងការរក្សាស្ថេរភាពនៃប្រទេសលីប៊ី។ ក្នុងការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងទាំងនេះ ប្រទេសបារាំងបាន ជំនួយដល់បញ្ជីសារពើភណ្ឌសព្វាវុធរបស់អេហ្ស៊ីប ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីស្ដីពីការនាំចេញគ្រឿងបរិក្ខារយោធា និងសព្វាវុធសរុបជាទឹកប្រាក់ប្រមាណ ១០ ពាន់លានដុល្លារអាមេរិក ចាប់តាំងពីឆ្នាំ ២០១៤ មកទល់នឹងពេលនេះ។


អង្គការឃ្លាំមើលសិទិ្ធមនុស្ស បានលើកជាសំណើថា បារាំងគួរបញ្ឈប់ការនាំចេញជំនួយយោធា រហូតទាល់តែអេហ្ស៊ីបបញ្ឈប់ការរំលោភសិទ្ធិមនុស្ស។ នៅក្នុងការបន្តនាំចេញអាវុធទៅកាន់ប្រទេសអេហ្ស៊ីប អង្គការឃ្លាំមើលសិទិ្ធមនុស្ស បានអះអាងថា បារាំងកំពុងរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាកិច្ចការបរទេសសហភាពអឺរ៉ុប និងជំហររួមរបស់ក្រុមប្រឹក្សាអឺរ៉ុប ក្នុងការបដិសេធមិនផ្ដល់អាជ្ញាប័ណ្ណនាំចេញអាវុធ ប្រសិនបើ មានហានិភ័យច្បាស់លាស់ថា បច្ចេកវិទ្យាយោធា ឬឧបករណ៍ ដែលត្រូវនាំចេញនោះ អាចត្រូវបានប្រើសម្រាប់ការបង្ក្រាបផ្ទៃក្នុង "ឬ" ផ្ដល់អំណាចសព្វាវុធ សម្រាប់ការរំលោភដ៏ធ្ងន់ធ្ងរ ចំពោះច្បាប់មនុស្សធម៌អន្តរជាតិ "។

លោក Macron បានថ្លែងថា លោកនឹងពិភាក្សាអំពីបញ្ហារំលោភសិទ្ធិមនុស្ស ជាមួយលោក អាល់ស៊ីស៊ី ប៉ុន្តែការព្រួយបារម្ភចម្បងរបស់លោកនឹងផ្តោតទៅលើការបន្តប្រឆាំងនឹងអំពើភេរវកម្មរបស់អេហ្ស៊ីប ៕


ប្រែសម្រួល៖ សារ៉ាត 

ប្រភព៖ Jurist 


Tags: International news