CamNews

ព័ត៌មានអន្តរជាតិ 

ទឹកចិត្ដម្ដាយល្អគ្មានអ្វីដូច! ខំងូតទឹកកូនឱ្យរស់បានយូរ ព្រះតែស្រឡាញ់កូន

ស្ត្រីជាម្ដាយម្នាក់ មកពីរដ្ឋធានីវ៉ាស៊ីនតោន បានងូតទឹកឱ្យកូនប្រុសអាយុ ១ ឆ្នាំរបស់ខ្លួន នៅក្នុងទឹកលាងដំបៅ ២ ដងក្នុងមួយសប្តាហ៍ ដោយសារតែខ្លួនចង់ឱ្យកូនប្រុសអភ័ព្វ ដែលកើតមក មានជំងឺស្បែកតាមតំណពូជដ៏កម្រម្នាក់នេះ បានល្អប្រសើរជាងមុន។ នាងចង់ឱ្យ កូនប្រុសរបស់នាងរស់នៅបានយូរ។

អ្នកស្រី Alicia Barber បានផ្តល់កំណើតដល់កូនប្រុសកំសត់ Jamison Stam ដែលមានជំងឺស្បែកពីតំណពូជ (Harlequin ichthyosis) នៅក្នុងខែឧសភា ឆ្នាំ ២០១៧ ។ រូបភាពនៃទារកទើបនឹងកើត បានបង្ហាញពីទារកម្នាក់ ដែលរុំនឹងក្រណាត់លើស្បែក និងដំបៅដើម្បីសង្គ្រោះជីវិត។


យោងតាមបណ្ណាល័យជាតិវេជ្ជសាស្ត្រអាមេរិកបានឱ្យដឹងថា Harlequin ichthyosis គឺជាជំងឺស្បែកតំណពូជដ៏កម្រមួយ ដែលគ្របដណ្តប់លើស្បែករបស់ទារក ដែលមានបន្ទះក្រម៉រាងដូចគ្រាប់ពេជ្រ រឹង និងក្រាស់។ ស្បែកមានក្រម៉រឹងបែបនេះ ធ្វើឱ្យទារកពិបាកធ្វើចលនា និងអាចប៉ះពាល់ដល់ទម្រង់មុខមាត់។ ទារក ដែលកើតជំងឺនេះ ជារឿយៗ ពិបាកដកដង្ហើម មានបញ្ហា ក្នុងការគ្រប់គ្រងសីតុណ្ហភាពរាងកាយ និងការឆ្លងរោគ។ យោងតាមអង្គការជាតិដើម្បីជំងឺរ៉ាំរ៉ៃ(National Organization for Rare Disorders) បានឱ្យដឹងថា ជំងឺនេះ កើតលើមនុស្សម្នាក់ ក្នុងចំណោមមនុស្ស ៥០០.០០០ នាក់។

ដោយសារជំងឺស្បែកប្រភេទនេះ វេជ្ជបណ្ឌិត មិនសង្ឃឹមថា  Jamison នឹងមានជីវិតរស់នៅយូរទេ។ អ្នកស្រី Barber  ដែលរស់នៅក្នុងសហគមន៍ Chattaroy Spokane ខោនធី បាននិយាយថា៖” ខ្ញុំមានអារម្មណ៍ទុក្ខសោកបំផុត។ ខ្ញុំមិនបានទៅមើលកូនខ្ញុំនោះទេ។ ស្ថានភាពជំងឺស្បែកនោះ ធ្វើឱ្យខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនអាចផ្ដល់ការថែទាំ គាត់បានល្អប្រសើរនោះឡើយ នាពេលនោះ”។

Jamison ស្ថិតក្រោមការថែទាំបណ្ដោះអាសន្ន ពីខែសីហា ដល់ខែធ្នូឆ្នាំមុន។ អ្នកស្រី Barber បាននិយាយថា អ្នកស្រីបានទៅទទួលការប្រឹក្សាផ្លូវចិត្ដ និងធ្វើការសម្រេចចិត្តថា "នឹងធ្វើជាម្ដាយ ដែល Jamison ត្រូវការបំផុត"។

អ្នកស្រី Barber ដែលជាម្តាយមានបន្ទុកមើលថែកូនប្រុសអាយុ ៧ អាយុឆ្នាំ និងកូនស្រីអាយុ ៦ ឆ្នាំផងដែរនោះ ទទួលបន្ទុកមើលថែ Jamison  ពេញម៉ោង ដែលត្រូវមើលថែទាំយ៉ាងយកចិត្ដទុកដាក់ ២៤/៧។

វាជាតួនាទីមួយ ដែលតម្រូវឱ្យលាងសម្អាតរបួសជាប្រចាំ។ ស្បែករបស់ Jamison មិនអាចបណ្ដោយឱ្យស្រូបបាក់តេរីអាក្រក់តាមធម្មតាបាននោះទេ សូម្បីតែមុតតែបន្ដិចក៏អាចធ្វើឱ្យគាត់ងាយនឹងឆ្លងមេរោគដែរ។ អ្នកស្រី និយាយថា ក្រណាត់ដណ្ដប់ និងវត្ថុគ្រប់យ៉ាង ដែលគេប៉ះរួមទាំងប្រដាប់ប្រដាក្មេងលេង ត្រូវ សម្លាប់មេរោគរាល់ថ្ងៃ។

វេជ្ជបណ្ឌិត បានណែនាំឱ្យងូតទឹក Jamison នៅក្នុងទឹកសម្លាប់មេរោគ ដើម្បីជួយទប់ស្កាត់ជំងឺឆ្លង ជាអាការៈ ដែលអាចឱ្យគេត្រូវមកព្យាបាលនៅមន្ទីរពេទ្យ។ ការងូតទឹកនេះ បង្កការឈឺចាប់ខ្លាំងណាស់ ដូច្នេះអ្នកស្រី Barber បានផ្តល់ថ្នាំបំបាត់ឈឺចាប់ morphine  ដល់ Jamison ដែលប្រការនេះ តែងតែធ្វើឱ្យអ្នកស្រីព្រួយបារម្ភ ព្រោះវាធ្វើឱ្យ Jamison ពិបាកដកដង្ហើម ។ ថ្មីៗនេះ អ្នកស្រី និងប៉ារបស់ Jamison បានស្ទុះចូលក្នុងធុងទឹកងូតជាមួយកូនប្រុសរបស់ខ្លួន ដើម្បីលួងលោមកូនពីការឈឺចាប់។ ពួកគេ ត្រូវតែកោសក្រម៉ស្បែកលើខ្លួនរបស់ Jamison  ជាមួយនឹងស្រោមដៃពេទ្យ(exfoliating mitt )។

ពេលនេះអ្នកស្រី Barber កំពុងរៃអង្គាសប្រាក់តាមរយៈគេហទំព័រ GoFundMe ហើយសង្ឃឹមថា អ្នកស្រីនឹងអាចចូលរួមក្នុងសន្និសីទ នៅទីក្រុង Nashville ដែលអាចភ្ជាប់ទំនាក់ទំនងជាមួយឪពុកម្ដាយដទៃទៀត ដែលមានកូនកើតជំងឺស្បែក Harlequin ichthyosis នេះដែរ។ អ្នកស្រី បាននិយាយថា ទំនាក់ទំនងនេះ ក៏អាចជួយអ្នកស្រីឱ្យរកឃើញវិធី ដែលមានសុវត្ថិភាពជាងមុន ដើម្បីងូតទឹកឱ្យ Jamison ផងដែរ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ usatoday


Tags: International news