CamNews

ព័ត៌មានអន្តរជាតិ 

ចម្លែកមែន!! ម្ដាយ និងកូនស្រីជំទង់ដេកស្លាប់ក្នុងរថយន្ដកណ្ដាលចម្ការដូង ដោយមិនដឹងមូលហេតុ

ស្ត្រីម្នាក់ និងកូនស្រីជំទង់របស់របស់ខ្លួន ដែលបានបើកឡានពីកោះសាមុយដើម្បីមកទទួលយកមរតកដីធ្លី ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ ក្នុងរថយន្តរបស់ពួកគេ មុនពេលដែលប័ណ្ណកម្មសិទ្ធិដីធ្លីអាចត្រូវបានផ្ទេរ។

សាកសពរបស់អ្នកស្រី Areeya Sopharak អាយុ ៣៤ ឆ្នាំ មកពីស្រុកកោះ Samui ខេត្ដ Surat Thani ស្ថិតនៅលើកៅអីអ្នកបើកបរ ចំណែកសាកសពកូនស្រីរបស់គាត់អាយុ ១៤ ឆ្នាំឈ្មោះនាង Alilata Sae Hor បានដេកស្លាប់លើកៅអីអ្នកដំណើរខាងមុខ នៃរថយន្ត ដែលចាក់សោជាប់ កាលពីព្រឹកថ្ងៃអង្គារ។


រថយន្ដរបស់ពួកគេ បានចតនៅកណ្ដាលចម្ការដូង នៅលើដីរបស់អ្នកស្រី Areeya ដែលពួកគេ បានទទួលជាមរតកនៅភូមិ Ban Saithong ស្រុក Muang ។

ប៉ូលីស ដែលបានទូរស័ព្ទទៅកន្លែងកើតហេតុ កាលពីវេលាម៉ោង ៩ ព្រឹកថ្ងៃអង្គារ បាននិយាយថា ពុំមានសញ្ញានៃការរើបំរះ នៅក្នុងរថយន្តនោះឡើយ ហើយម៉ាស៊ីនត្រូវបានពន្លត់ បង្អួចទៀតសោត ក៏បានបិទជិតផងដែរ។


លោកស្នងការ Theerakorn Thairit អធិការរងផ្នែកស៊ើបអង្កេត នៅស្នងការប៉ូលិស Muang បាននិយាយថា ពុំមានស្នាមជាំនៅលើសាកសពរបស់ពួកគេទេ។ ការសន្និដ្ឋានរបស់ប៉ូលីសជំហានដំបូងនោះគឺថា ម្ដាយកូនទាំងពីរនាក់នេះ អាចថប់ដង្ហើមស្លាប់ នៅក្នុងរថយន្ត ដែលត្រូវបានចាក់សោជាប់។

លោកបាននិយាយថា អ្នកស្រី Areeya បានបើកអាជីវកម្មមួយ នៅលើកោះសាមុយ ខេត្តស៊ូរ៉ាតថានី។ ឪពុកម្តាយ ដែលចែកឋានរបស់អ្នកស្រី បានរស់នៅក្នុងភូមិ Ban Saithong ។

កាលពីយប់ថ្ងៃច័ន្ទ អ្នកស្រីបានបើករថយន្ដចេញពីកោះទេសចរណ៍នេះ ជាមួយកូនស្រីរបស់ខ្លួន ត្រឡប់ទៅភូមិកំណើតរបស់អ្នកស្រីវិញក្នុងខេត្ត Nakhon Si Thammarat ដើម្បីទទួលការផ្ទេរកម្មសិទ្ធិដីប្លុកដែលអ្នកស្រី បានទទួលជាមរតកពីឪពុកម្តាយរបស់អ្នកស្រី។

គេជឿជាក់ថា អ្នកស្រីបានមកដល់ភូមិនេះ នៅវេលារំលងអាធ្រាត្រ ហើយប្រហែលជាអ្នកស្រី មិនចង់រំខានសាច់ញាតិរបស់ខ្លួនដើម្បីសុំកន្លែងគេង នៅពេលយប់នោះទេ។ បន្ទាប់មក អ្នកស្រី និងកូនស្រីរបស់ខ្លួន បានដេកនៅក្នុងរថយន្ដ ដែលពន្លត់ម៉ាស៊ីនចាក់សោ និងបិទទ្វារបង្អួចទាំងអស់។

សាច់ញាតិរបស់អ្នកស្រី បានប្រាប់ប៉ូលីសថា ពួកគាត់បានឃើញរថយន្តមួយចត នៅចំកណ្ដាលចម្ការដូងនៅព្រឹកព្រលឹម ហើយដំបូងឡើយ ពួកគាត់មិនបានដឹងថា ជារថយន្ដអ្នកណាឡើយ។

នៅពេលពួកគាត់ទៅមើល ពួកគាត់ ក៏បានឃើញអ្នកស្រី អារីយ៉ា និងកូនស្រីរបស់អ្នកស្រី នៅខាងក្នុងរថយន្ដ ដែលមើលទៅហាក់ដូចជាកំពុងដេកលង់លក់។ ពួកគាត់ បានគោះទ្វារជាច្រើនដង ប៉ុន្តែម្ដាយកូនទាំងពីរពុំបើកទ្វារនោះទេ ។ ដោយបារម្ភថា ម្ដាយកូនទាំងពីរឈឺ ពួកគាត់ ក៏បានខលហៅក្រុមជួយសង្គ្រោះ។

ក្រុមអ្នកជួយសង្គ្រោះ ក៏បានព្យាយាមដាស់ពួកគេឱ្យភ្ញាក់ពីដេក តែពុំមានការឆ្លើយតបអ្វីសោះ ទើបសម្រេចចិត្ត វាយបំបែកបង្អួចរថយន្ដ។ ពួកគេ បានពិនិត្យមើលទើបដឹងថា ម្ដាយកូនទាំងពីរ បានស្លាប់បាត់បង់ជីវិតទៅហើយ ។ សាច់ញាតិ ដែលកំពុងកើតទុក្ខ បាននិយាយថា ម្ដាយកូនទាំងពីរ នឹងមិនស្លាប់នោះទេ ប្រសិនបើពួកគេ តេមកពួកគាត់ ហើយដេក នៅក្នុងផ្ទះរបស់ពួកគាត់។

លោក Adisak Theppawan អគ្គស្នងការប៉ូលីស Muang បាននិយាយថា មូលហេតុនៃការស្លាប់មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។ សាកសពម្ដាយកូនទាំងពីរ ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យមួយកន្លែងដើម្បីធ្វើកោសល្យវិច្ច័យ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Bangkokpost


Tags: International news Thailand