CamNews

ព័ត៌មានអន្តរជាតិ 

កំពុងព្យាបាលជំងឺសុខៗ អាគារមន្ទីរពេទ្យមួយ ត្រូវបានដួលរលំរាបនឹងដី ដោយសារតែគ្រោះធម្មជាតិមួយនេះ

ក្រុមអ្នកជួយសង្រ្គោះកំពុងតែរុករក ក្នុងគំនរបាក់បែកនៃអាគារមន្ទីរពេទ្យឥណ្ឌូនេស៊ី ដែលដួលរលំមួយ ក្រោយពីការរំជួយដីដ៏ប្រល័យ បានវាយសន្ធប់លើកោះ Sulwesi បណ្ដាលឱ្យមនុស្សយ៉ាងតិច ៣០ នាក់ស្លាប់បាត់បង់ជីវិត ។



 ប្រជាជនរាប់រយនាក់ បានរងរបួស និងរាប់ពាន់នាក់ផ្សេងទៀត ត្រូវផ្លាស់ទីលំនៅ ដោយសារតែគ្រោះរំជួយដី ។ ប្រទេសឥណ្ឌូនេស៊ីធ្លាប់ទទួលរងប្រវត្ដិសាស្រ្ដនៃគ្រោះរំជួយដី និងព្យុះស៊ូណាមិដ៏មហន្ដរាយ ដោយបានសម្លាប់មនុស្សជាង ២,០០០ នាក់ នៅក្នុងគ្រោះរំជួយដី Sulawesi ឆ្នាំ ២០១៨ ។

 ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា អ្នកជំងឺចំនួន ៦ នាក់ និងក្រុមគ្រួសាររបស់ពួកគេ បានជាប់រើខ្លួនពុំរួច  នៅពេលផ្នែកខ្លះនៃមន្ទីរពេទ្យ Mitra Manakarra ក្នុងក្រុង Mamuju ត្រូវបានដួលរលំ ។  លោក Arianto មកពីទីភ្នាក់ងារសង្រ្គោះក្នុងទីក្រុង Mamuju បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ពួកគេបានព្យាយាមកកាយទៅឱ្យដល់ជនរងគ្រោះ ដែលជាប់ក្នុងគំនរបាក់បែកទាំងនោះ ។ បុគ្គលិកសង្រ្គោះម្នាក់នេះ ពុំបានបញ្ជាក់ពីចំនួនមនុស្ស ដែលជាប់នៅទីនោះឡើយ ។

 ភ្នាក់ងារខាងលើបាននិយាយថា ក្រុមអាជ្ញាធរ បានដាក់ចំនួនអ្នកស្លាប់សរុប សម្រាប់ទីក្រុងនេះចំនួនយ៉ាងតិច ២៦ នាក់ និងមានក្ដីបារម្ភថា មានអ្នករងគ្រោះបន្ថែមទៀត ត្រូវបានកប់ជាប់ក្រោមអាគារដួលរលំនោះ ។ ចំណុចស្នូលនៃគ្រោះរំជួយដីនាថ្ងៃសុក្រនេះ គឺមានចម្ងាយ ៦ គីឡូម៉ែត ភាគឥសាន្ដនៃទីក្រុង Majene ។  ចំនួនជនរងគ្រោះដំបូងនៅក្នុងទីក្រុង Majene ត្រូវបានគេរាយការណ៍ថា មានអ្នកស្លាប់ចំនួន ៤ នាក់ និងរងរបួសរាប់រយនាក់ ។

 ពុំមានការព្រមានអំពីព្យុះស៊ូណាមិ ត្រូវបានប្រកាសឱ្យដឹងនោះទេ ប៉ុន្ដែបើយោងតាមការរាយការណ៍ ពលរដ្ឋរាប់ពាន់នាក់ បានចាកចេញពីទីលំនៅ ភៀសខ្លួនចេញរកទីសុវត្ថិភាព ។  របាយការណ៍មូលដ្ឋាន បានឱ្យដឹងថា ក្នុងចំណោមអាគារ ដែលរងការបំផ្លិចផ្លាញយ៉ាងដំណុំនោះ គឺរួមមានផ្ទះសម្បែងពលរដ្ឋជាច្រើនខ្នង សណ្ឋាគារចំនួន ២ ការិយាល័យរបស់អភិបាលខេត្ដ និងផ្សារទំនើបមួយកន្លែង ។



 គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០០៤ ព្យុះស៊ូណាមិមួយ បានកើតឡើងដោយសារតែគ្រោះរំជួយដី វាយសន្ធប់ទៅលើកោះស៊ូម៉ាត្រាប្រទេសឥណ្ឌូនេស៊ី ដែលបានសម្លាប់មនុស្សប្រមាណ 226,000 នាក់នៅទូទាំងមហាសមុទ្រឥណ្ឌា ព្រមទាំងសម្លាប់មនុស្សជាង 120,000 នៅក្នុងប្រទេសឥណ្ឌូនេស៊ី ។ ព្យុះស៊ូណាមិមហាសមុទ្រឥណ្ឌា ឆ្នាំ ២០០៤ បានសម្លាប់មនុស្ស  170,000 នាក់ នៅលើកោះស៊ូម៉ាត្រានៃប្រទេសឥណ្ឌូនេស៊ី ក្រោយពីគ្រោះរំជួយដី ក្នុងកម្រិត ៩.១. magnitude ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC