CamNews

ប្លែកៗ 

កោះអណ្ដែតរបស់កុលសម្ព័ន្ធ សេរី នៅប្រទេស Peru

បណ្ដា​ប្រជាជន​របស់ Uros ដែលជា​កុលសម្ព័ន្ធ​តូច​មួយ​នៅ​ប្រទេស Peru អាមេរិក​ខាងត្បូង បាន​ជ្រើស​រើស​វិធី​រស់នៅ​ពិសេស​ដោយ​សេរីភាព និង​ដាច់ដោយឡែក​ពី​គេ ដោយ​ពួកគេ​បង្កើត​នូវ​កោះ​អណ្ដែត​ជាច្រើន នៅលើ​ផ្ទៃ​ទឹក​ក្នុង​ទន្លេ ធ្វើជា​អាណាចក្រ​ដោយឡែក​របស់ខ្លួន។

ដោយសារតែ​ជា​ជនជាតិភាគតិច និង​មិនមាន​លទ្ធភាព​ការពារ​ខ្លួន​ពី​ការគំរាមកំហែង​ពី​បណ្ដា​កុល​សម្ព័ន្ធផ្សេងៗដែល​ធំ​ជាង និង​ខ្លាំង​ជាង​ខ្លួន ជនជាតិ Uros ក៏បាន​ចាប់ផ្ដើម​បង្កើត​ពិភព​ដោយ​ឡែក​របស់​ពួកគេ នៅលើ​បឹង​ Titicaca ដែលមាន​ទឹក​ច្រើន​បំផុត​នៅ​អាមេរិក​ខាងត្បូង។

បើទោះជា​រស់នៅ​ដាច់​ពី​ដីគោក ប៉ុន្ដែ​កុលសម្ព័ន្ធ Uros នៅតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​ពួកគេ បាន​ដាំ​ព្រៃត្រែង​ដ៏​ធំ នៅតាម​បណ្ដោយ​ឆ្នេរទន្លេ​ដែល​ពួកគេ​រស់នៅ។ មិន​ត្រឹម​តែមាន​ប្រយោជន៍​ក្នុងការ​ការពារ​ប៉ុណ្ណោះ​ទេ ប្រជាជន Uros នៅលើ​កោះអណ្ដែត​នេះ ក៏​ប្រើប្រាស់​ត្រែង​ដើម្បី​ធ្វើជា​ផ្ទះ​សម្រាស់​រស់នៅ និង​ធ្វើជា​ទូក​ដើម្បី​ត្រៀម​សម្រាប់​ករណី​ចាំបាច់​ដែល​ត្រូវ​ភៀសខ្លួន​ជាបន្ទាន់។

បណ្ដា​កោះអណ្ដែត​ដែល​ត្រូវបាន​ជនជាតិ Uros បង្កើតឡើង​ដើម្បី​រស់នៅ គឺមាន​រចនាសម្ព័ន្ធ​យ៉ាង​មាំមួន។ កោះអណ្ដែត​ត្រូវបាន​ធ្វើឡើង​អំពី​ត្រែង​ដែលមាន​កម្រាស់​ដល់​ទៅ ២ម៉ែត្រ។ កោះអណ្ដែត​និមួយៗ ត្រូវបាន​រក្សា​លំនឹង​ដោយ​ខ្សែពួរធំៗដែល​ចង​ពី​ជ្រុង​មួយ ទៅ​ជ្រុង​មួយ របស់​កោះ និង​ត្រូវ​ចង​ជាប់​ទៅ​ក្រោម​ទឹក។

ដើម្បី​សម្អាត និង​ថែរក្សា “សំណង់” របស់ខ្លួន ឱ្យបាន​រឹងមាំ ជនជាតិ Uros ក៏មាន​កម្មវិធី​ផ្លាស់ប្ដូរ​ស្រទាប់​ត្រែង​នៅ​ខាងក្រោម ជា​ញឹកញាប់ ពោលគឺ ៤លើក​ក្នុង​មួយឆ្នាំ។ ប្រសិន​ត្រូវបាន​ថែរក្សា​ត្រឹមត្រូវ កោះអណ្ដែត​ប្រភេទ​នេះ នឹង​អាចមាន​ជីវិត​ដល់​ទៅ ៣០ឆ្នាំ។


ដោយ ៖ តារា
ប្រភព ៖ atlasobscura/southamerica


Tags: Floating Islands Titicaca Uros Peru