CamNews

ព័ត៌មានអន្តរជាតិ 

អាជ្ញាធរអាមេរិកបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងជនអន្ដោប្រវេសន៍ខុសច្បាប់ នៅព្រំដែន

ក្រុមអ្នកកាសែត នៅកន្លែងកើតហេតុការណ៍ បាននិយាយថា ជនអន្ដោប្រវេសន៍មួយក្រុម ដែលប៉ុនប៉ងឆ្លងកាត់ព្រំដែនដោយខុសច្បាប់ពីទីក្រុង Tijuana ប្រទេសមិកស៊ិន ចូលទឹកដីអាមេរិក ត្រូវបានអាជ្ញាធរអាមេរិក បាញ់ឧស្ស័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូង។

អ្នកកាសែតពីរនាក់ នៅកន្លែងកើតហេតុនាទីក្រុង Tijuana បានប្រាប់ CNN កាលពីថ្ងៃអាទិត្យថា ក្រោយពីនគរបាលមូលដ្ឋាន និងនគរបានសហព័ន្ធមិកស៊ិក រារាំងជនអន្ដោប្រវេសន៍មួយក្រុមកុំឱ្យដើរទាំងហ្វូងឆ្ពោះទៅកាន់ព្រំដែនអាមេរិក-មិកស៊ិក ខណៈជនអន្ដោប្រវេសន៍ខ្លះទៀត ដើរវៀងនគរបាល ហើយព្យាយាមឆ្លងកាត់ព្រំដែន នៅក្បែរជ្រកចូលកំពង់ផែ San Ysidro ។


ក្រុមអ្នកកាសែតបានប្រាប់ CNN ថា ក្រុមអាជ្ញាធរនៅប៉ែកព្រំដែនអាមេរិក បានប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងជនអន្តោប្រវេសន៍ ដែលប៉ុនប៉ងឆ្លងកាត់ព្រំដែនចូលទឹកដីអាមេរិក។ ឃ្លីបវីដេអូខ្លីមួយចាក់ផ្សាយដោយសារព័ត៌មានរ៉យទ័រ បានបង្ហាញអំពីពំនូកផ្សែងនៃឧស្ម័នបង្ហូរទឹកភ្នែក នៅក្បែរព្រំដែន និងហ្វូងមនុស្សរត់ចេញ។

ក្រសួងមហាផ្ទៃមិកស៊ិក បាននិយាយថា អាជ្ញាធរមូលដ្ឋាន និងសហព័ន្ធមិកស៊ិក បានព្យាយាមបញ្ឈប់ជនអន្ដោប្រវេសន៍មិនឱ្យឆ្លងកាត់ព្រំដែនដែរ។  ក្រុមជនអន្ដោប្រវេសន៍ ដែលត្រូវបានកំណត់អត្ដសញ្ញាណបានថា ព្យាយាមឆ្លងកាត់ដោយខុសច្បាប់ពីប្រទេសមិកស៊ិកចូលទឹកដីអាមេរិក នឹងត្រូវរៀបចំឯកសារ ដើម្បីបញ្ជូនពួកគេទៅប្រទេសកំណើតវិញ នេះបើយោងតាមរបាយការណ៍មួយ ដែលបានលើកឡើង។


ក្រសួងមហាផ្ទៃបានចាត់ទុក ហេតុការណ៍កាលពីថ្ងៃអាទិត្យនេះថា ជាទង្វើបង្ករឿង និងបានព្រមានថា មិនជួយដល់ក្រុមអន្ដោប្រវេសន៍ដែលបង្កបញ្ហាឡើយ។ ការឆ្លងដែនដោយខុសច្បាប់នេះ អាចបណ្ដាលឱ្យមានរឿងរ៉ាវធ្ងន់ធ្ងរ នៅព្រំដែន។

របាយការណ៍ខាងលើក៏បាននិយាយយោងទៅលើទង្វើរបស់អាជ្ញាធរអាមេរិក ក្នុងការបំបែកហ្វូងជនអន្ដោប្រវេសន៍ទាំងនោះផងដែរ ដោយនិយាយថា ពុំមានសេចក្ដីរាយការណ៍ពីការរងរបួសឡើយ។  របាយការណ៍របស់ក្រសួងមហាផ្ទៃមិកស៊ិក ពុំបានបញ្ជាក់ ពីវិធា​នការណ៍ ដែលសហរដ្ឋអាមេរិកនឹងអនុវត្ដឡើយ។

អ្នកស្រី Kirstjen Nielsen រដ្ឋមន្រ្ដីក្រសួងសន្ដិសុខមាតុភូមិអាមេរិក បាននិយាយ នៅក្នុងរបាយការណ៍មួយថា ជនអន្ដោប្រវេសន៍ខ្លះ បានប៉ុនប៉ងចូលទឹកដីអាមេរិកឆ្លងកាត់តាមកំពង់ផែ San Ysidro ។

លោកស្រីបានបន្ថែមថា៖ “ ក្រោយពីរារាំងមិនឱ្យចូលតាមច្រកកំពង់ផែ ជនអន្ដោប្រវេសន៍ខ្លះក្នុងចំណោមនោះ បានប៉ុនប៉ងបំពានរចនាសម្ព័ន្ធនៃរបងកេរ្ដិ៍ដំណែល តាមបណ្ដោយព្រំដែន និងត្រូវបានគេឃើញក្រុមនេះ បង្កគ្រោះថ្នាក់ដល់មន្រ្ដីគយ និងការពារព្រំដែន ដោយការគប់វត្ថុរឹងទៅកាន់មន្រ្ដីទាំងនោះ”។


“ក្រសួងសន្ដិសុខមាតុភូមិ មិនអត់ឱនចំពោះការមិនគោរពច្បាប់បែបនេះទេ ហើយនឹងមិនអល់ឯកក្នុងការបិទច្រកកំពង់ផែ ដើម្បីបុព្វហេតុសន្ដិសុខ និងសុវត្ថិភាពសាធារណៈឡើយ។ យើងនឹង ផ្ដន្ទាទោសពេញវិសាលភាពច្បាប់ ទៅលើបុគ្គលរូបណា ដែលបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិសហព័ន្ធ និងបង្កគ្រោះថ្នាក់ដល់មន្រ្ដីប្រតិបត្ដិសមរភូមិមុខរបស់យើង ឬផ្តន្ទាទោសបុគ្គលរូបណា ដែលឈ្លានពានបូរណភាពទឹកដីរបស់ជាតិយើង”។

អភិបាលក្រុង Tijuana លោក Juan Manuel Gastélum Buenrostro   បាននិយាយនៅលើបណ្ដាញ Twitter កាលពីថ្ងៃអាទិត្យនេះថា លោកនឹងមិនអនុញ្ញាតឱ្យទង្វើរបស់ជនអន្ដោប្រវេសន៍បំផ្លាញ់ដល់ទំនាក់ទំនងរបស់ទីក្រុង ជាមួយពលរដ្ឋប្រទេសជិតខាង ដែលឆ្លងកាត់ព្រំដែនឡើយ។ ប្រជាពលរដ្ឋរស់នៅទីក្រុង Tijuana ធ្វើការ រៀនសូត្រ និងធ្វើដំណើរកម្សាន្ដ នៅសហរដ្ឋអាមេរិក ហេតុនេះការបិទព្រំដែន ធ្វើឱ្យប៉ះពាល់ដល់ពួកគេយ៉ាងខ្លាំង ៕


ប្រែសម្រួល៖ សារ៉ាត

ព្រភព​៖ សុីអិនអិន


Tags: International news