CamNews

ព័ត៌មានអន្តរជាតិ 

អាមេរិក ពន្លះលោក ពូទីន បែបនេះ ក្រោយចាប់អ្នករិះគន់ដាក់គុក

សហរដ្ឋអាមេរិក និងរដ្ឋាភិបាលសហភាពអឺរ៉ុបដ៏ច្រើន បានទាមទារឱ្យមានការដោះលែង អ្នកនយោបាយប្រឆាំង លោក Alexei Navalny ពីការឃុំឃាំងរបស់រុស្ស៊ី ។  លោក Navalny ត្រូវបាននគរបានឃុំខ្លួន ក្រោយពីជើងហោះហើររបស់លោកពីប្រទេសអាឡឺម៉ង់ បានចុះចត ក្នុងក្រុង មូស្គូកាលពីថ្ងៃអាទិត្យ ។


 សកម្មជនរូបនេះ បានវិលត្រឡប់មកប្រទេសនេះ រយៈពេល ៥ ខែ ក្រោយពីលោកស្ទើរតែត្រូវបានសម្លាប់ផ្ដាច់បង់ជីវិត ដោសារធាតុគីមីបំផ្លាញប្រព័ន្ធប្រសាទ(nerve-agent) បន្ទាប់ពីលោក រិះគន់អាជ្ញាធររុស្ស៊ី ។  រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Vladimir Putin បានបដិសេធចំពោះបទចោទបំពុលលោក Navalny ។

 ប្រតិកម្មចំពោះការចាប់ខ្លួនសកម្មជននយោបាយរូបនេះ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប អំពាវនាវឱ្យមានការដោះលែងលោក Navalny ដែលជាអ្នករិះគន់ប្រឆាំងនឹងលោកប្រធានាធិបតី ។

 រដ្ឋមន្រ្ដីក្រសួងការបរទេសអាមេរិកលោក Mike Pompeo បាននិយាយថា អាជ្ញាធររុស្ស៊ី បានព្យាយាម បំបិតមាត់អ្នករិះគន់ចំពោះខ្លួន ។ រដ្ឋមន្រ្ដីរូបនេះ បានអំពាវនាវឱ្យមានការដោះលែងលោក Navalny ភ្លាមៗ និងគ្មានលក្ខខណ្ឌ ។  លោក Pompeo បាននិយាយថា ៖ “ អ្នកដឹកនាំនយោបាយប្រកបដោយទំនុកចិត្ដ មិនត្រូវភ័យខ្លាចចំពោះសម្លេងប្រឆាំងនោះទេ និងរឹតតែមិនត្រូវប្រព្រឹត្ដអំពើហិង្សា ឬឃុំខ្លួនអ្នកប្រឆាំងនយោបាយដោយខុសច្បាប់នោះទៅទៀត” ។

 ទីប្រឹក្សាសន្ដិសុខជាតិរបស់លោកប្រធានាធិបតីទើបជាប់ឆ្នោត Joe Biden ក៏មានទស្សនៈស្រដៀងគ្នានេះដែរ ។ លោក Jake Sullivan បាននិយាយថា ៖” ការវាយប្រហាររបស់វិមានក្រឹមឡាំង ចំពោះលោក  Navalny មិនគ្រាន់តែជាការរំលោភសិទ្ធិមនុស្សប៉ុណ្ណោះនោះទេ ថែមទាំងជាការប្រមាថដល់ពលរដ្ឋរុស្ស៊ី ដែលចង់បញ្ចេញទស្សនៈរបស់ខ្លួន ឱ្យគេបានលឺទៀតផង”៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC