CamNews

ប្លែកៗ 

ព្រោះតែហ្គេម «Pokemon Go» ធ្វើឲ្យបុរសម្នាក់ ត្រូវក្រុមសមត្ថកិច្ចជិះឧទ្ធម្ភាគចក្រ ដេញតាមស្មានថាជាចោរ

(កាណាដា)៖ ល្បែងហ្គេមតាមស្មាត​ហ្វូន Pokemon Go បានធ្វើឲ្យមនុស្សមួយចំនួន ជាពិសេសយុវវ័យ នៅទូទាំងពិភពលោក វក់លេងយ៉ាងខ្លាំង​ រហូតភ្លេចគិតពីសុវត្ថិភាពផ្ទាល់ខ្លួន ដូច្នេះហើយ បានជាថ្មីៗនេះ បណ្តាប្រទេសមួយចំនួន បានក្រើនរំឭក និងចេញបម្រាមមិនឲ្យ​មានការលេងហ្គេមនេះ នៅតាមកន្លែងនានា ដែលអាចនាំឲ្យរងគ្រោះថ្នាក់ ជាយថាហេតុ​។ 

ប៉ូលិសនៅរដ្ឋ Ontarion ប្រទេសកាណាដា ក៏បានជម្រុញឲ្យមនុស្ស​​លេង Pokemon Go ប្រកប​ដោយការ ទទួលខុសត្រូវផងដែរ ដូចជាមានហេតុការណ៍មួយ ទើបនឹងកើតឡើងថ្មីៗនេះ គឺក្រុមប៉ូលិសបានជិះឧទ្ធម្ភាគចក្រ តាមរថយន្តមួយគ្រឿង ដែលបើកបរដោយបុរសម្នាក់ ដែលគេសង្ស័យថា ជាចោរតែទីបំផុតការឃាត់រថយន្ត​បុរសនោះ ឲ្យឈប់​ពិនិត្យទើបដឹងថា គេកំពុងជក់​លេង Pokemon Go សោះ។

នៅថ្ងៃកើតហេតុ បុរសដែលត្រូវប៉ូលិសសង្ស័យនោះ បានបើករថយន្តត្រាច់ចរចុះឡើងៗ មើលទៅមិនប្រក្រតី ឆ្លងកាត់ទីក្រុង Vaughan ទើបក្រុមសមត្ថកិច្ចសង្ស័យ រហូតដល់ជិះឧទ្ធម្ភាគចក្រដេញតាម ព្រោះខ្លាចមានបទល្មើសអ្វី​មួយ​កើតឡើង ហើយក៏ប្រាប់ប៉ូលិសផ្សេងទៀត ឲ្យជួយឃាត់រថយន្ត ទីបំផុត បែរជាអ្នកបើកបរកំពុងវក់ នឹងលេងហ្គេមទៅវិញ។ 
មិនមានការផាកពិន័យ ទៅលើអ្នកបើកបរនោះទេ គ្រាន់តែប៉ូលិសផ្តល់ការ​ណែនាំគាត់ខ្លះៗប៉ុណ្ណោះ ដើម្បីចៀសវាងគ្រោះថ្នាក់ កើតដោយចៃដន្យ ព្រោះតែការជក់លេងហ្គេម​ មួយនេះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Pokemon Go