CamNews

ព័ត៌មានអន្តរជាតិ 

សង្វេគណាស់! ក្មេងប្រុសស្រីបឋមសិក្សា រាប់រយនាក់កប់ស្លាប់ក្នុងកម្ទេចថ្ម ដោយសារគ្រោះរញ្ជួយដី

ប្រទេសម៉ិកស៊ិក៖ ក្តីសង្ឃឹម បានប្រែក្លាយជាការឈឺចាប់ នៅក្នុងហេតុការណ៍រញ្ជួយដី នៅម៉ិកស៊ិក កាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះ ជាកន្លែងដែលអាជ្ញាធរ បានសរុបចំនួនអ្នកស្លាប់កើនឡើងរហូតដល់ ២៧៤​ នាក់ ហើយបាននិយាយថា ពុំមានកុមាររស់រាន់ជីវិត នៅសេសសល់ក្នុងកម្ទេចថ្មដើម្បីជួយសង្គ្រោះចេញពីសាលាបឋមសិក្សា ដែលដួលរលំនេះទៀតទេ។

ប្រទេសម៉ិកស៊ិក និងប្រទេសជាច្រើន បានរក្សាក្តីសង្ឃឹមរបស់ខ្លួនទៅលើការរស់រានមានជីវិតរបស់ក្មេងស្រីតូចម្នាក់ ដែលគេជឿថា ត្រូវបានកប់ទាំងរស់ នៅក្រោមកម្ទេចថ្ម ដែលធ្លាប់ជាសាលារៀន Colegio Enrique Rebsamen ។


បណ្ដាញទូរទស្សន៍ជាតិ បានចាប់យករូបភាពផ្សាយបន្ដផ្ទាល់ទាំងស្រង់នៃកិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះ ហើយ Hashtag តាមបណ្ដាញ Twitter ដ៏មានក្ដីសង្ឃឹមមួយ ត្រូវបានគេបង្កើតឡើងសម្រាប់ក្មេងស្រីអាយុ ១២ ឆ្នាំឈ្មោះ Frida Sofia បន្ទាប់ពីកម្មករម្នាក់បាននិយាយថា គាត់បានឃើញក្មេងស្រីនេះ កម្រើកម្រាមដៃរបស់នាង នៅក្នុងកន្លែងកម្ទេចកម្ទីបាក់បែក ដែលពិបាកទៅដល់មួយ។

អគារសាលាបឋមសិក្សានេះ គឺជាអគារមួយក្នុងចំណោមអគារជាច្រើន ដែលបានដួលរលំនៅទូទាំងទីក្រុង និងតំបន់ជុំវិញ បន្ទាប់ពីការរញ្ជួយដីកម្រិត ៧,១ រិចទ័រ កាលពីថ្ងៃអង្គារ។


អគារជាង ៥០ បានដួលរលំ នៅក្នុងទីក្រុងម៉ិកស៊ិកតែមួយ និងនៅតាមរដ្ឋ ដែលស្ថិតនៅជុំវិញ។ ប្រធានាធិបតីម៉ិកស៊ិក លោក Enrique Peña Nieto បានប្រកាសពីការកាន់ទុក្ខរយៈពេលបីថ្ងៃសម្រាប់ជនរងគ្រោះនៃការរញ្ជួយដីនេះ។ សាលារៀន នៅរដ្ឋធានី និងតំបន់ជុំវិញនោះ នឹងនៅតែបិទទ្វាររហូតដល់ថ្ងៃចន្ទសប្ដាហ៍ក្រោយ ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ nydailynews


Tags: International news