CamNews

ព័ត៌មានអន្តរជាតិ 

កូរ៉េខាងជើង បង្ហាញជាសាធារណៈនូវមីស៊ីលបាញ់ពីនាវាមុជទឹក

កូរ៉េខាងជើង បានបង្ហាញនូវគ្រាប់មីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹកប្រភេទថ្មី ដែលប្រព័ន្ធផ្សាយរដ្ឋ បានចាត់ទុកថា “ជាអាវុធដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក” ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា មីស៊ីលផ្លោងជាច្រើនគ្រាប់ ត្រូវបានដាក់បង្ហាញ នៅឯក្បួនព្យុះយាត្រាមួយ ដែលត្រូវបានទស្សនាដោយមេដឹកនាំលោក គីម ជុងអ៊ុន ។



 ក្បួននេះ កើតឡើង ក្រោយពីកិច្ចប្រជុំនយោបាយមួយដ៏កម្រ ជាកន្លែងដែលលោក គីម បានស្រែកដាក់អាមេរិកថា “ជាសត្រូវធំដំបូងបង្អស់របស់ប្រទេសលោក” ។  ការបង្ហាញកម្លាំងយោធានេះ កើតឡើងរយៈពេលប៉ុន្មានថ្ងៃ មុនពិធីប្រគល់ដំណែងដល់លោក Joe Biden ជាប្រធានាធិបតីអាមេរិក ។

 រូបភាពដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានបង្ហាញថា យ៉ាងហោចគ្រាប់មីស៊ីលផ្លោងធំៗចំនួន ៤ គ្រាប់ កំពុងត្រូវបានដង្ហែរឆ្លងកាត់ក្រុមមនុស្ស ដែលកំពុងក្រវីទង់ជាតិ ។ ក្រុមអ្នកវិភាគកត់សម្គាល់ថា នេះគឺជាអាវុធប្រល័យ ដែលមិនធ្លាប់បានឃើញពីមុនមក ។ អ្នកជំនាញកូរ៉េខាងជើងលោក Ankit Panda បានបង្ហោះនៅលើបណ្ដាញ Twitter ដោយប្រើសមាសភាពកូរ៉េខាងជើងសម្រាប់ គ្រាប់មីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹកថា៖ “ ឆ្នាំថ្មី គ្រាប់មីស៊ីល Pukguksong ថ្មី” ។



 គ្រងនឹងអាវក្រៅស្បែក និងមួករោមសត្វ លោកគីម ត្រូវបានគេផ្ដិតយករូបភាពដោយស្នាមញញឹម និងគ្រវីដៃ ខណៈពេលដែលលោកទស្សនានូវការតាំងបង្ហាញគ្រាប់មីស៊ីលនៅទីលាន គីម អ៊ីល ស៊ុងនៃទីក្រុងព្យុងយ៉ាង   ដែលមានវត្ដមានកងទ័ពជើងគោក កងកាំភ្លើងធំ និងរថក្រោះ នៅទីនោះដែរ ។

ទីភ្នាក់ងារព័ត៌មានផ្លូវការ Korean Central បានឱ្យដឹងថា៖ “អាវុធដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក គឺមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹកនេះ បានបញ្ជូនមកដល់ទីលាននេះជាបន្ដបន្ទាប់ ដែលបង្ហាញឱ្យឃើញប្រកបដោយឥទ្ធិពលនូវអំណាចនៃកងកម្លាំងប្រដាប់អាវុធបដិវត្ដ” ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC