CamNews

តារា 

គង់ វិច្ឆិកា ភ័យអរៗក្នុង ពិធីខួបកំណើត

ភ្នំពេញ៖ នៅក្នុងរាត្រីថ្ងៃទី១៧ខែវិច្ឆិកាកន្លងទៅ តារាសម្តែង ស្រីសម្បុរស្រអែម កញ្ញា គង់ វិច្ឆិកា បានរៀប ចំពិធីជប់លៀងខួបកំណើត ទ្រង់ទ្រាយធំ ជាលើកទី១ ទាំងអារម្មណ៍ភ័យបុកពោះ មិនឈប់ ព្រោះតែនាងខ្លាច ភ្ញៀវអញ្ជើញចូលរួម មិនគ្រប់តាមការគ្រោងទុក ។

ជួបសម្ភាសន៍ជាមួយគេហទំព័រ Looking TODAY តាមទូរស័ព្ទ តារាសម្តែងស្រីស្រស់រូបនេះ បានប្រាប់ឲ្យដឹងថា នៅរាត្រីថ្ងៃទី១៧ ខែវិច្ឆិកា កន្លងទៅ នាងបានរៀបចំពិធី ជប់លៀង ខួបកំណើត គម្រប់អាយុ១៩ឆ្នាំ របស់នាងដែលមាន លក្ខណៈធំគួរសម ដោយនាងបានរៀប ចំអញ្ជើញ ភ្ញៀវចូលរួមប្រមាណ១២តុ និងពិសាភោជនីយអាហារ នៅហាងស៊ុប សក្ខណា ជាន់ទី១ ហើយពិធីខួបកំណើតមួយនេះ នាងបានចំណាយថវិកាជិត២០០០ដុល្លារ ។

តារាស្រីដែលទើបតែមានវ័យ១៩ឆ្នាំរូបនេះ បានប្រាប់ឲ្យដឹងថា “សម្រាប់ពិធីជប់លៀង ខួប កំណើត ខ្ញុំយប់មិញនេះ គឺខ្ញុំពិតជាមានអារម្មណ៍ សប្បាយផង ភ័យផង ព្រោះថាមុនពេលពិធី ជប់លៀងចាប់ផ្តើមគឺមានភ្ញៀវខ្លះ បានទូរស័ព្ទមកសុំទោសខ្ញុំ ថាគាត់(ភ្ញៀវ)មានការរវល់ ការងារ ខ្លះមិនច្បាស់ថាបានមកចូលរួមឫអត់ ពេលនោះអារម្មណ៍ខ្ញុំគឺ សប្បាយលាយឡំ ជាមួយការបារម្មណ៍ ចំនួនវត្តមានភ្ញៀវ តែដឹងអីដល់ពេលកម្មវិធីចាប់ផ្តើមមែនទែន គឺមាន ភ្ញៀវចូលរួមច្រើន ដូចការរំពឹងទុក ព្រោះពួកគាត់ខំប្រឹងឆ្លៀតពេលមកចូលរួមច្រើន ធ្វើឲ្យខ្ញុំ មានអារម្មណ៍រំភើបខ្លាំង” ។

ពន្លកតារាសម្តែង ដែលទើបតែរះលើវិថីសិល្បៈប្រមាណ២-៣ឆ្នាំ កញ្ញា វិច្ឆិកា បានប្រាប់ឲ្យដឹងបន្ថែមទៀតថា នេះជាលើកទី១ហើយ ដែលនាងរៀបចំពិធីខួបកំណើត ទ្រង់ទ្រាយធំ គួរសម បែបនេះ ព្រោះកន្លងមកនាងធ្វើធម្មតា ជុំគ្រួសារញុំាអីតិចតួចតែឆ្នាំនេះ ដោយសារតែការងារ រីកដុះដាល កាន់តែខ្លាំងនាងក៏សម្រេចចិត្តរៀបចំពិធីនេះ ដើម្បីយកហ៊ុងស៊ុយតែម្តងទៅ ម្យ៉ាង តាំងពីចូលសិល្បៈ នាងក៏មិនធ្លាប់ មានកម្មវិធីអីធំដុំ ដូច្នេះក៏រៀបចំពិធីបែបនេះតែម្តងទៅ ៕





 

ផ្ដល់សិទ្ធិដោយ៖ looking today


Tags: Star News Khmer Star Khung Vichika