CamNews

បច្ចេកវិទ្យា 

ហេតុអ្វីបានជា"ទីប្រឹក្សា" របស់ Apple មានឈ្មោះថា Siri ដូច្នេះ?

រហូតមកដល់ពេលនេះប្រាកដជាគ្មានអ្នកណាដែលថាមិនស្គាល់ Siri ជាកម្មវិធីអន្តរកម្មលើ
សំលេងនិយាយរបស់ Apple ទៀតនោះទេ។ ថ្វីត្បិតតែ Siri គឺជាមុខងារកម្មសិទ្ធិមួយដែល
មានតែនៅលើ iPhone 4S ក៏ដោយ ប៉ុន្តែជាក់ស្តែងប្រភពដើមរបស់ Siri នេះមិនមែនជារបស់
Apple នោះឡើយ។ Siri ត្រូវបានដាក់ឈ្មោះដោយលោក Dag Kittlaus ជាជនជាតិ ណវ៉េស
អាយុ ៤៤ ឆ្នាំនិងជាអ្នកបង្កើតឡើងនូវក្រុមហ៊ុនដែលធ្វើការអភិវឌ្ឍន៍លើមុខងាររបស់កម្មវិធី
នេះ។ ផ្នត់គំនិតរបស់ក្រុមហ៊ុន Dag Kittlaus បានធ្វើអោយលោក Steve Jobs មានការពេញ
ចិត្តជាខ្លាំង ពេលនោះអតីត CEO របស់ Apple លោក Steve Jobs ក៏បានទិញបន្តនូវក្រុមហ៊ុន
របស់ Dag Kittlaus ក្នុងតំលៃ ២០០ លានដុល្លាអាមេរិកដើម្បីនាំយកមុខងារដ៏អស្ចារ្យនេះចូល
ទៅក្នុងទូរស័ព្ទ iPhone 4S របស់ខ្លួន។

មកដល់ចំណុចនេះមានប្រការមួយដែលគួរអោយចាប់អារម្មណ៍បំផុត នោះគឺ Steve Jobs
មានអារម្មណ៍ថាមិនពេញចិត្តនឹងឈ្មោះ Siri នេះទេ ពីព្រោះឈ្មោះនេះមិនសមស្របទៅតាម
របៀបនៃការដាក់ឈ្មោះអោយសមិទ្ធិផលទាំងឡាយរបស់ Apple ដែលតែងតែមានអក្សរ "i"
នាំមុខឈ្មោះសមិទ្ធិផលជានិច្ចនោះ។ ប៉ុន្តែទីបំផុតឈ្មោះ Siri នៅតែត្រូវបានបង្ហាញវត្តមាន
នៅលើសមិទ្ធិផល iPhone 4S ដដែល ដោយសារតែ Apple មិនអាចរកឈ្មោះណាមួយផ្សេង
អោយល្អមកជំនួសបានឡើយ។

លោក Dag Kittlaus បានអោយដឹងពីមូលហេតុដែលគាត់ដាក់ឈ្មោះថា Siri នេះ៖ "ខ្ញុំបានធ្វើ
ការងារជាមួយស្ត្រីម្នាក់មានឈ្មោះថា Siri នៅក្នុងប្រទេស ណវ៉េស និងចង់យកឈ្មោះនេះ
ទៅដាក់អោយកូនស្រីរបស់គាត់ និងឈ្មោះ Domain របស់ក្រុមហ៊ុន។ មិនតែប៉ុណ្ណោះអ្នកប្រើ
ប្រាស់ជាច្រើនក៏ចង់បានឈ្មោះមួយដែលសាមញ្ញនិងស្រួលចាំផងដែរ ដូច្នេះ Siri គឺជាឈ្មោះ
មួយដែលមានលក្ខណៈដូច្នេះឯង"។

ករណីមួយផ្សេងទៀតនោះគឺ Siri តាមភាសា ណវ៉េស ប្រែថា"ទីប្រឹក្សាដ៏ស្រស់ស្អាតនាំយើង
ទៅរកជោគជ័យ" ហើយអត្ថន័យនេះក៏មានលក្ខណៈសមស្របបំផុតជាមួយមុខងារក៏ដូចជា
ការចង់បានរបស់ Apple នៅពេលបង្កើត Siri នេះផងដែរ។

នៅក្រោយពេលក្រុមហ៊ុនរបស់ Kittlaus ត្រូវបាន Apple ទិញយកកាលពីឆ្នាំ ២០១០ រួចមក
លោក Dag Kittlaus ក៏បានក្លាយជាប្រធានដឹកនាំរបស់ក្រុមធ្វើការអភិវឌ្ឍន៍កម្មវិធីអន្តរកម្ម
សំលេងនិយាយរបស់ Apple ។ ប៉ុន្តែក្រោយមកលោកក៏បានលាឈប់ពីការងារបន្ទាប់ពីទូរ
ស័ព្ទ iPhone 4S ត្រូវបានដាក់បង្ហាញវត្តមាន៕

ប្រភព៖ PhoneArena
ដោយ៖ រស្មី

Tags: electronicapplesmartphonetechnologyiphone 4ssteve jobssiridag kittlaus