CamNews

ផលិតផលថ្មី ថេបប្ល៊ែត 

New iPad ត្រូវបានដាក់លក់ ភាគហ៊ុនរបស់ Apple កើនជិតដល់ ៦០០ដុល្លាអាមេរិក

នៅក្នុងការលក់ដូរមួយកាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនៅលើទីផ្សារភាគហ៊ុនអាមេរិក
តំលៃភាគហ៊ុនរបស់ Apple បានកើនឡើងរហូតជិតដល់ ៦០០ ដុល្លាអាមេរិកក្នុងមួយភាគ
ហ៊ុនត្រឹមតែក្នុងរយៈពេលមួយដ៏ខ្លីបំផុត មុននឹងធ្លាក់មកសល់ត្រឹមតែ ៥៩៧ ដុល្លាអាមេរិក
វិញក្នុងមួយភាគហ៊ុន។ ដោយឡែកនៅក្នុងកំឡុងបីខែកន្លងមកនេះ តំលៃភាគហ៊ុនរបស់
Apple បានកើនឡើងចំនួន ៥៧ ភាគរយ។

ពិភពអ្នកវិភាគបានធ្វើការវិភាគថាតំលៃភាគហ៊ុនរបស់ Apple នេះនឹងនៅបន្តកើនឡើងយ៉ាង
ខ្លាំងបន្តទៅទៀតដែលអាចនឹងឡើងជិតដល់ ៧០០​ដុល្លាអាមេរិកក្នុងមួយភាគហ៊ុន នៅពេល
ដែលគំរូឧបករណ៍ Tablet ថ្មីនេះនៅរក្សាបានតំណែងរបស់ខ្លួនដដែលនៅក្នុងទីផ្សារនោះ។

ទន្ទឹមនឹងនោះដែរ យោងតាមប្រភពពត៌មានពី Bloomberg អោយដឹងថាប្រទេស អូស្រ្តាលី
បានក្លាយជាទីផ្សារដំបូងគេក្នុងការដាក់បង្ហាញវត្តមានសមិទ្ធិផល iPad ថ្មីនេះគឺត្រូវទៅនឹង
ផែនការដែល Apple បានដាក់ចេញប្រាកដមែន។ នៅទីនោះត្រូវបានអោយដឹងថានៅពីមុខ ហាងលក់សមិទ្ធិផលមួយរបស់ Apple នៅក្នុងទីក្រុង Sydney មានអតិថិជនចំនួនប្រហែល
ជា ២០០ នាក់បានមកតំរៀបជួរគ្នាដ៏វែងដើម្បីរង់ចាំទិញ iPad ថ្មីនេះ។

លោក David Tarasenko គឺជាអតិថិជនដំបូងគេក្នុងពិភពលោកដែលបានក្លាយជាម្ចាស់
របស់ iPad ថ្មីនៅក្នុងទីក្រុង Sydney ប្រទេសអូស្រ្តាលី។


យោងតាមប្រភពពត៌មានពី Cnet បានអោយដឹងថា លោក David Tarasenko គឺជាអតិថិជន
ដំបូងគេក្នុងពិភពលោកដែលបានក្លាយជាម្ចាស់របស់ iPad ថ្មីកំណែ ៦៤GB មានទាំងប្រព័ន្ធ
Wi-Fi និង 4G ផងដែរ។ ប្រភពដដែលបានអោយដឹងថាបុរសនោះមានក្តីរំភើបនិងរីករាយ
ខ្លាំងណាស់ពីព្រោះគាត់មិននឹកស្មានថាមានឱកាសក្លាយជាអតិថិជនដំបូងគេរបស់ Apple
សំរាប់កំណែជំនាន់ថ្មីដូច្នេះសោះ។

តាមគំរោង បន្ទាប់ពីប្រទេសអូស្រ្តាលី, ប្រទេសជប៉ុនគឺជាទីផ្សារបន្ទាប់ក្នុងការដាក់លក់សមិទ្ធិ
ផល iPad ថ្មីនេះ និងបន្តទៅទៀតនឹងត្រូវបង្ហាញវត្តមាននៅក្នុងទីផ្សារផ្សេងៗមានដូចជា នៅ
ទីក្រុងហុងកុង ប្រទេសសិង្ហបុរី ប្រទេសបារាំង អល្លឺម៉ង់ អង់គ្លេស កាណាដា និងប្រទេស
អាមេរិក។ ចំពោះតំលៃសមិទ្ធិផលថ្មីនេះនៅក្នុងប្រទេសអាមេរិកគឺមានតំលៃចាប់ពី ៤៩៩ដុល្លា
ឡើងរហូតដល់ ៨២៩ ដុល្លាអាមេរិកក្នុងមួយគ្រឿង៕

ប្រភព៖ CBS
ដោយ៖ រស្មី

Tags: electronictabletipadappletechnologynew ipad