CamNews

បច្ចេកវិទ្យា 

ហេតុអ្វីបានជា Apple "ចងមិត្តភាព" ជាមួយ Twitter តែមិនមែនជាមួយ Facebook?

ជាថ្មីម្តងទៀត Apple បានធ្វើការជ្រើសរើស Twitter ធ្វើជាគេហទំព័រកំសាន្តសង្គមដែលត្រូវ
បានបំពាក់យ៉ាងទូលំទូលាយនៅលើប្រព័ន្ធប្រតិបត្តិការថ្មីឈ្មោះថា Mac OS X ថ្មីបំផុតរបស់
ខ្លួនជំនួសអោយគេហទំព័រកំសាន្ត Facebook ទៅវិញ។ ករណីនេះត្រូវបានគេមើលឃើញ
ថាដោយសារតែរាល់ទំនាក់ទំនងរវាង Apple និង Facebook មិនសូវជាមានភាពល្អប្រសើរ
នឹងគ្នាប៉ុន្មានឡើយនៅក្នុងកំឡុងពេលចុងក្រោយនេះ។ ដោយឡែកអ្នកដែលទទួលរងនូវ
ផលវិបាកនោះសំខាន់បំផុតគឺអ្នកប្រើប្រាស់ទៅវិញនោះទេ។

កាលពីសប្តាហ៍កន្លងទៅក្រុមហ៊ុន Apple បានធ្វើការប្រកាសបង្ហាញវត្តមានប្រព័ន្ធប្រតិបត្តិ
ការថ្មីមួយទៀតរបស់ខ្លួនមានឈ្មោះថា Mac OS X Mountain Lion សំរាប់ប្រើប្រាស់ដោយ
ឡែកនៅលើបណ្តាកុំព្យូទ័រឯកជន ដោយអមមកជាមួយនូវកម្មវិធីក៏ដូចជាមុខងារថ្មីៗជាច្រើន
ផងដែរ។ ប្រហាក់ប្រហែលគ្នានឹងកំណែ iOS 5 ផងដែរ Apple បានធ្វើការបំពាក់នូវ Twitter
នៅលើរាល់កម្មវិធីរបស់ខ្លួនស្ទើរតែទាំងអស់ ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់កាន់តែមាន
ភាពងាយស្រួលជាងមុនក្នុងការចូលទៅកាន់គេហទំព័រកំសាន្តមួយនេះក៏ដូចជាធ្វើការចែក
រំលែកនូវរាល់អត្ថន័យខ្លឹមសារបានគ្រប់ពេលមិនថាពេលណារឺទីកន្លែងណានោះឡើយ។

ប្រការនេះអាចចាត់ទុកថាគឺជាភាពជោគជ័យថ្មីមួយទៀតរបស់ Twitter ខណៈពេលដែល
ត្រូវបានបង្ហាញវត្តមាននៅលើកម្មវិធីរបស់សមិទ្ធិផល Apple ហើយគេហទំព័រមួយនេះបាន
កើននូវចំនួនអ្នកប្រើប្រាស់បានរហូតដល់ចំនួន ២៥% បើគិតចាប់តាំងពីពេលដែល Apple
ដាក់បង្ហាញវត្តមាន iOS 5 កាលពីរដូវស្លឹកឈើជ្រុះនាឆ្នាំកន្លងទៅ។

ប៉ុន្តែប្រការដែលត្រូវលើកឡើងយកមកនិយាយពេលនេះគឺផ្តោតទៅលើថាតើហេតុអ្វីបានជា
Apple បែរជាធ្វើការជ្រើសរើសយក Twitter ជំនួសការជ្រើសយក Facebook ដែលជាគេហ
ទំព័រមួយទទួលបានការពេញនិយមបំផុតនៅក្នុងពិភពលោកជាមួយចំនួនអ្នកប្រើប្រាស់មាន
ចំនួនរហូតដល់ជាង ៨០០លាននាក់នោះ? ចំលើយគឺអាចស្ថិតនៅលើរាល់ទំនាក់ទំនងទាំង
ឡាយដែលមិនសូវមានភាពល្អប្រសើររវាង Apple និង Facebook ។

បើទោះបីជា Facebook គឺជាអ្នកដែលតែងតែ"ដឹងគុណ"ជានិច្ចទៅដល់ Apple ក្រោយពេល
ដែលខ្លួនបានចុះកិច្ចព្រមព្រាងមួយចំនួនជាមួយ Apple នៅក្នុងដំណាក់កាលដំបូងពេល
បង្កើតក្រុមហ៊ុននេះឡើង។ ហើយតាមរយៈកិច្ចព្រមព្រាងទាំងអស់នោះបានជួយអោយក្រុម
ហ៊ុនអាចហែលឆ្លងផុតពីវិបតិ្តទាំងឡាយបាន។ ដោយឡែកចំពោះលោក Mark Zuckerberg ផ្ទាល់ក៏បានចាត់ទុកលោក Steve Jobs ប្រៀបបាននឹងអ្នកប្រឹក្សាម្នាក់ដែលគួរអោយគោរព
បំផុតទៀតផង។ ប៉ុន្តែចាប់តាំងពីពេលដែល Apple បានធ្វើការបដិសេធមិនទទួលយកការ
គាំទ្ររបស់ Facebook ចំពោះកិច្ចការធ្វើការអភិវឌ្ឍន៍គេហទំព័រសង្គមស្តីពីផ្នែកចំរៀង Ping
របស់ខ្លួនមក រាល់ទំនាក់ទាំងឡាយរវាងក្រុមហ៊ុនទាំងពីរនេះហាក់បានប្រែក្លាយទៅជាមាន
ភាពល្អក់កករកាន់តែខ្លាំងឡើង។

ជាការបកស្រាយពន្យល់ក្នុងបញ្ហានេះលោក Steve Jobs ពេលនោះគឺជា CEO របស់ Apple
បានអោយដឹងថារាល់គោលនយោបាយទាំងឡាយស្តីអំពីល័ក្ខខ័ណ្ឌនៃការប្រើប្រាស់របស់
Facebook គឺមិនមានលក្ខណៈសមស្របជាមួយនឹងគោលនយោបាយធ្វើការអភិវឌ្ឍន៍រាល់
សមិទ្ធិផលរបស់ Apple នោះឡើយ។

រាល់ទំនាក់ទំនងទាំងឡាយរវាង Facebook និង Apple កាន់តែមានសភាព"ខ្មៅងងឹត"ជាងមុន បានចាប់ផ្តើមឡើងនៅដើមឆ្នាំ ២០១១ កន្លងមកនេះ ខណៈពេលដែល Facebook បានយល់
ព្រមធ្វើការបង្កើតនូវកម្មវិធីទំព័រសង្គមរបស់ខ្លួនសំរាប់ប្រើប្រាស់នៅលើឧបករណ៍ iPad របស់
Apple។ ប៉ុន្តែទន្ទឹមនឹងនោះ Facebook ក៏បានទៅធ្វើការសហការគ្នាជាមួយក្រុមហ៊ុន HP ផង
ដែរចំពោះកិច្ចការបង្កើតកម្មវិធីទំព័រសង្គមនេះនៅលើឧបករណ៍ Tablet TouchPad ,ហើយចុង
បញ្ចប់កម្មវិធីសំរាប់ TouchPad ក៏ត្រូវបានបង្ហាញវត្តមាននៅមុនពេលកម្មវិធីទំព័សង្គមនោះ
បង្ហាញវត្តមានសំរាប់ iPad ។ ប្រការនេះបានធ្វើអោយលោក Steve Jobs មានអារម្មណ៍ហាក់
មិនសប្បាយចិត្តនោះឡើយចំពោះទង្វើរបស់ Facebook ។

Facebook ក្រោយមកបានព្យាយាមបញ្ឈប់ធ្វើការអភិវឌ្ឍន៍កម្មវិធីសំរាប់ Touchpad ដើម្បី
ស្រោចស្រង់ស្ថានភាពឡើងវិញ ប៉ុន្តែរាល់ទំនាក់ទំនងទាំងឡាយជាមួយ Apple មិនអាចមាន
លក្ខណៈល្អប្រសើរឡើងវិញបានឡើយ។ ហើយចាប់តាំងពីពេលនោះមក Apple បានចាប់
ផ្តើមមានទំនាក់ទំនងកាន់តែជិតស្និទ្ធឡើងជាមួយ Twitter ជំនួស Facebook ,ដើម្បីប្រែក្លាយ
គេហទំព័រកំសាន្តសង្គមមួយនេះអោយកាន់តែមានភាពទូលំទូលាយនិងត្រូវបានបំពាក់នៅ
ក្នុងកម្មវិធីនៃសមិទ្ធិផលរបស់ខ្លួន។ ចំពោះភាពល្អក់កកររវាងទំនាក់ទំនងរបស់ Apple និង
Facebook នេះពិនិត្យអោយច្បាស់ទៅឃើញថាអ្នកដែលទទួលបានផលប្រយោជន៍ធំបំផុត
នោះគឺ Twitter ឯណោះទេ។

ស្របពេលជាមួយគ្នានឹងភាពល្អក់កករនៃទំនាក់ទំនងបានលើកឡើងខាងលើ,មានមូលហេតុ
ផ្សេងមួយទៀតដើម្បីបកស្រាយចំពោះបញ្ហាដែលថាហេតុអ្វីបានជា Apple មិនធ្វើការបំពាក់
កម្មវិធី Facebook នៅលើសមិទ្ធិផលរបស់ខ្លួន នោះគឺដោយសារតែគូរប្រកួតធំបំផុតរបស់
Apple គឺ Microsoft កំពុងកាន់កាប់នៅក្នុងដៃចំនួន ២,៥% នៃភាគហ៊ុនរបស់ Facebook តាម
រយៈគណនីវិនិយោគមានបរិមាណធំបំផុតក្នុងកំឡុងពេលនៃថ្ងៃបង្កើតឡើងដំបូងរបស់គេហ
ទំព័រមួយនេះ។ អាស្រ័យដូច្នេះហើយប្រសិនបើ Facebook ចង់"ចាប់ដៃ" ជាមួយអ្នកណានោះ
គឺត្រូវតែឆ្លងកាត់យោបល់របស់ Microsoft ជាមុនសិន។

ប៉ុន្តែអ្វីទាំងអស់នោះគឺគ្រាន់តែជាការសន្និដ្ឋានប៉ុណ្ណោះ ហើយជាក់ស្តែងអ្នកដែលទទួលរងនូវ
ការខូចខាតប្រយោជន៍ចំបងនៅក្នុង"ឆាកប្រយុទ្ធ"មួយនេះ សំខាន់គឺអ្នកប្រើប្រាស់ទៅវិញទេ
ជាពិសេសអ្នកដែលចង់ប្រើប្រាស់រួមគ្នាទាំង Facebook និងសមិទ្ធិផលរបស់ Apple ៕

ប្រភព៖ Cnet
ដោយ៖ រស្មី

Tags: facebookelectronictechnologysteve jobsmark zuckerbergsocial networktwittermac os x mountain lion