CamNews

ព័ត៌មានជាតិ 

រន្ទះបាញ់ សម្លាប់មនុស្សម្នាក់ ខណៈលោក យឹម ឆៃលី កំពុង ចែកអំណោយនៅទីនោះ

កំពង់ចាម ៖ បុរសម្នាក់ ត្រូវបានរន្ទះបាញ់ស្លាប់ ខណៈដែល លោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី និងថ្នាក់ដឹកនាំ ខេត្តកំពង់ចាម កំពុងចុះចែកអំណោយ ជូនប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារ ខ្យល់ព្យុះ នៅឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម នាព្រឹកថ្ងៃ ទី២៦ ខែមេសា ឆ្នាំ២០១៥ ។

មន្រ្តីនគរបាល ស្រុកបាធាយ ខេត្ត កំពង់ចាម បានឲ្យដឹងថា បុរសម្នាក់ដែលត្រូវរន្ទះបាញ់ស្លាប់នោះ រស់នៅភូមិស្វាយព្រៃ ឃុំសណ្តែក ស្រុកបាធាយ ទីដែល កាកបាទក្រហមដឹកនាំ ដោយលោក យឹម ឆៃលី កំពុងចែកអំណោយ នៅឃុំនោះ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៥នេះ លោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានយក អំណោយ របស់កាកបាទក្រហមកម្ពុជា មកចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារខ្យល់ព្យុះ ឃុំសណ្តែក ចំនួន១៣០គ្រួសារ ឃុំតាំងក្រសាំង ចំនួន៤៥គ្រួសារ នឹងឃុំត្រប់ របស់ស្រុកបាធាយ ចំនួន៤១២ គ្រួសារ សរុប៥៨៧គ្រួសារ ។

សម្រាប់ប្រជាពលរដ្ឋ ១គ្រួសារ ទទួលបាន  អង្ករ ២៥Kg ភួយ ១ ក្រមារ ១ សារុង១ ដោយឡែក គ្រួសារខូចខាតធ្ងន់ចំនួន១៥០គ្រួសារ ទទួលបាន សង្ក័សី១៥សន្លឹក។

សម្រាប់គ្រោះធម្មជាតិ រន្ទះបាញ់នេះ ក៏បានកើតឡើង ផងដែរ កាលពីវេលាម៉ោង ៤៖៣០នាទីទាបភ្លឺ នៅថ្ងៃ២៦ ខែមេសា ឆ្នាំ២០១៥ នៅវត្ដថ្មី សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដោយបាញ់កំពូលសាលាឆទាន(ជៀវា) បណ្ដាលឲ្យ ក្ដាច់ចំឡាក់ (ជៀវា) បែកជាច្រើនចំណែក ក្នុងនោះ មានចំណែកខ្លះ បានធ្លាក់មកត្រូវ ញ៉ាបរោងប្រចាំការ គោលដៅ F2.បណ្ដាលឲ្យ ខូចខាតដំបូលរោងយាម មួយចំនួនផងដែរ។

សម្រាប់ស្រុកបាធាយ ខេត្តកំពង់ចាម បានរងគ្រោះខ្លាំងជាងគេ ដោយសារខ្យល់ព្យុះ កាលពីប៉ុន្មាន ថ្ងៃមុននេះ ប៉ុន្តែកងកម្លាំងអាវុធ និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ បានចុះជួយរុះរើ និងសាងសង់ឡើងវិញ ជាបន្តបន្ទាប់ផងដែរ៕



ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Cambodia Kompong cham