CamNews

ព័ត៌មានជាតិ 

កូនចុងជា មន្រ្តីអាវុធហត្ថ វាយទាត់ធាក់ និងដកកាំភ្លើង វាយក្បាលកូនដើម បណ្តាលឱ្យ រងរបួសធ្ងន់ធ្ងរ

ភ្នំពេញ ៖ យុវជនម្នាក់ ដែលជាកូនប្តីដើម បានរងរបួសធ្ងន់ធ្ងរ ដោយសារតែ ត្រូវយុវជនម្នាក់ទៀត ជាកូន ប្តីចុង និង ជាមន្រ្តីអាវុធហត្ថ លើផ្ទៃប្រទេសនោះ បានប្រើអំពើ វាយទាត់ធាក់ និងបានដកកាំភ្លើងខ្លី មួយ ដើម វាយ ក្បាល បង្កឱ្យមានការភ្ញាក់ផ្អើល និងភិតភ័យយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋជិតខាង មកចោម រោមមើល ប៉ុន្តែមិនមានអ្នកណាម្នាក់ហ៊ាន ចូលទៅជួយឃាត់នោះទេ ព្រោះតែខ្លាចកាំភ្លើង ។

ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥ នៅមុខផ្សារទំនើប អ៊ីអនម៉ល ស្ថិតក្នុងភូមិទី៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា យុវជនជាជនរងគ្រោះ មានឈ្មោះយូ ជុងឆាយយ៉ា អាយុ២៣ឆ្នាំ មាន មុខរបរជាអ្នកធ្វើការ នៅក្នុងការរ៉ាស ឡានមួយកន្លែង មានទីលំនៅក្នុង កន្លែងកើតហេតុខាងលើ ។

តាមសំដីរៀបរាប់ ពីជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគេបានចេញ ពីកន្លែងធ្វើការនៅម្តុំ ផ្សារបឹងកេងកង ដូចសព្វដង ខណះមកដល់មុនផ្ទះខ្លួន ក៏បានអង្គុយលេង នៅខាងមុខផ្ទះ ជាមួយនឹង ក្រុមគ្រួសារ ភ្លាមនោះស្រាប់តែយុវជនម្នាក់ ជាកូនប្តីចុង ម្តាយរបស់ខ្លួន មានឈ្មោះសុខា សីហា ជាមន្រ្តី អាវុធ ហត្ថលើផ្ទៃប្រទេស បានជិះម៉ូតូមួយគ្រឿង មកឈប់នៅមុខផ្ទះ រួចក៏បានដើរសំដៅមករកខ្លួន ហើយ ក៏បានធ្វើសកម្មភាព វាយទាត់ធាក់មកលើរូបគេយ៉ាងចាស់ដៃ ព្រមទាំងបានដកកាំភ្លើង មួយដើមពីចង្កេះ វាយក្បាលបន្ថែមទៀត បណ្តាលឱ្យរង របួសយ៉ាងដំណំ បង្កឱ្យមានការភ្ញាក់ផ្អើល និងភិតភ័យយ៉ាង ខ្លាំង ដល់ប្រជាពលរដ្ឋ ជិតខាងមកចោមរោមមើល ប៉ុន្តែមិនមានអ្នកណាម្នាក់ ហ៊ានចូលទៅជួយឃាត់ នោះទេ សូម្បីតែក្រុមគ្រួសារគេក៏ដោយ ព្រោះតែខ្លាចកាំភ្លើង ដែលយុវជនម្នាក់នោះកំពុង តែកាន់នៅក្នុងដៃ ។ បន្ទាប់ពីបានដកកាំភ្លើង វាយក្បាលជនរងគ្រោះរួចមក ជនបង្កមិនទាន់អស់ចិត្ត បានយកកាំភ្លើងភ្ជង់ ក្បាល ជនរងគ្រោះនិងគំរាមបាញ់ ព្រមទាំងបានជេរប្រមាថយ៉ាងខ្លាំង ហើយថែមទាំងបានស្រែកថា បើអ្នកណា ហ៊ានចូលមកជួយ អញនឹងបាញ់ទាំងអស់ ហើយមួយសន្ទុះក្រោយមក ជនបង្កបានឡើងជិះម៉ូតូ ចេញទៅ វិញបាត់ សូម្បីតែកម្លាំងសមត្ថកិច្ចមូលដ្ឋាន ដែលចុះ ទៅដល់កន្លែងកើតហេតុ ក៏មិនហ៊ានធ្វើការ ជាត់ខ្លួនយុវជនម្នាក់នោះដែរ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារ នាំយកមកដាក់ពាក្យបណ្តឹងនៅបុស្តិ៍នគរ​បាល​ ទន្លេបាសាក់ ប៉ុន្តែដោយសារតែជនបង្ក ជាមន្រ្តីអាវុធហត្ថ ទើបសមត្ថកិច្ចឱ្យទីបញ្ជាការ កងរាជអាវុធ ហត្ថ ខណ្ឌ ចំការមន លុះមកដល់ក៏គ្មានអ្នកណាព្រមអើពើនោះដែរ គឺបានត្រឹមតែ និយាយ ថា ឱ្យទៅដាក់ពាក្យ បណ្តឹង នៅអធិការដ្ឋាននគរបាល ខណ្ឌចំការមនវិញទៅ ។

ជុំវិញករណីប្រើអំពើហិង្សា ដោយចេតនានេះ សមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាមន្រ្តីអាវុធហត្ថខណ្ឌចំការ​មន ហាក់ដូចជាខ្លាចញញើត នឹងអំណាចជនបង្ក ដោយសារតែជនបង្កជាមន្រ្តី អាវុធហត្ថលើផ្ទៃប្រទេស ៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP