CamNews

ផលិតផលថ្មី 

CES ២០១២ នឹងពោរពេញទៅដោយ Laptop កំរាស់ស្តើង Ultrabook

ឆ្នាំ ២០១១ គឺជាឆ្នាំដែលត្រូវបានគេចាត់ទុកថាជាឆ្នាំរបស់ឧបករណ៍ Tablet ហើយប្រសិនជា
ដូច្នេះមែននោះ ក្នុងឆ្នាំ ២០១២ ខាងមុខនេះនៅលើទីលាននឹងមានការប្រែប្រួលថ្មីមួយទៀត
គឺនឹងក្លាយជាឆ្នាំរបស់ Ultrabook​ វិញម្តង។ ពិធីតាំងពិព័ណ៌អេឡិចត្រូនិចឆ្នាំ ២០១២ រឺហៅ
កាត់ជាភាសាអង់គ្លេសថា CES ២០១២ ដែលមានរយៈពេលសល់ត្រឹមតែជាងមួយខែទៀត
នឹងត្រូវប្រារព្ធធ្វើឡើងនោះ និងបើយោងតាមប្រភពពត៌មានមួយចំនួនពីម្ចាស់នៃកម្មវិធីអោយ
ដឹងថានឹងមានជាង ៥០គំរូម៉ូដែលនៃកុំព្យូទ័រយួរដៃ នឹងត្រូវធ្វើការដាក់តាំងនៅក្នុងកម្មវិធីតាំង
ពិព័ណ៌នោះផងដែរ។

នៅក្នុងកម្មវិធីតាំងពិព័ណ៌ CES មួយដែលបានប្រារព្ធធ្វើឡើងនៅក្នុងទីក្រុងឡុង ប្រទេស
អង់គ្លេសនាពេលកន្លងមក នាយកស្រាវជា្រវរបស់ Consumer Electronics Association
Shawn DuBravac អោយដឹងថាលោកសង្ឃឹមថានឹងបានឃើញនូវទិដ្ឋភាពនៃការដាក់បង្ហាញ
វត្តមានដ៏អស្ចារ្យមួយរបស់ Ultrabook នៅក្នុងកម្មវិធីតាំងពិព័ណ៌ CES ២០១២ ខាងមុខនេះ។
លោកមានប្រសាសន៍ថា "យើងខ្ញុំសន្និដ្ឋានថានឹងមានចាប់ពី ៣០ ដល់ ៥០ គំរូម៉ូដែលថ្មីនៃ
ផលិតផល Ultrabook នឹងត្រូវបានបង្ហាញវត្តមាន" Shawn ឆ្លើយជាមួយ PC Pro។ Ultrabook
គឺជាស្រឡាយនៃកុំព្យូទ័រយួរដៃម៉ូដែលថ្មីដែលជារបកគំហើញរបស់ Intel និងបានចុះឈ្មោះ
ជាកម្មសិទ្ធិយីហោររបស់ខ្លួន។ កុំព្យូទ័រយួរដៃមួយដែលអាចមានឈ្មោះជា Ultrabook បាន
លុះត្រាតែវាបំពេញបាននូវលក្ខខ័ណ្ឌមួយចំនួនដូចខាងក្រោមនេះ៖

- ផ្នែកក្រាស់បំផុតនៅលើតួកុំព្យូទ័រយួរដៃនោះមានកំរាស់មិនលើសពី ១៨មីលីម៉ែត្រ
- ទំងន់របស់វាត្រូវតែទាបជាង ១,៤គីឡូក្រាម
- ថ្មរបស់វាប្រើប្រាស់បានរយៈពេលយូរ និងត្រូវលើសពី ៥ម៉ោងក្នុងករណីប្រើប្រាស់
ធម្មតា។
- Hard Drive ផ្ទុកទិន្នន័យរបស់វាត្រូវតែមានទំរង់ជា flash ។
- ត្រូវប្រើប្រាស់នូវបច្ចេកវិទ្យា reboot ល្បឿនលឿន Rapid Start របស់ Intel


ចំណុចពិសេសមួយទៀតគឺថ្វីត្បិតតែ Intel មិនបានធ្វើការបញ្ជាក់នៅក្នុងលក្ខខ័ណ្ឌខាងលើ
ក៏ដោយ ប៉ុន្តែវាត្រូវបានស្វែងយល់ដោយក្រុមហ៊ុនម្ចាស់ផលិតផ្ទាល់ នោះគឺតំលៃដាក់លក់
របស់ផលិតផល Ultrabook នេះ ត្រូវតែមានតំលៃប្រហាក់ប្រហែល រឺក៏ចាប់ពី ១ពាន់ដុល្លា
អាមេរិកឡើងទៅ។ គិតរហូតមកដល់សម័យបច្ចុប្បន្ននេះ ប្រភេទនៃឧបករណ៍កុំព្យូទ័រយួរដៃ
មានកំរាស់ស្តើងនិងដែលមានវត្តមាននៅក្នុងទីផ្សារ ក្នុងនោះមកពីយីហោរផ្សេងៗគ្នាដូចជា៖
ASUS (Zenbook UX21, UX31), Acer (Aspire S3), Toshiba (Portege Z835) និង Lenovo
(IdeaPad U300s) ជាដើម...។

CES ២០១២ ខាងមុខនេះក៏គឺជាកន្លែងដែល Intel នឹងធ្វើការដាក់បង្ហាញជាផ្លូវការផងដែរនូវ
វត្តមានផលិតផល Processor ជំនាន់ថ្មី Ivy Bridge ជាផលិតផលស្នងពី Sandy Bridge។
Ivy Bridge ប្រើប្រាស់បច្ចេកវិទ្យាពាក់កណ្តាលចម្លង Tri-Gate របស់ Intel ដែលអាចជួយកាត់
បន្ថយនូវបរិមាណនៃការប្រើប្រាស់ថាមពលអគ្គីសនី និងជួយបង្កើនល្បឿននៃដំណើរការ
របស់ម៉ាស៊ីនកុំព្យូទ័រផងដែរ។ ហើយផលិតផល Ultrabook ដែលនឹងត្រូវធ្វើការបង្ហាញវត្តមាន
នៅក្នុងកម្មវិធីតាំងពិព័ណ៌ CES ២០១២ ខាងមុខនេះ តាមការប៉ាន់ស្មានគឺនឹងបំពាក់ដោយ
Processor Ivy Bridge ទៀតផង៕

ប្រភព ៖ Mashable
ដោយ៖ រដ្ឋា

Tags: electronictechnologyultrabookasuszenbookacer aspire s3ces 2012toshiba portege z835lenovo ideapad u300sprocessor ivy bridge