CamNews

ព័ត៌មានជាតិ 

ម្ចាស់រថយន្តដឹកដី បុកចូលក្បួន រថយន្តសម្តេចក្រុមព្រះ ចូលបំភ្លឺ នៅចំពោះមុខ សមត្ថកិច្ច

កំពង់ចាម៖ ម្ចាស់រថយន្តដឹកដី ដែលបុកចូលក្បួនរថយន្តរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទិ្ធ បណ្តាលឲ្យរបួសធ្ងន់ស្រាល ចំនួន ៦នាក់ នៅ រសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ បានចូល មកបង្ហាញខ្លួននៅចំពោះមុខនគរបាលស្រុកព្រៃឈរ ហើយខណៈដែលអ្នកបើករថយន្តបន្តរត់ គេចខ្លួន និងស្ថិតក្រោមតាមការប្រមាញ់ចាប់ខ្លួនរបស់សមត្ថកិច្ច។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់ថា ម្ចាស់រថយន្តដឹកដីឈ្មោះ លី សុផាត អាយុ ៤៨ឆ្នាំ រស់នៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម នៅរសៀលថ្ងៃទី២៥ ខែមេសានេះ បានចូលមកបង្ហាញខ្លួន ផ្តល់ចម្លើយដល់សមត្ថកិច្ចរបស់លោក និងប្រាប់ពី អត្តសញ្ញាណអ្នកបើករថយន្ត ដែលជាកម្មកររបស់ខ្លួន។

លោកឧត្តមសេនីយ៍បានបញ្ជាក់ថា ក្រោយការសួរនាំម្ចាស់រថយន្តដឹកដីរូបនេះ បានប្រាប់ថា អ្នកបើករថយន្ត ដែលបង្កគ្រោះថ្នាក់ចរាចរនោះ មានឈ្មោះ ឈឿន រ៉ុន រស់នៅភូមិភ្នំ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម អាយុ ២៥ឆ្នាំ ។

អ្នកស៊ីឈ្នួលបើករថយន្តដឹកដីរូបនេះ ទទួលបាន កម្រៃថ្លៃបាយ ២៥០០០រៀល ក្នុង១ថ្ងៃ និងទទួលបាន ប្រាក់ខែ ១៧០ដុល្លារ ក្នុង១ខែ ។ កម្មកររូបនេះបានបើករថយន្តដឹកដីតាំងពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥ ដោយយកទៅចាក់នៅការដ្ឋានទឹកឆា លុះរសៀលថ្ងៃនេះក៏ជួបគ្រោះថ្នាក់ចរាចរតែម្តង ។

ស្នងការខេត្តកំពង់ចាម បានបញ្ជាក់ថា តាមការសន្និដ្ឋានជាជំហានដំបូង គ្រោះថ្នាក់ចរាចរនេះបានកើតឡើង ដោយសារតែអ្នកបើករថយន្តដឹកដី ប្រជែងគេប្រជែងឯង ដែលអ្នកផ្សេងទៀតអែបខាងឲ្យក្បួនទៅ ស្រាប់តែរេចង្កូតបើកបុកចូលក្បួនតែម្តង។

សូមបញ្ជាក់ថា សម្តេចក្រុមព្រះ និងអ្នកម្នាង អ៊ុក ផល្លា ព្រមទាំងមន្រ្តីរបស់ព្រះអង្គ សរុបមានគ្នា ៦នាក់ រងរបួសធ្ងន់ស្រាល ក្រោយពីរថយន្តដឹកដី បើកបុកចូលក្បួន កាលពីវេលាម៉ោង ១២ រសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ ស្ថិតនៅលើផ្លូវជាតិលេខ៧ ភូមិអម្ពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ខណៈដែលព្រះអង្គនិងក្រុមការងារត្រឡប់មកពីជួបសមាជិក សមាជិកា នៅខេត្តកំពង់ចាម ៕

ម្ចាស់រថយន្តដឹកដី

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Cambodia Kompong cham