CamNews

ទូរស័ព្ទ ផលិតផលថ្មី ថេបប្ល៊ែត 

HTC នឹងធ្វើការឧទ្ទេសនាម Tablet chip quad-core នៅ MWC ២០១២

តាមប្រភព Commercial Times របស់ចិនបានអោយដឹងថា HTC នឹងធ្វើការបង្ហាញវត្តមាន
ឧបករណ៍ Tablet ថ្មីមួយមានប្រព័ន្ធប្រតិបត្តិការ Android និងមាន Chip Quad-Core រួមនឹង
ឧបករណ៍ទូរស័ព្ទ Smartphone Android ថ្មីរបស់ខ្លួនចំនួនពីរទៀតនៅក្នុងថ្ងៃនៃព្រឹត្តិការណ៍
មួយឈ្មោះថា MWC ២០១២ ដែលនឹងប្រព្រឹត្តទៅនៅចុងខែកុម្ភៈដើមឆ្នាំក្រោយនេះ ។

HTC ចូលប្រឡូកក្នុងវិស័យទីផ្សារខាងផ្នែកឧបករណ៍ Tablet ហាក់ដូចជាយឺតយ៉ាវបន្តិចជា
មួយនឹងការដាក់បង្ហាញនូវផលិតផលចំនួនពីរគឺ tablet Flyer និង Jetstream ដែលបានធ្វើ
ការឧទ្ទេសនាមជាបន្តបន្ទាប់នារយៈកាលកន្លងទៅនេះ ហើយទិសដៅនេះក៏មិនបាននាំមក
នូវភាពជោគជ័យតាមការរំពឹងទុករបស់ HTC នោះដែរ ។

យោងតាមសេចក្តីរាយការណ៍មួយកាលពីពេលថ្មីៗនេះអោយដឹងថា សមិទ្ធផលថ្មីទាំងបី
របស់ HTC ដែលនឹងត្រូវបង្ហាញខ្លួននាដើមឆ្នាំក្រោយនោះ ដំណើរការដោយ Processor
Quad-core Tegra 3 ដែលទើបតែត្រូវបាន NVIDIA ឧទ្ទេសនាមកាលពីពេលថ្មីៗនេះ ហើយ
ក៏នឹងចាប់ផ្តើមធ្វើយុទ្ធនាការរបស់ខ្លួននៅមុនពេល Microsoft ធ្វើការប្រកាសចេញលក់ជាផ្លូវ
ការនូវប្រព័ន្ធប្រតិបត្តិការ Windows 8 របស់ខ្លួននៅចុងត្រីមាសទី៣ ក្នុងឆ្នាំ ២០១២ ផងដែរ។

គួររំលឹកថា MWC គឺជាព្រឹត្តិការណ៍អន្តរជាតិមួយដែលទទួលបានការយកចិត្តទុកដាក់បំផុត
ពីសំណាក់បណ្តាក្រុមហ៊ុនអេឡិចត្រូនិចទាំងឡាយជាពិសេសខាងផ្នែកផលិតទូរស័ព្ទ មកពី
ជុំវិញពិភពលោក ។ វាគឺជាទីកន្លែងដែលក្រុមហ៊ុនទាំងឡាយធ្វើការដាក់តាំងឧទ្ទេសនាមនូវ
ផលិតផលថ្មី ក៏ដូចជាគំរោងថ្មីៗរបស់ខ្លួនផងដែរជូនទៅដល់បណ្តាអតិថិជនទូទៅ ។

MWC ២០១២ នឹងប្រារព្ធធ្វើឡើងនៅឯ Barcelona ប្រទេសអេស្ប៉ាញ ចាប់ពីថ្ងៃទី ២៧ខែកុម្ភៈ
ឆ្នាំ ២០១២ ៕

ប្រភព៖ Digitimes
ដោយ៖រដ្ឋា

Tags: electronictabletsmartphonetechnologyhtcquad-core