CamNews

ទូរស័ព្ទ 

ស្រ្ដីម្នាក់ប្ដឹងក្រុ​មហ៊ុនសាំសុង រឿងទូរសព្ទសាំសុង Note9 ផ្ទះឆេះអ៊ីវ៉ាន់ក្នុងកាបូបរបស់នាងគ្មានសល់

កាសែត New York Post បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ស្រ្ដីម្នាក់រស់នៅកោះ Long Island បានប្ដឹងក្រុមហ៊ុនសាំសុងទៅតុលាការ ក្រោយពីទូរសព្ទសាំសុង Galaxy Note9 របស់នាងបានផ្ទុះឆេះ នៅក្នុងកាបូបដៃរបស់នាង។

សេចក្ដីរាយការណ៍ខាងលើ បានបើកកកាយឡើងវិញនូវការចងចាំមិនល្អ ចំពោះទូរសព្ទសាំសុង Galaxy Note7  ដែលត្រូវបានក្រុមហ៊ុនប្រកាសប្រមូលយកមកវិញទាំងអាម៉ាស់  ហើយក៏ឈប់ចេញលក់បន្ដទៀតក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ ក្រោយពីទូរសព្ទម៉ូដែលនេះផ្ទុះថ្ម។


យោងតាមការរៀបរាប់ នៅក្នុងពាក្យបណ្ដឹង បានឱ្យដឹងថា អ្នកស្រី Diane Chung  ភ្នាក់ងារអចលនទ្រព្យ នៅកោះ Long Island បានជិះជណ្ដើរយន្ដនៃអាគារ Bayside កាលពីថ្ងៃទី៣ ខែកញ្ញា នៅពេលដែលទូរសព្ទ Galaxy Note9 ថ្មីរបស់នាងឡើងក្ដៅ ក្រោយពីប្រើរួច។ ជាលទ្ធផល នាងបានឈប់ប្រើទូរសព្ទ ហើយបានដាក់វា នៅក្នុងការបូបរបស់នាង។

អ្នកស្រី Chung បាននិយាយថា បន្ទាប់ពីទុកទូរសព្ទក្នុងកាបូប អ្នកស្រី បានលឺសម្លេងឆ្វេច និងច្រេចៗចេញពីកាបូបរបស់អ្នកស្រី  ហើយអ្នកស្រីបានឃើញផ្សែងហុយទ្រលោមចេញពីកាបូបរបស់អ្នកស្រី។


ការសែតមួយបានរាយការណ៍ថា យោងតាមពាក្យបណ្ដឹង ដែលបានដាក់ប្ដឹងទៅតុលាការកំពូល Queens Supreme Court អ្នកស្រី Chung បានព្យាយាមរលាក់របស់របរចេញពីកាបូបទៅលើឥដ្ឋ ប៉ុន្ដែពេលកំពុងរលាក់ចេញ ម្រាមដៃរបស់អ្នកស្រីក៏បានរលាក ខណៈព្យាយាមយកដៃចាប់ទូរសព្ទសាំសុង ដែលកំពុងឆេះ។ នៅពេលទ្វារជណ្ដើរយន្ដបើកភ្លាម អ្នកស្រី Chung បានទាត់កាបូប ដែលកំពុងឆេះចេញពីជណ្ដើរយន្ដ។ តែទោះយ៉ាងណា ទូរសព្ទនោះមិនឈប់ឆេះឡើយ រហូតដល់អ្នកដើរឆ្លងកាត់ម្នាក់ បានយកក្រណាត់ជ្រលក់ទឹកគ្របពីលើទើបរលត់។


អ្នកស្រី Chung បានហៅបទពិសោធន៍នោះ នៅក្នុងពាក្យបណ្ដឹងថា ជា”ការប៉ះទង្គិចផ្លូវចិត្ដ ដោយបានបន្ថែមថា ការឆេះទូរសព្ទនេះ ធ្វើឱ្យអ្នកស្រីមិនអាចទាក់ទងទៅអតិថិជន និងបំផ្លាញរបស់គ្រប់យ៉ាង នៅក្នុងកាបូបរបស់អ្នកស្រី។ អ្នកស្រីទាមទារឱ្យក្រុមហ៊ុនខាងលើ សងជំងឺចិត្ដ និងស្នើឱ្យតុលាការចេញដីការារាំងមិនឱ្យក្រុមហ៊ុនខាងលើចេញលក់ Galaxy Note9 បន្ដទៅទៀត។

ស្ដាប់ទៅគួរអស់សំណើច ដោយសារតែការផ្ទុះនេះ កើតឡើង ១ ខែក្រោយពីលោក DJ Koh ប្រធានផ្នែកអាជីវកម្មទូរសព្ទចល័តរបស់ក្រុមហ៊ុន Samsung បានសន្យាជាមួយអ្នកប្រើប្រាស់ថា “ថ្មដែលបំពាក់នឹង Galaxy Note9 ថ្មីនេះ មានសុវត្ថិភាពជាងម៉ូដែលមុនៗ ហើយវាល្អ និងលើសពីមាត្រដ្ឋាន ដែលឧស្សាហកម្មទូរសព្ទនេះ ធ្លាប់ផលិត”។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Samsung បានប្រាប់សារព័ត៌មាន New York Post ថា៖ “ក្រុមហ៊ុន Samsung តែងយកចិត្ដទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពរបស់អតិថិជន ហើយយើងគាំទ្រគុណភាពប្រើប្រាស់នៃទូរសព្ទប្រភេទ Galaxy រាប់លានគ្រឿង នៅសហរដ្ឋអាមេរិក។ មកដល់នឹងពេលនេះ យើងពុំទាន់ទទួលបានរបាយការណ៍ណាមួយស្ដីពីឧបទ្ទវហេតុស្រដៀងគ្នានេះ ពាក់ព័ន្ធ Galaxy Note 9 នេះទេ ហើយយើងនឹងស៊ើបអង្កេតចំពោះបញ្ហានេះ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ nypost


Tags: Mekongnet